ជាតិ
ស្ថានទូតបារាំង នឹងបើកទ្វារឱ្យសាធារណជនចូលទស្សនាដោយសេរី នៅថ្ងៃទី១៦ កញ្ញានេះ
10, Sep 2023 , 8:59 pm        
រូបភាព
ភ្នំពេញ៖ ក្នុងឱកាសនៃទិវា «បេតិកភណ្ឌ» ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារឱ្យសិស្ស-និស្សិត និងសាធារណជនទូទៅ ចូលទស្សនាឧទ្យានស្ថានទូត ដោយសេរី នៅថ្ងៃទី១៦ ខែកញ្ញានេះ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។ ទិវាបេតិកភណ្ឌកាលពីឆ្នាំមុន ស្ថានទូតបារាំងប្រចាំកម្ពុជា ទទួលបានអ្នកចូលទស្សនាជាង ១៤០០នាក់។


 
ឧទ្យានស្ថានទូតបារាំង មានផ្ទៃដី ៤.៧ហិកតា ជាតំបន់បៃតងដ៏ធំជាងគេមួយនៅភ្នំពេញ។ សិស្ស-និស្សិត និងសាធារណជនទូទៅ ក៏អាចចូលទស្សនាឧទ្យានស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី១៦ កញ្ញានេះផងដែរ។ 
 
ឧទ្យានស្ថានទូតបារាំង ពោរពេញដោយជីវៈចម្រុះ ដែលមានដើមឈើប្រមាណ ២០០ដើម ស្មើនឹងជាង៥០ប្រភេទ។ នៅពេលលោកអ្នកចូលទស្សនាឧទ្យានស្ថានទូត នឹងបានឃើញទ្វាររបងចាស់របស់ស្ថានទូត ដែលត្រូវបានពិព៌ណនានៅក្នុងរឿងមួយរបស់លោក François Bizot ស្តីពីការដួលរលំនៃទីក្រុងភ្នំពេញក្នុងឆ្នាំ ១៩៧៥។ នៅពេលចេញទៅវិញ លោកអ្នកក៏អាចទស្សនាការតាំងពិពណ៌រូបថតដែលព្យួរនៅលើរបងស្ថានទូតផងដែរ។
 
ក្នុងឆ្នាំនេះ ទិវា «បេតិកភណ្ឌ» ប្រារព្ធឡើងក្រោមប្រធានបទ «បេតិកភណ្ឌមានជីវិត»។ ក្នុងដំណើរទស្សនារបស់សាធារណជន ស្ថានទូត ក៏នឹងរៀបចំក្រុមមគ្គុទ្ទេសក៍ទៅតាមភាសាបារាំង ចាប់ពីម៉ោង ៩ព្រឹក, ១០ព្រឹក, ២រសៀល, ជាភាសាខ្មែរ ចាប់ពីម៉ោង ៩:៤០ ព្រឹក, ១០:៤០ ព្រឹក, ២:៤០រសៀល និងភាសាអង់គ្លេស ចាប់ពីម៉ោង៩:៤០ព្រឹក, ១០:២០ព្រឹក, ២:២០រសៀល។
 
សូមបញ្ជាក់ថា ការចូលទស្សនា គឺឥតបង់ថ្លៃ និងមិនមានការចុះឈ្មោះជាមុនឡើយ។ ក្រៅពីស្ថានទូតបារាំង ការិយាល័យអង្គការយូណេស្កូ, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សាលារាជធានីភ្នំពេញ និងសាលាបារាំងចុងបូព៌ា (EFEO) ក៏បើកទ្វារឱ្យសាធារណជនចូលទស្សនាផងដែរ៕
 

Tag:
 ស្ថានទូតបារាំង
© រក្សាសិទ្ធិដោយ thmeythmey.com