សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាម៉េរិក-វៀតណាម៖ ពីសត្រូវកា្លយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ
12, Sep 2023 , 8:59 pm        
រូបភាព
នាល្ងាចថ្ងៃទី ១១ ខែកញ្ញា ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាបក្សលោក ង្វៀន ហ៊្វូ ជុង ។ លទ្ធផលគួរឲ្យកត់សម្គាល់បំផុតនៃដំណើរទស្សនកិច្ចលើកនេះ របស់ប្រមុខសេតវិមាន គឺភាគីទាំងពីរបានសម្រេចចិត្តលើកកំពស់ទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាម៉េរិកទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

 

១. តើអ្វីដែលឈានទៅដល់ការលើកកម្ពស់ទំនាក់ទំនងទៅរវាងអាម៉េរិក និងវៀតណាមក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ?
 
ប្រទេសទាំងពីរបានចំណាយពេល ១០ ឆ្នាំក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ហើយឥឡូវនេះគឺជាពេលវេលាដើម្បីធ្វើឱ្យប្រសើរឡើងមួយកម្រិតទៀតហើយ គឺភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ពេលវេលាបច្ចុប្បន្ន គឺពិតជាពេលវេលាដ៏គួរឱ្យចង់បានបំផុតសម្រាប់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរដើម្បីលើកកំពស់ទំនាក់ទំនងវៀតណាម-អាម៉េរិកឡើងដល់កម្រិតថ្មីមួយ។
 
នៅពេលនេះ វៀតណាមបានអភិវឌ្ឍយ៉ាងខ្លាំងទាំងសេដ្ឋកិច្ច នយោបាយ សង្គម ក៏ដូចជាតួនាទី និងកេរ្តិ៍ឈ្មោះរបស់ខ្លួនកំពុងរីកចម្រើនឥតឈប់ឈរនៅលើឆាកអន្តរជាតិ។ ការនេះត្រូវបានលើកឡើងជាច្រើនដងដោយអគ្គលេខាបក្សកម្មុយនីស្តវៀតណាម ង្វៀន ហ្វ៊ូ ជុង  និងត្រូវបានទទួលស្គាល់ដោយពិភពលោកទាំងមូលផងដែរ។
 
ទន្ទឹមនឹងនេះ វៀតណាមស្ថិតនៅទីតាំងភូមិសាស្រ្តមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកជារួម ដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែលពិបាកនឹងទាយទុកជាមុន។ ដូច្នេះ កិច្ចសហប្រតិបត្តិការទូលំទូលាយមួយនេះ និងការរួមចំណែកក្នុងន័យស្ថាបនាពីគ្រប់ប្រទេសនានាជុំវិញពិភពលោកគឺត្រូវការជាចាំបាច់។
 
២. ក្នុងបរិបទបច្ចុប្បន្ន ទំនាក់រវាងអាម៉េរិកនិងប្រទេសជាដៃគូតែងតែមើលទៅលើបញ្ហាសិទ្ធមនុស្ស ប្រជាធិបតេយ្យជាដើម ។តើការលើកកម្ពស់ទំនាក់ទំនងជាមួយវៀតណា ដែលជាប្រទេសកម្មុយនីស្តវិញមានន័យដូចម្តេច?
 
ដូចអ្វីដែលប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បាននិយាយនាថ្ងៃទី ១០ ខែកញ្ញាថា ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងវៀតណាម និងអាម៉េរិកគឺមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ សន្តិភាពរវាងប្រជាជនទាំងពីរនិយាយដោយឡែក និងស្ថេរភាពពិភពលោកនិយាយជារួម។
 
ការពង្រឹងទំនាក់ទំនងនេះ ត្រូវមើលឃើញថាជាការរៀបចំដើម្បីប្រឈមមុខចិនផងដែរ ប៉ុន្តែលោក បៃឌិន បានអះអាងថា រឿងអាម៉េរិកមិនឡោមព័ទ្ធចិនឡើយ ខណៈដែលមហាអំណាចទាំងពីរប្រឈមមុខនឹងការបែកបាក់កាន់តែខ្លាំងលើផ្នែកពាណិជ្ជកម្ម សន្តិសុខ និងសិទ្ធិមនុស្ស។
 
