កីឡាអន្តរជាតិ
អន្តរជាតិ
Messi ចាយ ១០,៨លានដុល្លារ ទិញផ្ទះវីឡានៅអាម៉េរិក ងាយទៅកីឡដ្ឋាន Inter Miami
13, Sep 2023 , 8:39 am        
រូបភាព
Lionel Messi ខ្សែបម្រើក្រុម Inter Miami បានទិញផ្ទះវីឡាដ៏ធំស្គឹមស្គៃក្បែមាត់ទឹកមួយកន្លែងក្នុងទីក្រុង Fort Lauderdale សហរដ្ឋអាម៉េរិកតម្លៃ ១០​,៨លានដុល្លារ។ នេះជាទីតាំងស្នាក់នៅរបស់ Messi សម្រាប់រូបគេនឹងក្រុមគ្រួសារ ងាយស្រួលក្នុងការធ្វើដំណើរទៅកាន់កីឡដ្ឋាន DRV PNK របស់ Inter Miami។



ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ កាលពីមុនត្រូវបានគេដឹងថាបានស្វែងរកទីកន្លែងស្នាក់នៅដ៏ស័ក្តិសមបំផុតមួយជាអចិន្ត្រៃយ៍ចាប់តាំងពីចូលរួមក្រុម Inter Miami ក្នុងប្រទេសអាម៉េរិក ខែកក្កដា។ មកទល់ពេលនេះរូបគេរកបានផ្ទះដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសាររស់នៅក្នុងប្រទេសអាម៉េរិក ដោយផ្ទះវីឡាមួយនោះមាន ១០បន្ទប់គេង មានបន្ទប់ស្ពារមួយ, ផែសម្រាប់ចតទូកលំហែរកាយចំនួន ២ និងមានអាងហែលទឹកធំក្បែមាត់ទឹក។
 
លំនៅដ្ឋានថ្មីរបស់ Messi ស្ថិតនៅលើផ្ទៃដីទំហំជាង១ហិកតា ដោយក្នុងនោះរួមមានយានដ្ឋានចំនួន ៣ ផងដែរ។ ពីផ្ទះថ្មីរបស់ Messi ទៅកាន់កីឡដ្ឋាន DRV PNK របស់ក្រុម Inter Miami និងទីកន្លែងហ្វឹកហាត់នៅក្បែនោះ ចំណាយពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះ។ 
  


មុនពេលផ្លាស់ទៅកាន់លំនៅដ្ឋានថ្មី ក្រុមគ្រួសារត្រកូល Messi បានចាយប្រាក់ប្រមាណជាង ៧,៣លានទៅលើខុនដូដ៏ប្រណិតមួយកន្លែង ស្ថិតនៅជាន់ទី៩ នៃអគារ Regalia Miami ដែលកំពុងអភិវឌ្ឍន៍នៅលើតំបន់ឆ្នេរសមុត្រ Sunny Isles នៃរដ្ឋផ្លរីដា។ មិត្តរួមក្រុមរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Sergio Busquets ក៏រស់នៅខុនដូ នៅតាមបណ្តោយព្រែកជាប់មាត់ឆ្នេរ Sea Ranch Lakes ដែលមានចម្ងាយមិនឆ្ងាយពីផ្ទះថ្មីរបស់ Messi ឡើយ។
 
ចាប់តាំងពីផ្លាស់ទៅកាន់ក្រុម Inter Miami ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ បានជួយក្លិបស្ថិតក្នុងក្របខណ្ឌ Major League Soccer មួយនេះឈ្នះពានរង្វាន់លើកដំបូងក្នុងប្រវត្តិសាស្ត្រ គឺពានរង្វាន់ League Cup ជាការប្រកួតរវាងក្រុមមកពីលីគកំពូល ម៉ិកស៊ិក Liga MX ទល់នឹង MLS។ 
 
បង្ហាញខ្លួននៅក្លិបថ្មី Messi តែងតែរកបានគ្រាប់បាល់ជាបន្តបន្ទាប់ហើយកំពុងតែជួយក្រុមដែលមានលោក David Beckham ជាម្ចាស់មួយរូប ប្រជែងតំណែងនៅក្នុងតារាង MLS ភាគខាងត្បូង ដើម្បីសង្គ្រោះក្តីសង្ឃឹមឡើងដល់វគ្គជម្រុះ៕
 





 

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com