៨ខែមកនេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ គឺសម្រេចបានជាង៤០ម៉ឺនតោន។ បរិមាណនេះ ស្មើនឹង៥៨ភាគរយនៃផែនការប្រចាំឆ្នាំ២០២៣ ខណៈប្រទេសឥណ្ឌូណេស៊ី មានបំណង ទិញអង្ករពីកម្ពុជាចំនួន២៥ម៉ឺនតោនក្នុងមួយឆ្នាំ។ ការណ៍នេះ ធ្វើឱ្យកម្ពុជា មានក្តីសង្ឃឹមខ្ពស់ក្នុងការសម្រេចនូវគោលដៅនាំចេញអង្ករឱ្យបាន១លានតោន នៅឆ្នាំ២០២៥។
កាលពីថ្ងៃទី៤កញ្ញា លោកប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ី ចូកូ វីដូដូ បានបង្ហាញបំណងរបស់ខ្លួននៅចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការទិញអង្ករពីកម្ពុជាចំនួន២៥ម៉ឺនតោនក្នុងមួយឆ្នាំ។ បើតាមលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កម្ពុជា-ឥណ្ឌូណេស៊ី បានឯកភាពឱ្យមានការរៀបចំឡើងនូវការចុះអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីការធ្វើពាណិជ្ជកម្មអង្ករក្នុងបរិមាណ២៥ម៉ឺនតោនក្នុងមួយឆ្នាំសម្រាប់រយៈពេលបួនឆ្នាំ ដែលអាចអនុវត្តចាប់ពីឆ្នាំ២០២៤ តទៅ។
ជាមួយគ្នានេះ ប្រទេសហ្វីលីពីន និងប្រទេសផ្សេងទៀត ក៏បានទាក់ទងមកកម្ពុជា ដើម្បីបញ្ជាទិញអង្ករ ផងដែរ។ លោក ប៉ែន សុវិជាតិ បានថ្លែងបែបនេះមកកាន់សារព័ត៌មានថ្មីៗ(ThmeyThmey) នារសៀលថ្ងៃទី១២កញ្ញា ដោយបន្តនិយាយថា ៖ «នេះ គឺជាកត្តាវិជ្ជមានមួយដែលយើងមានសុទិដ្ឋិនិយមថា ផែនការនាំចេញអង្ករ១លានតោនរបស់យើង នឹងអាចសម្រេចបានក្នុងឆ្នាំ២០២៥»។
ជុំវិញ នៃការនាំចេញអង្ករឱ្យបាន១លានតោននេះ លោក លន់ យ៉េង ដែលជាអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ក៏បង្ហាញនូវក្តីសង្ឃឹម ដូចទៅនឹង ការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ខាងលើផងដែរ។
លោក លន់ យ៉េង មើលឃើញថា បច្ចុប្បន្ន ម្ចាស់រោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជា មានភាពចាស់ទុំ និងមានសក្តានុពលជាងមុន ខណៈរដ្ឋាភិបាលបានលើកទឹកចិត្តផ្នែកពន្ធមួយចំនួនដល់វិស័យនេះ។
« ការពង្រីកឡសម្ងួត និងម៉ាស៊ីនកែច្នៃអង្ករ របស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយចំនួន នាពេលសព្វថ្ងៃនេះ អាចធ្វើឱ្យយើងមានលទ្ធភាពក្នុងការការកែច្នៃ និងនាំចេញអង្ករ១លានតោនក្នុងមួយឆ្នាំ»។ លោក លន់ យ៉េង បាននិយាយបែបនេះមកកាន់សារព័ត៌មានថ្មីៗ។
ទន្ទឹមគ្នានេះ កសិករក៏មានការយល់ដឹងច្រើនពីតម្រូវការអង្ករសម្រាប់នាំចេញ រួមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវនានា ថែមទៀត។ លោកអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបន្តរៀបរាប់យ៉ាងដូច្នេះ៖ « ឥឡូវ! បើយើងចង់បានស្រូវប្រភេទសែនក្រអូប៥០ម៉ឺនតោនពីកសិករ ក៏យើងរកបាន! យកស្រូវប្រភេទ៥៤៥១ ចំនួន១លានតោនក៏យើងរកបានដែរ!។ តែកាលពីមុនវិញ បើយើងចង់រកប្រភេទស្រូវដូចគ្នាក្នុងបរិមាណធំបែបនេះ គឺរកអត់បានទេ ព្រោះកសិករដាំស្រូវខុសគ្នាទាំងអស់»។
បើតាមលោក លន់ យ៉េង ដំណើរការនៃការនាំចេញអង្កររបស់កម្ពុជាឈានដល់១លានតោន ក្នុងឆ្នាំ២០២៥ គឺពុំមានឧសគ្គអ្វីមករារាំងឡើយ។ លោក ហ៊ានអះអាងបែបនេះ ក៏ព្រោះតែកម្ពុជាមានលំនឹងទីផ្សារគោលប្រចាំឆ្នាំប្រមាណ៦០-៧០ម៉ឺនតោន នារយៈពេល៥ឆ្នាំចុងក្រោយនេះ។
សម្រាប់ ទីផ្សារអង្ករថ្មីមួយចំនួនទៀត ដែលកម្ពុជាទើបទទួលបាននាពេលនេះ ជាសេសទីផ្សារប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន នឹងជួយកម្ពុជាពង្រីកលទ្ធភាពនាំចេញអង្កររបស់ខ្លួនបានកាន់តែប្រសើរ និងមានប្រសិទ្ធភាព។ « ទាំងនេះ ជាសញ្ញាដែលបង្ហាញថា យើងអាចធ្វើទៅបានក្នុងការនាំចេញអង្ករ១លានតោននៅឆ្នាំ២០២៥ ព្រោះឥណ្ឌូណេស៊ី និងហ្វីលីពីន ជាទីផ្សារនាំចូលអង្ករធំ ដោយយើងអាចនាំអង្ករទៅកាន់ប្រទេសទាំងពីរនេះបានយ៉ាងហោចក៏៣០ទៅ៤០ម៉ឺនតោនក្នុងមួយឆ្នាំ ដែរ»។ នេះជាបន្ថែមរបស់លោក លន់ យ៉េង។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានចំនួន ៤០១ ៦៩៩តោន ទៅ៥២ ប្រទេស និងដែនដី តាមរយៈក្រុមហ៊ុននាំចេញចំនួន៥៦។ ក្នុងនោះប្រទេសចិន និងរដ្ឋបាលស្វយ័ត បាននាំចូលអង្ករពីកម្ពុជាចំនួន ១៤៣ ៨១៨តោន, សហភាពអឺរ៉ុបនាំចូលអង្ករពីកម្ពុជា ១៦៤ ៦៨២តោន និងទីផ្សារអាស៊ានចំនួន ៣៦ ៦៩៣តោន។
កាលពីឆ្នាំ២០១០ រាជរដ្ឋាភិបាលបានដាក់ចេញផែនការនាំអង្ករចេញចំនួន ១លានតោនសម្រាប់ឆ្នាំ ២០១៥។ ប៉ុន្តែ មកទល់បច្ចុប្បន្ន ផែនការនេះ គឺមិនទាន់សម្រេចឡើយ៕