ជាតិ
អង្គការមួយ បង្កើតគម្រោងកសិកម្មឆ្លាតវៃតាមសាលាជនបទ ដើម្បីផ្ដល់ជំនាញនិងចំណូលដល់សិស្ស
17, Sep 2023 , 10:09 am        
រូបភាព
ភ្នំពេញ៖ អង្គការសម្ព័ន្ធ ចក្ខុវិស័យ សង្គម សេដ្ឋកិច្ច (SEVA) បានបង្កើតគម្រោងកសិកម្មឆ្លាតវៃនៅតាមសាលាចំនួនពីរ ក្នុងខេត្តបន្ទាយមានជ័យ។​ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់ជំនាញកសិកម្មប្រកបដោយភាពឆ្នៃប្រឌិតដល់សិស្ស និងពលរដ្ឋគ្មានការងារធ្វើ ដើម្បីឱ្យពួកគេចាប់យកជំនាញនេះ ជាមុខរបរពិតប្រាកដ ក្នុងការបង្កើតប្រាក់ចំណូលដោយខ្លួនឯង។





ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កញ្ញា អានញ៉ា មីនកុ​​​ (Anya Minko) ប្រធានគម្រោងកសិកម្មវៃឆ្លាតរបស់ SEVA បានលើកឡើងថា ប្រទេសកម្ពុជាមានសាលារដ្ឋប្រមាណ១៣ ០០០កន្លែង ដែល​ភាគច្រើន​ស្ថិត​នៅ ​តំបន់​ជនបទ។ សាលាទាំងនោះ មានដីធំទូលាយ ប៉ុន្តែគួរឱ្យស្ដាយដែលគ្មានការគាំទ្រ និងគ្រូបណ្ដុះបណ្ដាលជំនាញកសិកម្មដល់សិស្ស និងសហគមន៍ ដែលកំពុងត្រូវការការងារ និងចំណូលបន្ថែម។  
 
ដោយឃើញពីភាពខ្វះខាតនេះ SEVA បានសហការជាមួយ អង្គការសមាគមអភិវឌ្ឍន៍ប្រជាជន និងសហគមន៍ (PDA) របស់ថៃ និងក្រុមហ៊ុន Prime Road បង្កើតគម្រោងកសិកម្មឆ្លាតវៃមួយ ក្នុងបឋមសិក្សាសន្តិភាព និងសាមគ្គីមានជ័យ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ កម្មវិធីនេះ ទទួលបានការគាំទ្រយ៉ាងច្រើនដូចជា ពូជ, ឧបករណ៍, ទីផ្សារ, ការបណ្ដុះបណ្ដាលជំនាញដាំដុះ ជាមួយបច្ចេកទេសទំនើប និងវៃឆ្លាត ព្រមទាំង ផ្ដល់ថវិការគាំទ្រដល់សាលា និងពលរដ្ឋ ផងដែរ។ 


 
ជំនាញកសិកម្ម គឺជាបំណិតជីវិតដ៏សំខាន់មួយរបស់កុមារក្នុងវ័យសិក្សា។ តាមរយៈជំនាញនេះ បានជួយឱ្យពួកគេរីករាយក្នុងសកម្មភាពសិក្សា, ពង្រីកគំនិត និងចំណេះដឹងកាន់តែធំ, ចេះធ្វើការងារជាក្រុម ជាពិសេស បានចំណូលបន្ថែម។ ក្រៅពីសិស្សសាលា SEVA ក៏បានយកចិត្តទុកដាក់ដល់មនុស្សចាស់ គ្មានការងារធ្វើផងដែរ។ ពួកគាត់អាចមកទទួលការបណ្ដុះបណ្ដាលជំនាញកសិកម្មឆ្លាតវៃនេះ ដោយឥតគិតថ្លៃ។ 
 
