ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សនយោបាយ ចង់ឃើញឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឥទ្ធិពល ឯករាជ្យ និងមានតម្លៃ
25, Aug 2023 , 9:39 pm        
រូបភាព
លោក ពេជ្រ ស្រស់ ប្រធានបក្ស យុវជនកម្ពុជា ​ក្នុងការឃោសនាបក្សនាពេលកន្លងមក (អាវពណ៌ផ្កាឈូក) និង លោក សេង សុខេង ប្រធានបក្សសញ្ញាតិកម្ពុជា ក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នាពេលកន្លងមក។
លោក ពេជ្រ ស្រស់ ប្រធានបក្ស យុវជនកម្ពុជា ​ក្នុងការឃោសនាបក្សនាពេលកន្លងមក (អាវពណ៌ផ្កាឈូក) និង លោក សេង សុខេង ប្រធានបក្សសញ្ញាតិកម្ពុជា ក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នាពេលកន្លងមក។
ភ្នំពេញ៖ បក្សនយោបាយ ដែលគ្មានអាសនៈក្នុងរដ្ឋសភា កំពុងត្រៀមចូលរួម ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីជាចំណែកមួយជួយជ្រោមជ្រែងរដ្ឋាភិបាល រួមទាំងបម្រើពលរដ្ឋ និងសង្គម។ អាណត្តិថ្មីនេះ ប្រធានបក្សនយោបាយមួយចំនួន ចង់ឃើញ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឯករាជ្យ ហើយទទួលបានការគោរពពីមន្ត្រីមូលដ្ឋាន។

 
ដ្បិតមិនទាន់លេចចេញជារូបរាងផ្លូវការមកក្តី តែប្រធានបក្សគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ដែលធ្លាប់ចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាណត្តិមុន ចង់ឃើញអង្គភាពមួយនេះ និងរដ្ឋាភិបាល មានកិច្ចសហប្រតិបត្តិការចាប់ពីដើមទី រហូតដល់ចុងអាណត្តិ ក្នុងស្មារតីចូលរួមជួយប្រជាពលរដ្ឋ។ ប្រធានបក្សរូបនេះ ចង់ឃើញឧត្តមក្រុមប្រឹក្សាពិគ្រោះ យោបល់ មានឱកាសធ្វើសកម្មភាពច្រើន ក្នុងការកែលម្អចំណុចអវិជ្ជមាន ពិសេសលើមន្ត្រីគ្រប់ជាន់ថ្នាក់ដែលអសកម្ម ឬប្រព្រឹត្តខុសឆ្គង។ 
 
«យើងមិនចង់ឱ្យរដ្ឋាភិបាលទាញហេតុផលនយោបាយចូល ក្នុងការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទេ ហើយអ្វីដែលច​ង់បានគឺគិតផលប្រយោជន៍ជាតិជាធំ និងធ្វើការជាមួយគ្នាដោយរលូន»។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក ពេជ្រ ស្រស់ លើកឡើងបែបនេះ ។
 
បើតាមលោក ស្រស់ បក្សយុវជនកម្ពុជាកំពុងរងចាំសេចក្ដីសម្រេចពីរដ្ឋាភិបាល ដើម្បីពិភាក្សាផ្ទៃក្នុង សឹមសម្រេចថាចូលរួមឬមិនចូល ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ 
 
កាលពីថ្ងៃទី២៤ សីហា នាកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង នាអាណត្តិទី៧ ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត បានលើកពីការរៀបចំឱ្យឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីផ្ដល់ឱកាសឱ្យគណបក្សនយោបាយ ដែលបានចូលរួមបោះឆ្នោត ហើយមិនទទួលបានអាសនៈក្នុងរដ្ឋសភា ចូលរួមអង្គភាពនេះ ដើម្បីបំពេញការងាររួមគ្នា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រគល់កិច្ចការងារនេះ ឱ្យឧបនាយករដ្ឋមន្រ្តី២រូប អូន ព័ន្ធមុនីរ័ត្ន និងលោក កើត រិទ្ធ ជួយរៀបចំអង្គភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ។
 
ជាមួយគ្នានេះ ប្រធានបក្សសញ្ជាតិកម្ពុជា លោក សេង សុខេង ដែលធ្លាប់នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែរនោះ ក៏ចង់ឃើញអង្គភាពមួយនេះ មានការកែតម្រូវដែរ។ លោក សេង សុខេង បាននិយាយថា អង្គភាពឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ គឺសម្រាប់ស្រាវជ្រាវពីភាពមិនប្រក្រតីរបស់មន្ត្រី ហើយពាំនាំទុក្ខលំបាករាស្ត្រ និងផ្ដល់យោបល់ទៅរដ្ឋាភិបាល។ ប្រធានបក្សរូបនេះ ក៏ចង់ឃើញការផ្ដល់យោបល់នានា ត្រូវបានត្រួតពិនិត្យ ហើយសម្រេចដោយមិនត្រូវទុកចោលឡើយ។
 
