កីឡាអន្តរជាតិ
អន្តរជាតិ
Pogba ប្រឈមបម្រាម៤ឆ្នាំ ក្រោយពិនិត្យឃើញមានសារធាតុហាមឃាត់
12, Sep 2023 , 9:29 pm        
រូបភាព
Paul Pogba ខ្សែបម្រើសញ្ជាតិបារាំង និងក្រុម Juventus ត្រូវបានផ្អាកពីក្រុមបណ្តោះអាសន្ន ក្រោយពីត្រួតពិនិត្យឃើញមានសារធាតុហាមឃាត់ (Doping)។ នេះបើតាមអាជ្ញាធរប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡាអ៊ីតាលី (Nado) ប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី១១ ខែកញ្ញា។



បន្ទាប់ពីឆ្លងកាត់រដូវកាលដ៏អាក្រក់បំផុតរបស់គេ ដែលជាពេលរូបគេញាំញីដោយបញ្ហារបួស ព្រមទាំងការគម្រាមកំហែងជំរិតទាប្រាក់ Pogba ត្រូវបានពិនិត្យឃើញមានសារធាតុញៀនថែមទៀត។ ការវិលត្រលប់មកកាន់ការប្រកួតពីសំណាក់ខ្សែបម្រើវ័យ ៣០ឆ្នាំ សម្រាប់ក្រុម Juventus នៅក្នុងរដូវកាលថ្មីក៏ត្រូវបានផ្អាក ដោយសារករណីនេះ។
 
បើតាមការបញ្ជាក់ពីសំណាក់ Nado ខ្សែបម្រើ Pogba បានបំពានច្បាប់ប្រឆាំងនឹងសារធាតុញៀន នៅពេលដែលពួកគេរកឃើញសារធាតុហាមឃាត់ (សារធាតុរំលាយអ័រម៉ូន Testosterone)។ Pogba បន្តជួបបញ្ហាជាបន្តបន្ទាប់ក្រោយពីរូបគេចេញពីក្រុម Man United។
 
ក្រោយការប្រកាសរបស់ Nado រួចមក ក្លិប Juventus បានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា Pogba នឹងទទួលបានការព្យួរការងារបណ្តោះអាសន្ន ហើយនឹងមានការតាមដានពីសំណាក់ក្លិបផងដែរ។ Juventus បានលើកឡើងដូច្នេះថា ៖ « ក្លិបបានផ្អាកការប្រកួតរបស់ Pogba បណ្តោះអាសន្ន ហើយក្លិបបានរក្សាសិទ្ធិក្នុងការពិចារណាលើជំហាននីតិវិធីច្បាប់ជាបន្តបន្ទាប់។»។
 
ការធ្វើតេស្តនេះទាក់ទងទៅនឹងគំរូនៃការហាមឃាត់សារធាតុញៀនត្រូវធ្វើឡើង ២ដំណាក់កាលផ្សេងគ្នា ដោយយក ការធ្វើតេស្តគំរូ A និង B មកពិនិត្យ ហើយប្រសិនបើការធ្វើតេស្តរកឃើញវិជ្ជមានចំពោះសារធាតុហាមឃាត់ Testosterone នោះ Pogba អាចនឹងប្រឈមនឹងការហាមឃាត់ពីបាល់ទាត់រយៈពេល ៤ឆ្នាំ។
 
Pogba បានវិលត្រលប់មកចូលរួមជាមួយនឹងក្លិប Juventus នៅក្នុងឆ្នាំ ២០២២ ក្រោយរូបគេចែកផ្លូវជាមួយនឹងក្រុម Manchester United។ តាំងពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៦ រូបគេបានលេងឱ្យ Juventus នឹងបានឈ្នះបានរង្វាន់ Serie A ចំនួន ៤លើក ព្រមតាំងពានរង្វាន់ Italian Cup ២លើក ហើយជួយក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ ២០១៥។
 
Pogba ក៏ជាផ្នែកមួយនៃក្រុមជម្រើសជាតិបារាំង ដោយបានឈ្នះពាន FIFA World Cup 2018 ប៉ុន្តែរូបគេបែរជាធ្លាក់ទម្រង់លេងខ្លាំងនៅចុងឆ្នាំ ២០២២ ហើយពេលផ្លាស់ទៅ Juventus រូបគេក៏បានរងរបួសបន្ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ រូបគេក៏រងការគម្រាមកំហែងទាប្រាក់ពីសំណាក់អតីតមិត្តភក្កិកាលពីវ័យក្មេងរបស់គេ ដែលរួមដៃជាមួយនឹងបងប្រុសរបស់គេម្នាក់ផងដែរ៕
 

Tag:
 Paul Pogba
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com