អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូងថា ចិនត្រូវតែដើរតួនាទីសំខាន់ទប់ស្កាត់ការគំរាមកំហែងរបស់កូរ៉េខាងជើង
12, Sep 2023 , 9:59 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូងលោកយូន សុកយ៉ល នៅថ្ងៃទី១២ ខែកញ្ញា បានលើកឡើងថា លោកបានអំពាវនាវឱ្យចិនដើរតួនាទីដោយការទទួលខុសត្រូវក្នុងការទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។



ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុកយ៉ល កាលពីសប្តាហ៍​មុន បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លី ឈាំង នៅក្រៅកិច្ចប្រជុំអាស៊ាន នៅឯទីក្រុងហ្សាការតា។ ក្នុងជំនួបនេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន បានប្រាប់នាយករដ្ឋមន្ត្រីចិនជួយឱ្យចាត់វិធាការបន្ថែមលើកូរ៉េខាងជើង។ 
 
«ខណៈទំនាក់ទំនងកូរ៉េខាងត្បូង - អាម៉េរិក - ជប៉ុន ត្រូវបានចងភ្ជាប់កាន់តែរឹងមាំនៅពេលដែលកូរ៉េខាងជើងកាន់តែបង្កបញ្ហាពាក់ព័ន្ធនុយក្លេអ៊ែរ ខ្ញុំបានស្នើឱ្យចិនដើរតួនាទីទទួលខុសត្រូវសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរបស់យើង និងជាសមាជិកអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ»។ លោក យូន រំឭកពីអ្វីដែលជជែកជាមួយមេដឹកនាំប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលផ្សាយតាមទូរទស្សន៍បែបនេះ។
 
លោក យូន ក៏បានជំរុញឱ្យចិនចាត់វិធាការបន្ថែមក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ ឆ្លើយតប និងចូលរួមទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ 
 
ទន្ទឹមនឹងនេះ មេដឹកនាំកូរ៉េខាងត្បូង ក៏បានអះអាងថាលោក លី បានបង្ហាញការគាំទ្រសម្រាប់ការចាប់ផ្តើមឡើងវិញនៃកិច្ចប្រជុំកំពូលត្រីភាគីរវាងចិន កូរ៉េខាងត្បូង និងជប៉ុនដែលបានគ្រោងទុកក្នុងឆ្នាំនេះផងដែរ៕
 

Tag:
 ចិន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com