សម្រាប់វៀតណាម បើនិយាយទាក់ទងនឹងសេដ្ឋកិច្ច ទំនាក់ទំនងថ្មីនេះនឹងជួយជំរុញលំហូរវិនិយោគពីអាម៉េរិកចូលវៀតណាម។ វាអាចត្រូវបានគេមើលឃើញថាជាការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងអាម៉េរិក និងវៀតណាម។ នៅពេលដែលអាម៉េរិកបានបង្កើនការវិនិយោគនៅវៀតណាម វានឹងនាំឱ្យមានលំហូរនៃមូលធន និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពីអាជីវកម្មលោកខាងលិចជាច្រើនចូលទៅក្នុងប្រទេសវៀតណាម។
 
ជាមួយនឹងទំនាក់ទំនងថ្មីនេះ ពិតណាស់ វៀតណាមនឹងអាចទទួលបានភាពជឿនលឿនខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបបំផុតរបស់អាមេរិក និងលោកខាងលិច។ ទន្ទឹមនេះ ចំពោះវិស័យសេដ្ឋកិច្ច វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៧ របស់អាម៉េរិកដែលមានទំហំពាណិជ្ជកម្មប្រមាណ ១៣០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ហើយនៅពេលអនាគតដ៏ខ្លីខាងមុខចំនួននោះប្រាកដណាស់នឹងកាន់តែខ្ពស់វានឹងបើកចំហរ ដែលអនុញ្ញាតឱ្យផលិតផលវៀតណាមជាច្រើនទៀតចូលក្នុងទីផ្សារអាមេរិក។
 
ពាក់ព័ន្ធវិស័យនយោបាយ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បង្កើតទំនុកចិត្តជាយុទ្ធសាស្ត្ររវាងអាម៉េរិក និងវៀតណាម។ ​ចំពោះ​ការ​អះអាង​របស់​អាម៉េរិក ​ថា​នឹង​គោរព​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​វៀតណាម ដែលនេះជារឿងជា​បញ្ហា​សំខាន់​បំផុត​សម្រាប់​វៀតណាម។
 
ទាក់ទងនឹងវិស័យសន្តិសុខ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ជាមធ្យោបាយមួយដើម្បីឲ្យរក្សាឯករាជ្យជាតិ និងអធិបតេយ្យភាពជាតិ ក្នុងបរិបទនៃការផ្លាស់ប្តូរជាច្រើនក្នុងពិភពលោក និងតំបន់ដែលយើងពិបាកទស្សន៍ទាយបានថា តើពិភពលោកនឹងទៅជាយ៉ាងណា។
 
៣. តើអ្វីជាភាពខុសគ្នាជាមូលដ្ឋានរវាងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ?
 
យើងដឹងហើយថា ក្នុងទំនាក់ទំនងការទូតរវាងប្រទេសជាមួយគ្នា ឬរវាងប្រទេស និងអង្គការនានា ឬរវាងស្ថាប័នមានច្រើនកម្រិតផ្សេងៗគ្នា ។ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ (Comprehensive partnership) គឺជាកម្រិតទំនាក់ទំនងធម្មតារវាងអង្គភាពពីរ រវាងប្រទេស និងប្រទេស រវាងអង្គការ និងអង្គការ ឬរវាងប្រទេសមួយ និងអង្គការមួយ ប៉ុន្តែស្ថិតនៅកម្រិតខ្ពស់ជាងទំនាក់ទំនងការទូតធម្មតា។ 
 
ចំណែកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (Comprehensive Strategic Partnership) គឺជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឬរវាងអង្គការពីរ ឬរវាងប្រទេសមួយ និងអង្គការមួយ។ គេនិយមហៅថា «ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាពេលដែលភាគីទាំងពីរបានកំណត់យ៉ាងច្បាស់ថាពួកគេនឹងប្រកាន់ខ្ជាប់នូវផលប្រយោជន៍យូរអង្វែងជាមួយគ្នា គាំទ្រគ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងគ្រប់ជ្រុងជ្រោយដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមកលើគ្រប់វិស័យ។ 
 
ជារួមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺនិយាយអំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការសម្រេចបាននូវទំនុកចិត្តជាយុទ្ធសាស្ត្រចំពោះគ្នាទៅវិញទៅមក។ ទំនុកចិត្តគឺសំខាន់មួយផ្នែក ប៉ុន្តែការជឿទុកចិត្តបែបយុទ្ធសាស្ត្រគឺសំខាន់ជាង ដែលមានកម្រិតខ្ពស់ជាងច្រើន។ ដូច្នេះ ភាគីទាំងពីរត្រូវចែករំលែកផលប្រយោជន៍យុទ្ធសាស្ត្រ និងព័ត៌មានយុទ្ធសាស្ត្រជាមួយគ្នា។ ត្រង់នេះ គេអាចយល់បានថា វាមិនមែនជាអត្ថប្រយោជន៍ធម្មតាទេ ប៉ុន្តែជាអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ សូម្បីតែព័ត៌មានជាយុទ្ធសាស្ត្រដែលមនុស្សមានឆន្ទៈចែករំលែកជាមួយគ្នា ក៏មានកម្រិតនៃការជឿទុកចិត្តត្រូវតែខ្ពស់ផងដែរ ។ នោះគឺជាការជឿទុកចិត្តនៅកម្រិតយុទ្ធសាស្ត្រ មិនមែនគ្រាន់តែជឿទុកចិត្តលើវិស័យនេះជាមួយនឹងវិស័យនោះទេ ។ តាមពិតទៅ មិនមែនគ្រប់ប្រទេសទាំងអស់សុទ្ធតែអាចកសាង និងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នាបាននោះទេ ដើម្បីឈានដល់ទំនាក់ទំនងគឺត្រូវការឆ្លងកាត់ដំណាក់កាលច្រើន និងប្រើពេលសិក្សាជាច្រើនឆ្នាំ។ 
 
បច្ចុប្បន្នវៀតណាមមានដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចំនួន ៦ ក្នុងនោះមាន ៖ ចិន (២០០៨) រុស្ស៊ី (២០១២) ជប៉ុន (២០១៤) ឥណ្ឌា (២០១៦) កូរ៉េខាងត្បូង (២០២២) និងចុងក្រោយបំផុតជាមួយអាមេរិក (២០២៣) ដែលសុទ្ធតែប្រទេសមហាអំណាចធំៗ។ 
 
៤. ក្នុងជំនួបពិភាក្សានារសៀលថ្ងៃទី១០ ខែកញ្ញា ភាគីទាំងពីរបានឯកភាពលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ តើ​ពាក្យ «​ដើម្បី​សន្តិភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​» មានន័យ​ដូចម្តេច​?
 
មិនមែនគ្រប់ប្រទេសទាំងអស់ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយច្រើនជាមួយប្រទេសដទៃនោះទេ។ ខុសពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលប្រទេសនានាបានចុះហត្ថលេខាជាមួយគ្នានោះ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលវៀតណាមទើបតែបានចុះហត្ថលេខាជាមួយអាម៉េរិកនេះ រួមបញ្ចូលពាក្យមួយឃ្លាគឺ «ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
 
នេះ​ជា​ឃ្លាមួយដែលសំខាន់ ដែល​គឺជា​គោលដៅ​ដែល​ប្រទេស​ទាំងពីរ​នឹង​ខិតខំ​ពេញ​មួយ​ដំណើរការ​នៃ​ការអនុវត្ត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។ អាមេរិកខិតខំជួយវៀតណាមឱ្យមានសន្តិភាពយូរអង្វែង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បើវៀតណាមរីកចម្រើន អាមេរិកក៏ទទួលបានផលប្រយោជន៍ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​អាមេរិក ចូ បៃដិន វាគឺជាគោលដៅជាក់លាក់ ពិតប្រាកដ និងអាចធ្វើទៅបាន។
 
៥. តើ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​ខាង​មុខនឹងទៅជាយ៉ាងណា?
 
បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយនេះ  យើងនឹងឃើញពីដំណាក់កាលនៃការអភិវឌ្ឍន៍ដោយគ្មានឧបសគ្គ ឬមានឧបសគ្គតិចតួចបំផុតក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ហើយជាការពិតណាស់ ទំនាក់ទំនងនោះនឹងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលលើសពីអ្វីដែលមនុស្សជាច្រើនបានគិត។
 
ទីមួយ បើនិយាយពីសេដ្ឋកិច្ច លំហូរនៃមូលធន និងបច្ចេកវិជ្ជារបស់អាមេរិក និងលោកខាងលិចនឹងហូរចូលប្រទេសវៀតណាម មិនមែនមានន័យថាវានឹងធំនោះទេ ប៉ុន្តែប្រាកដប្រជាណាស់នឹងខ្លាំងជាងមុន។ នៅពេលនោះ អាមេរិកនឹងមិនមែនជាអ្នកវិនិយោគនៅលំដាប់លេខ១១ ដូចសព្វថ្ងៃនេះនៅក្នុងទីផ្សារវៀតណាមនោះទេ។ នៅពេលនោះ ប្រទេសមួយចំនួននៅក្នុងលំដាប់ខ្ពស់ទាំង១០ នឹងត្រូវរៀបចំកន្លែងមួយសម្រាប់អាមេរិក។ ភស្ដុតាង​គឺ​ថា អ្នក​វិនិយោគ​អាមេរិក​ជា​បន្តបន្ទាប់​បាន​អមដំណើរ​លោក បៃដិន ទៅ​វៀតណាម​លើក​នេះ។ នៅពេលនោះលំហូរមូលធន ជាមួយនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបែបនេះបានហូរចូលប្រទេសវៀតណាម យើងជឿជាក់ថា វៀតណាមនឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់អាម៉េរិក និងពិភពលោក។
 
ទីពីរ ទាក់ទងនឹងការជឿទុកចិត្ត ពិតណាស់នៅពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពួកគេបានទទួលនូវទំនុកចិត្តយ៉ាងខ្លាំងចំពោះគ្នាទៅវិញទៅមក។ ទំនុកចិត្តរបស់ប្រទេសទាំងពីរលើគ្នាទៅវិញទៅមកមានកម្រិតខ្ពស់ជាងអំឡុងពេលចាប់តាំងពីការធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញក្នុងឆ្នាំ ១៩៩៥ រហូតមកដល់បច្ចុប្បន្ន ជាពិសេសចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។
 
ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងអាមេរិក និងវៀតណាមនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងវៀតណាម និងជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តំបន់អាស៊ីប៉ាស៊ីហ្វិក និងកាន់តែទូលំទូលាយទៅកាន់ប្រទេស និងអង្គការជាច្រើនទៀត។ នៅពេលដែលអាមេរិកបានចាប់ដៃក្នុងកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយវៀតណាម ពិតណាស់ក្រុមហ៊ុនជាច្រើនទៀត អ្នកវិនិយោគជាច្រើន និងប្រទេសផ្សេងទៀតនឹងសម្លឹងមើលប្រទេសវៀតណាមដោយការយល់ឃើញផ្សេងគ្នា ដោយជឿថា វៀតណាមគឺជាកន្លែងដ៏មានតម្លៃសម្រាប់ការវិនិយោគដេលនឹងទទួលបានផលចំណេញច្រើន។ 
 
៦. ភាគីអាមេរិកជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក បៃដិន ទៅកាន់វៀតណាម គឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ។ តើ​ប្រវត្តិ​សាស្ត្រដែល​បង្ហាញ​នៅ​ទី​នេះ​មានន័យយ៉ាង​ម៉េច​ដែរ?
 