លោកសង្កាត់ធ្ងន់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទបែបនេះ៖ «ខ្ញុំចង់ឱ្យអ្វីដែលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់រកឃើញ ឬលើកឡើង ត្រូវរដ្ឋាភិបាលយកទៅអនុវត្ត ឬពិនិត្យ ធ្វើសកម្មភាពបន្ត មិនមែនបានត្រឹមលើកទៅហើយទុកចោលនោះទេ»។ 
 
ទន្ទឹមនឹងនេះ លោកក៏បានស្នើឱ្យមន្ត្រីថ្នាក់ក្រោមជាតិ មានកិច្ចសហការជាមួយក្រុមការងារ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅពេលចុះទៅធ្វើការ ឬស្រាវជ្រាវតាមមូលដ្ឋាន ដើម្បីងាយប្រមូលធាតុចូលឱ្យបានច្រើន។ ការស្នើបែបនេះ ដោយសារកន្លងមក លោកកត់សម្គាល់ឃើញមន្ត្រីតាមមូលដ្ឋានហាក់ពុំសូវឱ្យតម្លៃ ឬធ្វើការជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលអាណត្តិពីមុនឡើយ។ 
 
ចំណែក បក្សខ្មែររួមរួមជាតិ ពុំមានអ្វីស្នើសុំច្រើនឡើយ ព្រោះរង់ចាំមើលការចាត់ចែង និងសេចក្ដីសម្រេចពាក់ព័ន្ធការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាណត្តិថ្មី ជាមុនសិន។ លោក ទិប ទាវ អ្នកនាំពាក្យបក្សនេះ ប្រាប់សារព័ត៌មានថ្មីៗថា អ្វីដែលបក្សខ្មែររួបរួមជាតិចង់ឃើញ គឺឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាណត្តិថ្មី ធ្វើការទៅដោយរលូន ក្រោមការសម្របស្រួលពីរដ្ឋាភិបាល។ ចំពោះចំណុច អវិជ្ជមានក្នុងអាណត្តិចាស់ លោក ទិប ទាវ អះអាងថា ពុំឃើញមានអ្វីដែលគួរឱ្យកត់សម្គាល់ឡើយ គឺមានភាពល្អប្រសើរច្រើន។ 
 
ការបោះឆ្នោតនីតិកាលទី៦ មានបក្ស២០គណបក្សបានចូលរួម ហើយមាន១៦បក្ស បានចូលក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០១៨។ បក្ស១៦នោះមាន បក្សប្រជាជនកម្ពុជា បក្សហ្វុនស៊ិនប៉ិច បក្សយុវជនកម្ពុជា បក្សខ្មែរតែមួយ បក្សខ្មែររួបរួមជាតិ បក្សពន្លឺថ្មី បក្សឆន្ទៈខ្មែរ បក្សសញ្ជាតិកម្ពុជា បក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បក្សធម្មាធិបតេយ្យគណបក្សរស្មីខេមរា បក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បក្សខ្មែរសាធារណរដ្ឋ បក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បក្សខ្មែរក្រោក និងបក្សនគរប្រជាធិបតេយ្យ។
 
ក្រោយដំណើរការបានជាង១ឆ្នាំ ស្រាប់តែរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេច ហ៊ុន សែន ពេលនោះ បានចេញបម្រាមកំណត់ភារកិច្ច និងបង្រួញសកម្មភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។
 
បម្រាមទាំងនោះ គឺហាមសមាជិក-សមាជិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មិនត្រូវចុះដោះស្រាយរាល់ទំនាស់ ដែលសម្តេចនាយករដ្ឋមន្រ្តី បានដោះស្រាយ និង មានសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី (ស.ជ.ណ) រួចហើយ, មិនត្រូវចុះដោះស្រាយរាល់ទំនាស់ដីធ្លី ដែលកំពុងដំណើរការតាមនីតិវិធីរបស់តុលាការ, និង មិនត្រូវដោះស្រាយរាល់ទំនាស់ដីធ្លី ដែលបានដោះស្រាយដោយតុលាការ និងមានសាលក្រម ឬសាលដីការួចហើយ។
 
ជាមួយគ្នានេះ រដ្ឋាភិបាល ណែនាំលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឲ្យពិនិត្យគោលដៅនិងកម្មវត្ថុ ដែលសមាជិក-សមាជិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បម្រុងចុះទៅដោះស្រាយ ហើយមិនត្រូវចេញលិខិតបេសកកម្មជូនឡើយ បើស្ថិតក្នុងបម្រាមទាំងបីខាងលើ។  លើសពីនេះ រដ្ឋាភិបាល សង្កត់ធ្ងន់ថា សមាជិក-សមាជិកាឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តក់យោបល់ ក៏មិនត្រូវបញ្ជូនសំណុំរឿងវិវាទដីធ្លីរវាងបុគ្គលនិងបុគ្គល ជូនទៅសម្តេចនាយករដ្ឋមន្រ្តី ដោះស្រាយដែរ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com