កីឡាអន្តរជាតិ
អន្តរជាតិ
អាល្លឺម៉ង់ឈ្នះបារាំង​ ២-១ ក្រោយបញ្ចប់តំណែងលោក Flick បាន ២ថ្ងៃ
13, Sep 2023 , 12:39 pm        
រូបភាព
ក្រុមជម្រើសជាតិអាល្លឺម៉ង់ រកបានជ័យជម្នះរបស់ខ្លួនឡើងវិញ តាមរយៈការយកឈ្នះបារាំងក្នុងលទ្ធផល ២-១ ក្នុងជំនួបមិត្តភាពអន្តរជាតិនៅក្នុងទីក្រុង Dortmund នាថ្ងៃទី១២ ខែកញ្ញា។ ជ័យជម្នះនេះកើតឡើងក្រោយអាល្លឺម៉ង់បញ្ចប់តំណែងគ្រូបង្វឹកលោក Hansi Flick បាន ២ថ្ងៃ។



លោក Flick ត្រូវបានបណ្តេញចេញកាលពីថ្ងៃទី១០ ខែកញ្ញា បន្ទាប់ដឹកនាំអាល្លឺម៉ង់ចាញ់ជប៉ុន ៤-១។ លោក Rudi Voeller ឡើងដឹកនាំក្រុមបណ្តោះអាសន្ន និងជាលើកទី២ ចាប់តាំងពីឆ្នាំ ២០០៥ មក។ គ្រូបង្វឹកបណ្តោះអាសន្នបានដាក់ខ្សែបម្រើប្រយុទ្ធ Thomas Muller ចូលជម្រើស ១១នាក់ដំបូងឡើងវិញ ក្នុងជំនួបទល់បារាំង ដែលធ្វើឱ្យក្រុមមានភាពប្រែប្រួលនៃទម្រង់លេង។
 
វត្តមាន Muller បានជួយអាល្លឺម៉ង់រកបានគ្រាប់បាល់បើកឆាកនៅត្រឹមនាទី៤ ដើមវគ្គទីមួយ ចំណែកគ្រាប់បាល់ទីពីរធ្វើបានដោយ Leroy Sane នៅនាទី៨៧ ជិតបញ្ចប់នៃវគ្គទីពីរ។ បារាំងតាមបាន ១គ្រាប់មកវិញ ដោយខ្សែប្រយុទ្ធស្លាប Antoine Griezmann នៅទី៨៩ តែមិនសមល្មមកែប្រែលទ្ធផលសម្រាប់ក្រុមបារាំងដែលកំពុងឆ្លងកាត់ការប្រកួតឈ្នះរហូតក្នុងវគ្គជម្រុះ Euro 2024 ឡើយ។
 
ក្រោយពីចាប់ផ្តើមការប្រកួតយកឈ្នះលើអៀរឡង់លទ្ធផល ២-០ ក្នុងជំនួបជម្រុះ Euro 2024 បារាំងយកឈ្នះការប្រកួតក្នុងវគ្គជម្រុះពូល B ៥ប្រកួតជាប់គ្នា នឹងរកបាន ១៥ពិន្ទុពេញពីការប្រកួត និងបានកក់កៅអីសម្រាប់ព្រឹត្តិការណ៍​ជើងឯកទ្វីបអឺរ៉ុប។ ឈ្នះការប្រកួត ៥លើក ក្នុងវគ្គជម្រុះ Euro 2024 គឺជាការចាប់ផ្តើមយ៉ាងល្អរបស់បារាំង តាំងពីរងបរាជ័យនៅក្នុងព្រឹត្តិការណ៍ World Cup 2022 វគ្គផ្តាច់ព្រ័ត្រ។
 
ឆ្លងកាត់ ៦ប្រកួតចុងក្រោយ បារាំងយកឈ្នះ ៥លើក ជាប់ៗគ្នា ខណៈការប្រកួតចាញ់គឺ​ក្រោមថ្វីជើងអាល្លឺម៉ង់ដែលទើបបណ្តេញគ្រូបង្វឹកចេញបាន ២ថ្ងៃ និងជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro 2024។ ចំណែកអាល្លឺម៉ង់រងបរាជ័យ ៤ប្រកួតចុងក្រោយ ពីចំណោមការប្រកួត ៦លើកក្រោមការដឹកនាំរបស់លោក Flick ហើយបរាជ័យចុងក្រោយក្រោមថ្វីជើងក្រុមជម្រើសជាតិជប៉ុនលទ្ធផល ៤-១ ក្នុងទីក្រុង Wolfsburg។ Flick ក្លាយជាគ្រូអាល្លឺម៉ង់ដំបូងបំផុតក្នុងរយៈពេល៩៧ឆ្នាំ ដែលត្រូវបញ្ចប់តំណែងការដឹកនាំក្រុមសារជាថ្មីពីសំណាក់លោក Voeller បានជួយអាល្លឺម៉ង់ឈ្នះការប្រកួតឡើងវិញ ខណៈលោកក៏ជាគ្រូបង្វឹកម្នាក់ដែលបានដឹកនាំអាល្លឺម៉ង់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup 2002។
 
ដោយឡែករវាងលោក Didier Dechamps គ្រូបង្វឹកបារាំង និងលោក Voeller គ្រូបង្វឹកបណ្តោះអាសន្នអាល្លឺម៉ង់ ធ្លាប់ជាមិត្តរួមក្រុមនឹងគ្នា ដោយបុរសជាគ្រូបង្វឹកទាំងពីរនេះ ធ្លាប់បានឈ្នះពានរង្វាន់ Champions League ឆ្នាំ ១៩៩៣ ដោយកាលនោះលេងឱ្យក្រុម Olympique de Marseille។
 
ការប្រកួតព្រឹត្តិការណ៍ Euro 2024 ដែលប្រទេសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះនឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ ២០២៤។ នៅថ្ងៃទី១២ ខែកញ្ញា អាល្លឺម៉ង់នៅត្រូវប្រកួតមិត្តភាពទល់ក្រុមជើងខ្លាំងបារាំង នៅក្នុងទីក្រុង Dortmund៕
 
 

Tag:
 អាល្លឺម៉ង់
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com