កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd អនុញ្ញាត Antony សម្រាក ដើម្បីដោះស្រាយករណីបទចោទរំលោភ
12, Sep 2023 , 9:19 am        
រូបភាព
ក្លិប Manchester United អនុញ្ញាតឱ្យខ្សែបម្រើ Antony ឈប់សម្រាករយៈពេលខ្លី ដើម្បីដោះស្រាយការចោទប្រកាន់ពីបទរំលោភបំពានលើអតីតមិត្តស្រី។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិបស្ថិតក្នុងក្របខណ្ឌ Premier League នៅថ្ងៃទី១០ ខែកញ្ញា។



កីឡាករវ័យ ២៣ឆ្នាំ ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីលសម្រេចចិត្តដករូបគេចេញពីបញ្ជីក្រុម កាលពីថ្ងៃ៤ ខែកញ្ញា បន្ទាប់ពីរងការចោទប្រកាន់ពីបទរំលោភបំពានលើរាងកាយរបស់អតីតមិត្តស្រីកញ្ញា Gabriela Cavallin។ Antony បដិសេធថាមិនបានបង្កកំហុសអ្វីទាំងអស់។
 
ក្លិប Man United បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទទួលស្គាល់​ការចោទប្រកាន់ដែលបានធ្វើឡើងប្រឆាំងនឹង Antony។
 
ក្លិបបិសាចក្រហមបានលើកឡើងដូច្នេះថា ៖ «ក្លិប Manchester United ទទួលស្គាល់ការចោទប្រកាន់ដែលបានធ្វើឡើងប្រឆាំងនឹង Antony។ កីឡាករដែលមិនបានចូលរួមក្នុងការប្រកួតអន្តរជាតិត្រូវត្រលប់មកហ្វឹកហាត់វិញនៅថ្ងៃទី១១ ខែកញ្ញា ទោះយ៉ាងណា គេត្រូវបានយល់ព្រមឱ្យឈប់សម្រាក និងពន្យាពេលការវិលត្រលប់មកវិញរបស់គេរហូតដល់មានការជូនដំណឹងបន្ថែម ដើម្បីដោះស្រាយការចោទប្រកាន់។ ក្នុងនាមជាក្លិបមួយ យើងថ្កោលទោសចំពោះអំពើហិង្សា និងការរំលោភបំពាន។»។ 
 
Antony បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram ដោយបានអះអាងថារូបគេជាជនរងគ្រោះ ហើយការចោទប្រកាន់នោះគឺជារឿងមិនពិត។
 
ការបដិសេធនេះបានកើតឡើងបន្ទាប់ពីសារព័ត៌មានប្រេស៊ីលបានចុះផ្សាយ សារនៅបណ្តាញ WhatsApp របស់ Antony និងកញ្ញា Cavallin ដែលអះអាងថាកីឡាកររូបនេះបានចោទប្រកាន់ថាបានគំរាមកំហែងអតីតមិត្តស្រី។ កញ្ញា Cavallin ក៏ត្រូវបានបង្ហាញនៅក្នុងរូបថតមួយជាមួយនឹងរបួសក្បាលជាក់ស្តែងផងដែរ។
 
អតីតកីឡាករក្រុម Ajax បាននិយាយថាទំនាក់ទំនងរបស់គេជាមួយនឹងកញ្ញា Cavallin គឺមានភាពច្របូកច្របល់ ដោយការរំលោភបំពានពាក្យសំដីទាំងសងខាង។ Antony បដិសេធមិនបានបង្កអំពើហិង្សាលើអតីតមិត្តស្រីផងដែរ។
 
បញ្ហារឿងអាស្រូវរបស់ Antony គឺជារឿងទីពីរនៃការរំលោភបំពានលើរាងកាយ បន្ទាប់ពីក្លិបធ្លាប់មានបញ្ហារឿងអាស្រូវស្រដៀងនេះរួចមកហើយគឺលើកីឡាករ Mason Greenwood វ័យ ២១ឆ្នាំ។ 
 
Greenwood ត្រូវបានក្លិប Man United ព្យួរពីក្រុមកាលពីឆ្នាំ ២០២១ ក្រោយមានរឿងអាស្រូវប៉ុនប៉ង់រំលោភបំពានផ្លូវភេទលើមិត្តស្រី និងបានបង្កអំពើហិង្សា។ កាលពីសប្តាហ៍មុន Greenwood បានផ្លាស់ទៅកាន់ក្លិប Getafe របស់អេស្ប៉ាញក្រោមលក្ខខណ្ឌខ្ចីជើង ដើម្បីវិលចូលក្នុងវិស័យបាល់ទាត់ដើម្បីពង្រឹងសមត្ថភាពឡើងវិញ ក្រោយពេលបទចោទលើរូបគេត្រូវបានទម្លាក់៕
 

Tag:
 Manchester United
  Antony
© រក្សាសិទ្ធិដោយ thmeythmey.com