កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករពី ​Saudi Pro League ម្នាក់រំពឹងថា Salah នឹងផ្លាស់ទៅកាន់ក្លិបអារ៉ាប៊ីសាអូឌីត
11, Sep 2023 , 4:59 pm        
រូបភាព
ក្លិប Al Ittihad ស្ថិតក្នុងក្របខណ្ឌ Saudi Pro League បរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Mohamed Salah មកចូលរួមក្រុម ប៉ុន្តែកីឡាករ Fabio Martins ខ្សែប្រយុទ្ធស្លាបរបស់ក្លិប Al Khaleej បង្ហាញជំនឿយ៉ាងមុតមាំថាខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបនឹងមានវត្តមាននៅទឹកដីប្រទេសអារ៉ាប៊ីសាអូឌីតនៅពេលខាងមុខ។



Al Ittihad ដាក់សំណើរ ១៥០លានផោន(១៩០លានដុល្លារ) សម្រាប់ Salah នៅថ្ងៃបិទទីផ្សារដោះដូរកីឡាកររបស់លីគកំពូលក្នុងប្រទេសអារ៉ាប៊ីសាអូឌីត តែត្រូវ Liverpool ច្រានចោលសំណើរនោះ។ លោក Klopp ធ្លាប់អះអាងថារាល់សំណើរសម្រាប់ Salah នឹងត្រូវបដិសេធទាំងអស់។
 
ទោះបរាជ័យក្នុងការព្យាយាមច្រើនលើកនៅដើមរដូវកាល ២០២៣​-២៤ តែក្លិប Al Ittihad ត្រូវបានគេរំពឹងថា នឹងត្រលប់មកវិញម្តងទៀតក្នុងការដាក់សំណើរនាំយក Salah នៅរយៈពេល ១២ខែខាងមុខទៀត។ ក្លិបជើងឯក Saudi Pro League បាននាំយកកីឡាករដូចជា Karim Benzema, Fabinho, Jota, Luiz Felipe និង N’Golo Kante ទៅចូលរួមក្រុម។
 
Salah គឺជាតារាល្បីមួយរូបសម្រាប់ពិភពបាល់ទាត់នៃពិភពអារ៉ាប់ ហើយខ្សែប្រយុទ្ធក្រុម Al Khaleej បង្ហាញក្តីរំពឹងខ្លួនថាកីឡាករវ័យ ៣១ឆ្នាំ នឹងបង្ហាញខ្លួននៅទឹកដីអារ៉ាប៊ីសាអូឌីតក្នុងពេលឆាប់ៗ។
 
«ប្រសិនបើការផ្ទេរបានកើតឡើង នោះតារាល្បីឈ្មោះបន្ថែមម្នាក់ទៀតនឹងមកដល់ប្រទេសមួយនេះ។ ការប្រកួតទក់នឹង Salah អាចជារឿងដ៏អស្ចារ្យបំផុតមួយ វាមិនកើតឡើងពេលនេះតែខ្ញុំគិតថានៅទីផ្សារដោះដូរបន្ទាប់ក្នុងខែមករា ពួកគេនឹងព្យាយាមនាំយករូបគេមកចូលរួមក្រុម យើងនឹងរង់ចាំមើលរឿងនេះកើតឡើង។ ខ្ញុំសប្បាយចិត្តព្រោះ Salah ជាកីឡាករម្នាក់ដែលខ្ញុំចូលចិត្ត គេស្រដៀងនឹងខ្ញុំ ព្រោះតែសក់របស់គេ និងការលេងបាល់របស់គេ ខ្ញុំចូលចិត្ត Salah ហើយខ្ញុំរំពឹងថាគេនឹងមកអារ៉ាប៊ីសាអូឌីត។»។ Martins កីឡាករក្រុម Al Khaleej បាននិយាយកាសែត Stats Perform នៅក្នុងកិច្ចប្រជុំមួយឈ្មោះថា Thinking Football នាថ្ងៃទី១០ ខែកញ្ញា។
 
កីឡាករដដែលរូបនេះក៏បានសរសើរអំពីឥទ្ធិពលរបស់ Cristiano Ronaldo ដែលបាននាំភាពល្បីល្បាញរបស់ Saudi Pro League ទៅកាន់កីឡាករតំបន់អឺរ៉ុប ក៏ដូចជាឥទ្ធិពលគ្រូបង្វឹក និងកីឡាករល្បីឈ្មោះពីក្លិបធំៗអឺរ៉ុប មកចូលរួម។
 
មិនត្រឹមតែជាកីឡាករឡើយដែលក្លិបអារ៉ាប៊ីសាអូឌីត ដែលព្យាយាមទាក់ទាញយកមកចូលរួមពីតំបន់អឺរ៉ុប ក្នុងនោះក៏មានគ្រូបង្វឹកផងដែរ ដែលផ្លាស់ទៅដឹកនាំក្រុមនៅអារ៉ាប៊ីសាអូឌីត។ គ្រូបង្វឹកដែលបានផ្លាស់ប្តូរមក Saudi Pro league រួមមានលោក​ Steven Gerrard អតីតកីឡាករ Liverpool និងអតីតគ្រូបង្វឹកក្រុម Aston Villa មកដឹកនាំក្រុម Al Ettifaq។ 
 
នាទីផ្សារដោះដូរកីឡាករដើមរដូវកាល ២០២៣-២៤ Saudi Pro League ចាប់ផ្តើមក្លាយជាទីកន្លែងដ៏គួរឱ្យចាប់អារម្មណ៍បំផុតពីសំណាក់កីឡាករតំបន់អឺរ៉ុប ដោយមានកីឡាករប្រមាណជាង ២០រូបបានផ្លាស់ពីក្លិបនៅអឺរ៉ុបទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ កីឡាករល្បីឈ្មោះខ្លាំងដូចជា Neymar Jr, Karim Benzema, N’Golo Kante, Sadio Mane, Riyad Mahrez ជាដើមដែលបានផ្លាស់ទៅ Saudi Pro League៕
 

Tag:
 Saudi Pro League
  Mohamed Salah
© រក្សាសិទ្ធិដោយ thmeythmey.com