មិនត្រឹមតែសារព័ត៌មានអាមេរិកប៉ុណ្ណោះទេ សារព័ត៌មានពិភពលោកក៏បានវាយតម្លៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន ទៅកាន់ប្រទេសវៀតណាមថាជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រក្រោមហេតុផលមួយចំនួនដូចខាងក្រោម៖
 
ទីមួយ អស់រយៈពេលជិត ៣០ឆ្នាំមកនេះ ចាប់តាំងពីប្រទេសទាំងពីរធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញឆ្នាំ ១៩៩៥ ប្រធានាធិបតីអាម៉េរិកទាំងអស់សុទ្ធតែបានមកប្រទេសវៀតណាម។ នេះ​ជា​ចំណុច​កម្រ​មួយ​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​ប្រទេស​ណា​មួយដែល​មិន​មែន​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។
 
ទីពីរ ដំណើរទស្សនកិច្ចរបស់លោក បៃដិន គឺជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋលើកដំបូងរបស់ប្រធានាធិបតីក្នុងអំណាចរបស់អាម៉េរិក តាមការអញ្ជើញរបស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាមដែលមិនធ្លាប់មានពីមុនមក។ យើងទាំងអស់គ្នាដឹងហើយថា ស្ថាប័ននយោបាយនៃប្រទេសទាំងពីរមានភាពខុសប្លែកគ្នាទាំងស្រុង ដូច្នេះហើយអគ្គលេខាបក្សកម្មុយនីស្តដែលអញ្ជើញលោកប្រធានាធិបតីមកទស្សនកិច្ចគឺពិតជាពិសេសណាស់។ ប្រសិន​បើ​យើង​យក​ចិត្ត​ទុក​ដាក់មើល​ទៅ​លើ​ទិដ្ឋភាព​មនោគមវិជ្ជា​នេះ​ គឺ​​ពិសេស​ខ្លាំង​ណាស់ដែលគេចាត់ថាជា​ប្រវត្តិ​សា​ស្រ្ត​។ 
 
ទីបី ក្នុង​អាណត្តិ​លោក បៃដិន នេះ ទាំង​អនុ​ប្រធានាធិបតី និង​លោក​ប្រធានាធិបតី​សុទ្ធតែមក​វៀតណាម ។
 
ទីបួន ដំណើរ​ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​គម្រប់​ខួប​១០​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ដៃគូ​គ្រប់​ជ្រុង​ជ្រោយ។ ហើយនៅក្នុងដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានប្រកាសពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។
 
ទីប្រាំ ដំណើរទស្សនៈកិច្ចនេះគឺដូចជាការប្តេជ្ញាចិត្តរបស់អាមេរិកដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិកខ្លួនឯងថា អាមេរិកគោរពយ៉ាងហ្មត់ចត់នូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងស្ថាប័ននយោបាយនៅវៀតណាម និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់វៀតណាម។ នោះក៏បង្ហាញផងដែរថា ជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ។
 
ទីប្រាំមួយ លទ្ធផលដ៏អស្ចារ្យនៃដំណើរទស្សនកិច្ចនេះគឺការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ គឺជាភស្តុតាងនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសទាំងពីរក្នុងការសម្រេចបាននូវបំណងប្រាថ្នារបស់បណ្តាំហូជីមិញ ដូចក្នុងលិខិតផ្ញើជូនប្រធានាធិបតីអាមេរិក ហារី ទ្រូម៉ាន់ ក្នុងឆ្នាំ ១៩៤៦ ៖ « ខ្ញុំសង្ឃឹមថា វៀតណាមមានទំនាក់ទំនងសហប្រតិបត្តិការពេញលេញជាមួយអាមេរិក»។ 
 

Tag:
 អាម៉េរិក
  វៀតណាម
  ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ
© រក្សាសិទ្ធិដោយ thmeythmey.com