កីឡាអន្តរជាតិ
អន្តរជាតិ
Flick ក្លាយជាគ្រូអាល្លឺម៉ង់ដំបូងបំផុតក្នុងរយៈពេល៩៧ឆ្នាំ ដែលត្រូវបញ្ចប់តំណែង
11, Sep 2023 , 2:59 pm        
រូបភាព
សាលា ACE ទទួលបានពានរង្វាន់ឆ្នើម២ លើគំនិតផ្តួចផ្តើមកិច្ចការសង្គម
សាលា ACE ទទួលបានពានរង្វាន់ឆ្នើម២ លើគំនិតផ្តួចផ្តើមកិច្ចការសង្គម
លោក Hansi Flick ត្រូវបានបញ្ចប់តំណែងជាគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ក្រោយប្រកួតចាញ់ជប៉ុន ៤-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃទី៩ ខែកញ្ញា។ នេះបើតាមការប្រកាសរបស់សមាគមបាល់ទាត់អាល្លឺម៉ង់ (DFB) ថ្ងៃទី១០ ខែកញ្ញា។



ការបណ្តេញគ្រូបង្វឹកចេញពីតំណែងពីសំណាក់ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ គឺធ្វើឡើងរយៈពេល ៩ខែ​ មុនការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ UEFA Euro 2024 របស់អាល្លឺម៉ង់។ នៅសល់រយៈពេលខ្លីដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួត អាល្លឺម៉ង់ត្រូវកែប្រែបញ្ហាទម្រង់លេង​ឱ្យទាន់ពេលវេលា។
 
លោក Flick បានក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់លើកដំបូងដែលត្រូវបានបណ្តេញចេញពីតំណែង ចាប់តាំងពីតំណែងគ្រូបង្វឹកក្រុមអាល្លឺម៉ង់បង្កើតឡើងតាំងពីឆ្នាំ ១៩២៦ មក ពោលគឺមានរយៈពេល៩៧ឆ្នាំ។
 
នាយកផ្នែកកីឡាករលោក Rudi Voeller ដែលធ្លាប់បានដឹកនាំក្រុមនៅក្នុងឆ្នាំ ២០០២ ពេលដែលដឹកនាំក្រុមឡើងវគ្គផ្តាច់ព្រ័ត្រប្រកួតទល់ក្រុមប្រេស៊ីល នឹងត្រូវចូលកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្ន ហើយអ្នកបន្តតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ពេញលេញនៅពេលក្រោយ។
 
បើតាមសម្តីរបស់ប្រធាន DFB លោក Bernd Neuendorf ការបណ្តេញលោក ​Flick គឺជារឿងជៀសមិនរួច ក្រោយពេលដែលក្រុមជួបការខកចិត្តខ្លាំងអំពីលទ្ធផលបរាជ័យក្រោមថ្វីជើងជប៉ុនក្នុងលទ្ធផលដល់ទៅ ៤-១។
 
«ជាមួយនឹងទស្សនៈឆ្ពោះទៅរកការប្រកួតជើងឯកទ្វីបអឺរ៉ុបនៅក្នុងប្រទេសអាល្លឺម៉ង់របស់យើង យើងត្រូវការស្មារតីសុទិដ្ឋិនិយម និងទំនុកចិត្ត។ ការសម្រេចចិត្តនេះគឺជារឿងដ៏ពិបាកបំផុតសម្រាប់យើង។»។ លោក Neuendorf បាននិយាយក្នុងសេចក្តីថ្លែងការណ៍បែបនេះ។ 
 
ក្រុមជម្រើសជាតិអាល្លឺម៉ង់ត្រូវបានក្រុមជម្រើសជាតិជប៉ុន យកឈ្នះនៅលើទឹកដីខ្លួនក្នុងការប្រកួតមិត្តភាពក្នុងទីក្រុង Wolfsburg។ អាល្លឺម៉ង់រងបរាជ័យ ៤ប្រកួត ពីការប្រកួត ៦លើកចុងក្រោយ ចាប់តាំងពីការធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup 2022 កាលពីខែធ្នូ ឆ្នាំ ២០២២។
 
ការប្រកួតព្រឹត្តិការណ៍ Euro 2024 ដែលប្រទេសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះនឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ ២០២៤។ នៅថ្ងៃទី១២ ខែកញ្ញា អាល្លឺម៉ង់នៅត្រូវប្រកួតមិត្តភាពទល់ក្រុមជើងខ្លាំងបារាំង នៅក្នុងទីក្រុង Dortmund៕
 

Tag:
 អាល្លឺម៉ង់
  Hansi Flick
© រក្សាសិទ្ធិដោយ thmeythmey.com