ជាតិ
ព្រះ​នាង​តូច​ នរោត្តម ចេនណា នឹង​​នាំ​កិត្យានុភាព​សិល្បៈវប្បធម៌​ខ្មែរ ទៅ​បង្ហាញ​នៅ​ហូលីវូដ
05, Sep 2023 , 8:19 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក Jenna Norodom
រូបពីទំព័រហ្វេសប៊ុក Jenna Norodom
ភ្នំពេញ​៖ «ខ្ញុំ​នឹង​ចូល​រួម​ចំណែក​មួយ​ផ្នែក ដោយ​នាំ​កិត្យានុភាព​សិល្បៈវប្បធម៌​ខ្មែរ ទៅ​កាន់​ពិភព​លោក​»។ នេះ​គឺ​ជា​​​ព្រះ​ទ័យ​​របស់​ព្រះ​នាងតូច នរោត្តម ចេនណា ក្នុង​ការ​នាំ​សិល្បៈ​ខ្មែរ​ទៅ​បង្ហាញ​ពិភព​លោក នាឱកាស​ដែ​ល​ព្រះ​នាងនឹង​​ទៅ​សម្ដែង​សិល្បៈ​ សម្រាប់​​ក្រុម​ហ៊ុន​ភា​ព​យន្ត​​អន្តរជាតិ​ Millennium Media​។



ព្រះ​នាង​តូច នរោត្តម ចេនណា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ព្រះ​នាង​ថា ព្រះ​នាង​បាន​ទទួល​ការ​អញ្ជើញ​ជា​ផ្លូវ​ការ ​ពី​ក្រុម​ហ៊ុន​ភា​ព​យន្ត​​អន្តរជាតិ​ Millennium Media សម្រាប់​ដំណើរ​ទស្សនកិច្ច​មួយ ទៅ​ទស្សនា​កន្លែង​ថត​​ភាព​យន្ត​​នៅ​អឺរ៉ុប​​ ក្នុង​នាម​ជា​ភ្ញៀវ​ពិសេស​។
 
ព្រះ​នាង​បន្ថែម​ថា ក្រុម​ហ៊ុន​នឹង​រៀប​ចំ​ការ​ប្រគំតន្ត្រី​ លក្ខណៈ​ឯក​ជន​មួយ​ នៅ​ក្នុង​ស្ទូឌីយូ(Studios) របស់​ពួក​គេ​ ដោយ​​ព្រះ​នាង​​នឹង​ចូល​រួម​សម្ដែង​ ជា​មួយ​តារា​​សម្ដែង​​អន្តរជាតិ​ជា​ច្រើន​ ដូច​ជា​ Ckay (top streamed artist in the world)។ GIMS តារា​ចម្រៀង​បារាំង​​ ដ៏​មាន​​ប្រជា​ប្រិយ​ភាព​។ Neta Barzilai ដែលបាន​ឈ្នះ​កម្ម​វិធី​ Eurovision នា​ពេល​ថ្មី​ៗ​នេះ​ និង​ Michele Morrone តារា​សម្ដែង​សំខាន់​ នៅ​ក្នុង​ខ្សែ​ភាព​យន្ត​​ភាគ​ នៅ​លើ​ Netflix មាន​ចំណង​ជើង​ថា 365 Days​។
 
តាម​រយៈ​ការ​អញ្ជើញ​នេះ ព្រះ​នាង​តូច​​ប្ដេជ្ញា​ថា​ នឹង​នាំ​កិត្តិនាម​​ជាតិ​ខ្មែរ តាម​រយៈ​សិល្បៈ​ ដែល​ព្រះ​នាង​នឹងសម្ដែង ឱ្យ​អន្តរជាតិ​​បាន​ស្គាល់​កាន់​តែ​ច្បាស់​ នូវ​កិត្យា​​នុភាព​ជាតិ​ខ្មែរ វប្បធម៌​ខ្មែរ​ដ៏​ល្អ​ប្រពៃ។
 
ព្រះ​នាង​តូច​ បាន​អរគុណ​ដល់​លោក Gaël ដែល​ជា​ផលិតករ​ និង​​ជាអ្នក​​ដឹក​នាំ​ទទួល​បន្ទុក​​ផ្នែក​អភិវឌ្ឍន៍​ របស់ក្រុម​ហ៊ុន​ ដែល​បាន​អញ្ជើញ​ព្រះ​នាង​ សម្រាប់​កម្ម​វិធី​នោះ​។ 
សារព័ត៌​មាន​ថ្មី​ៗ បាន​ព្យាយាម​ទាក់​ទង​ទៅ​ជំនួយ​ការ​ផ្ទាល់​ របស់​ព្រះ​នាង​តូច នរោត្តម ចេនណា តាម​រយៈ​ តេលេក្រាម​ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម ពី​សិល្បៈ អ្វី​ខ្លះ​ដែល​ព្រះ​នាង​ នឹង​នាំ​ទៅ​សម្ដែង​ ប៉ុន្តែ​ពុំ​​ទាន់​មាន​ការ​ឆ្លើយ​តប​​ឡើយ​។
 
ព្រះ​នាង​តូច​ ចេនណា បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន Millennium Media ដែល​ត្រូវ​ជា​បុត្រ​សម្ព័ន្ធ​របស់​​​ ក្រុម​ហ៊ុន​ខ្សែ​ភាព​យន្ត​ Nu Boyana Film Studios គឺ​ជា​ក្រុម​ហ៊ុន​​ហូលីវូដ​ ដែល​មាន​អាយុកាល​ដ៏​ចំណាស់​ និង​ទទួល​បាន​ការ​​គោរព​។ ក្រុម​ហ៊ុន​នេះ បាន​ផលិត​ភាព​យន្ត​​ប្រមាណ​​ ៤០០​រឿង ដែល​រួម​មាន​ដូច​ជារឿង the iconic titles Rambo, The Expendables, Hellboy, Hitman, Angel Has Fallen, Tesla, Black Dahlia, Loving Pablo, និង​ The Mechanic ជា​ដើម​។
 
សូម​រំលឹក​ថា ព្រះ​នាង​តូច នរោត្តម ចេនណា គឺ​ជា​ខ្សែ​រាជ​វង្ស​មួយ​ព្រះ​អង្គ​ ដែល​មាន​ប្រជា​ប្រិយ​ភាព និង​ការ​គាំ​ទ្រ​​យ៉ាង​ខ្លាំង​ ពី​ប្រជា​រាស្ត្រ​ខ្មែរ​ ដោយ​សារ​​ភាព​រួស​រាយ​រាក់​ទាក់ និង​ភាព​ទន់​ភ្លន់​ មិន​ប្រកាន់​ឋានៈ​របស់​ព្រះ​នាង​។ ក្រៅ​ពី​ព្រះ​កិរិយា​ដ៏គួរ​ឱ្យ​គោរព និង​ជា​គំរូ​នោះ ព្រះ​នាងក៏​​មាន​ទេពកោសល្យ​ខ្ពស់​ ក្នុង​វិស័យ​សិល្បៈ​ ទាំង​សិល្បៈ​របាំ​បុរាណ ចម្រៀង និង​ការ​សម្ដែង​ភាព​យន្ត​ជា​ដើម​៕ 
 

Tag:
 សិល្បៈ​
  វប្បធម៌​
  នរោត្តម ចេនណា
  ហូលីវូដ
© រក្សាសិទ្ធិដោយ thmeythmey.com