កីឡាអន្តរជាតិ
អន្តរជាតិ
​Ronaldo មិនបានផ្តល់សណ្ឋាគារខ្លួន ជាទីជម្រកដល់ជនរងគ្រោះរញ្ជួយដីនៅម៉ារ៉ុកទេ
12, Sep 2023 , 2:43 pm        
រូបភាព
សណ្ឋាគារឈ្មោះ Marrakesh ស្ថិតក្នុងប្រទេសម៉ារ៉ុក ដែលមាន Cristiano Ronaldo ជាម្ចាស់ មិនផ្តល់កន្លែងជ្រកកោនដល់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏សាហាវនៅក្នុងប្រទេសម៉ារ៉ុកឡើយ។ នេះបើតាមការផ្សាយរបស់កាសែត Goal ចុះនៅថ្ងៃទី១១ ខែកញ្ញា។



តំបន់ High Atlas ដែលជាតំបន់សម្បូរដោយជួរភ្នំក្នុងប្រទេសម៉ារ៉ុក ត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រកាលពីថ្ងៃទី៨ ខែកញ្ញា។ មនុស្សជាង ២,០០០នាក់ បានបាត់បង់ជីវិតក្នុងគ្រោះធម្មជាតិមួយនេះ និងរាប់ពាន់នាក់ផ្សេងទៀតបានបាត់ខ្លួន និងរងរបួសធ្ងន់ស្រាល។
 
ក្រោយគ្រោះមហន្តរាយនៅក្នុងប្រទេសម៉ារ៉ុក កីឡាករបាល់ទាត់លំដាប់កំពូលៗជាច្រើនបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ក្នុងនោះខ្សែប្រយុទ្ធ Lionel Messi ក៏ស្ថិតក្នុងចំណោមអ្នកដែលបានផ្ញើសាររំលែកទុក្ខផងដែរ។
  


កាលពីពេលថ្មីនេះ មានការលេចឮនូវព័ត៌មានដែលថាខ្សែប្រយុទ្ធ Cristiano Ronaldo បានអនុញ្ញាតឱ្យសណ្ឋាគារខ្លួន Pestana CR7 Marrakesh បើកទ្វារទទួលជនដែលកំពុងតែស្វែងរកជម្រក បន្ទាប់ពីរងគ្រោះរញ្ជួយដីនៅម៉ារ៉ុកនេះ។ តែយ៉ាងណាខាងសណ្ឋាគារបានបញ្ជាក់ថាមិនមានករណីបែបនេះឡើយ។
 
អ្នកនាំពាក្យសណ្ឋាគារបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា ៖ « ព័ត៌មានដែលបានផ្សព្វផ្សាយជាព័ត៌មានមិនពិត។អតិថិជនទាំងអស់ដែលពួកយើងមាននៅពេលនេះ បានកក់ទុកជាធម្មតា។»។ 
 
តំបន់ទីក្រុងបុរាណ Marrakesh ដែលជាតំបន់បេតិកភណ្ឌពិភពលោកមួយរបស់អង្គការយូណេស្កូ បានរងការវាយប្រហារយ៉ាងខ្លាំងដោយការរញ្ជួយដី។ អគារ និងជញ្ជាំងជាច្រើនបានដួលរលំ ខណៈដែលផ្លូវមានសភាពតូចចង្អៀត បង្កផលវិបាកក្នុងការដឹកនាំអ្នករងរបួសទៅកាន់មន្ទីរពេទ្យឱ្យទាន់ពេលវេលា ព្រមទាំងពិបាកក្នុងការដឹកជញ្ជូនទៅកាន់ទីតាំងមានសុវត្ថិភាព និងការរុករកជាដើម។
 
ទីលានសួនច្បារក្នុងទីក្រុងត្រូវបានបំប្លែងទៅជាជម្រកសង្គ្រោះបន្ទាន់ បណ្តោះអាសន្ន ខណៈក៏មានការផ្គង់អាហារ ទឹក និងគ្រែសម្រាប់ស្នាក់ផងដែរ។ ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក កំពុងប្រឹងប្រែងជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដោយកីឡាករបានបិរច្ចាគឈាមដើម្បីឧបត្ថម្ភជនរងគ្រោះ នឹងការជួយជាប្រាក់ឧបត្ថម្ភថែមទៀត៕
 

Tag:
 Cristiano Ronaldo
  គ្រោះរញ្ជួយដី
© រក្សាសិទ្ធិដោយ thmeythmey.com