កញ្ញា អានញ៉ា ប្រាប់ដូច្នេះថា៖« ខ្ញុំគិតថា ការរៀនជំនាញកសិកម្មនេះសំខាន់ ព្រោះថា កូនសិស្សតាមខេត្ត នៅពេលរៀនចប់មហាវិទ្យាល័យហើយ ពួកគាត់ពិបាករកការងារធ្វើនៅទីក្រុងណាស់។ ប៉ុន្តែ ប្រសិនបើគាត់មានជំនាញនេះហើយ ពួកគាត់អាចយកវាធ្វើជាមុខរបរគោលបាន។ មួយវិញ យើងមិនត្រូវភ្លេចមនុស្សចាស់ទេ ព្រោះពួកគាត់ភាគច្រើន អត់មានការងារធ្វើ ដូច្នេះ បើបង្កើតជំនាញកសិកម្ម ក្នុងសាលាបែបនេះ ពួកគាត់អាចមករៀនបាន ហើយប្រើជំនាញហ្នឹង ទៅរកលុយបាន»។ 
  


បន្ទាប់ពីអនុវត្តគម្រោងបាន៦ខែ កញ្ញា អានញ៉ា សង្កេតឃើញថា សិស្សានុសិស្សនៅបន្ទាយមានជ័យ ពិតជាចូលចិត្តជំនាញកសិកម្មខ្លាំង ព្រោះថា ក្រោយពីរៀនក្នុងថ្នាក់ ពួកគេអាចជួបជុំគ្នាដាំបន្លែ បណ្ដុះផ្សិត យ៉ាងសប្បាយរីករាយ។ ពីរឆ្នាំទៀតគម្រោងកសិកម្មនេះ នឹងត្រូវបញ្ចប់ ខណៈ អានញ៉ា ចង់ឱ្យគ្រូបង្រៀន សិស្ស និងពលរដ្ឋ បន្តការងារកសិកម្មនេះ​ ប្រកបដោយប្រសិទ្ធភាព និងចែករំលែកជំនាញ ដែលខ្លួនមានទៅកាន់អ្នកដ៏ទៃទៀត។ 
 
​ប្រធានគម្រោងរូបនេះ សង្ឃឹមថា ការកំណែទម្រង់ប្រព័ន្ធអប់រំ និងការអភិវឌ្ឍន៍កសិកម្មនៅក្នុងសាលារៀន នឹងត្រូវបានអនុម័តទូទាំងប្រទេសកម្ពុជា សម្រាប់សាលារៀននៅតាមជនបទទាំងអស់ ដែលវានឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ។ បន្ថែមពីលើនេះ រូបគេចង់ឱ្យក្រុមហ៊ុន ឬអង្គការ ដៃគូរផ្សេងៗទៀត ផ្ដល់ការគាំទ្រដល់សាលារដ្ឋ ក្នុងការបង្កើតកម្មវិធីកសិកម្មឱ្យបានទូទាំងប្រទេស ផងដែរ។ 



កញ្ញា អានញ៉ា បន្ថែមដូច្នេះថា៖«ខ្ញុំគិតថា​សាលារដ្ឋនៅកម្ពុជា​ ខ្វះខាតខ្លាំងមែនទែន ព្រោះសាលានីមួយៗ មានដីច្រើនណាស់ ប៉ុន្តែ ត្រូវបានគេទុកចោល។ ដូច្នេះ បើសល់ដីច្រើន យើងគួរតែបង្កើតកម្មវិធីកសិកម្ម និងសុំការគាំទ្រពីក្រុមហ៊ុនផ្សេងៗឱ្យគេជួយ ដើម្បីផ្ដល់ជំនាញ និងចំណូល បន្ថែមដល់សិស្ស ព្រមទាំងសហគមន៍ ផងដែរ»។ 
 
គម្រោងកសិកម្មតាមសាលាជនបទ ត្រូវបានអនុវត្តជោគជ័យរួចមកហើយនៅប្រទេសថៃ ក្នុងនោះមានសាលា២៤០កន្លែងកំពុងអនុវត្ត។ ដោយឡែក នៅកម្ពុជា ទើបតែពីរសាលាប៉ុណ្ណោះ ក្រោមគម្រោងរបស់ SEVA៕ 
 

Tag:
 កសិកម្ម
  SEVA
  កសិកម្មវ័យឆ្លាត
  បំណិនជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com