អន្តរជាតិ
តៃវ៉ាន់ថា ចិនពង្រឹងកម្លាំងប្រយុទ្ធអាកាសតាមបណ្តោយឆ្នេរដែលទល់មុខនឹងដែនកោះខ្លួន
×
ក្រសួងការពារជាតិតៃវ៉ាន់ប្រកាសនៅថ្ងៃទី១២ ខែកញ្ញានៅក្នុងរបាយការណ៍ពីរឆ្នាំរបស់ខ្លួនថា ចិនកំពុងពង្រឹងកម្លាំងប្រយុទ្ធអាកាសរបស់ខ្លួននៅតាមឆ្នេរសមុទ្រដែលទល់មុខនឹងកោះតៃវ៉ាន់តាមរយៈការដាក់ពង្រាយជាអចិន្ត្រៃយ៍យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើកនៅមូលដ្ឋានអាកាសនានា។
ជាមួយគោលដៅសម្ញែងកម្លាំងផង និងគំរាមផង យោធាចិនតែងធ្វើប្រតិបត្តិការជុំវិញកោះតៃវ៉ាន់មិនលស់ពេល។ កាលពីខែមេសា ចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅជិតកោះតៃវ៉ាន់ម្ដងរួចមកហើយ ដើម្បីឆ្លើយតបទៅការគប់គិតគ្នារវាងតៃវ៉ាន់ និងអាម៉េរិក។ មិនតែប៉ុណ្ណោះ ចិនក៏ពង្រឹងសមត្ថភាពយោធានៅតាមបណ្ដោយឆ្នេររបស់ខ្លួនទល់មុខតៃវ៉ាន់ទៀតផង។
«ចិនបានប្រើប្រាស់ការហ្វឹកហ្វឺនប្រយុទ្ធ និងលំហាត់ជាក់ស្តែង ដើម្បីពង្រឹងការត្រៀមប្រឆាំងនឹងតៃវ៉ាន់»។ ក្រសួងការពារជាតិតៃវ៉ាន់ប្រកាសបែបនេះនៅក្នុងរបាយការណ៍ចេញថ្ងៃទី១២ ខែកញ្ញា។
បើតាមក្រសួងការពារជាតិតៃវ៉ាន់ ចិនកំពុងពង្រីកព្រលានយន្តហោះសម្រាប់មូលដ្ឋានយោធាឱ្យកាន់តែធំនៅតាមឆ្នេរសមុទ្រនៃបញ្ជាការភូមិភាគខាងកើត និងភាគខាងត្បូង រួមទាំងពង្រាយយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើកថ្មីឱ្យឈរជើងនៅទីនោះជាអចិន្ត្រៃយ៍ផងដែរ។
ប្រឈមមុខកម្លាំងដ៏ខ្លាំងរបស់ចិន តៃវ៉ាន់ដែលមានផ្ទៃដីតូចស្រាប់ផង អនុវត្តយុទ្ធសាស្ត្រការពារដែលមិនស៊ីមេទ្រីជាមួយចិនតាមរយៈការធ្វើឱ្យប្រសើរឡើងសមត្ថភាពប្រយុទ្ធរបស់ខ្លួន និងសមត្ថភាពវាយលុកទុកជាមុនដោយប្រើអាវុធដែលមានសមត្ថភាពបាញ់ចំគោលដៅ ៕
© រក្សាសិទ្ធិដោយ thmeythmey.com