ជាតិ
ជប៉ុន ចង់វិនិយោគលើការកែច្នៃផលិតផលនៅកម្ពុជា សម្រាប់នាំចេញ
13, Sep 2023 , 2:07 pm        
រូបភាព
លោក តាកាហាស៊ី ហ្វូមីអាគី  ប្រធានសមាគមជប៉ុន-កម្ពុជា (ឆ្វេង) និង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបកាលពីថ្ងៃទី១២ ខែកញ្ញា។ រូបភាព៖ PM
លោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា (ឆ្វេង) និង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបកាលពីថ្ងៃទី១២ ខែកញ្ញា។ រូបភាព៖ PM
ភ្នំពេញ៖ អ្នកវិនិយោគជប៉ុន បង្ហាញការចាប់អារម្មណ៍លើការកែច្នៃផលិតផលដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នេះជាការបញ្ជាក់របស់ លោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបជាមួយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១២​ ខែកញ្ញា។


លោក តាកាហាស៊ី ហ្វូមីអាគី បានប្រាប់ទៅ សម្ដេច ហ៊ុន ម៉ាណែត ថា វិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) កំពុងសម្លឹងឃើញការវិនិយោគនៅកម្ពុជាលើវិស័យចំនួនពីរ ក្នុងនោះរួមមាន ការផលិតទំនិញកែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និងបច្ចេកវិទ្យាទំនើបជប៉ុន ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ។ មួយទៀត គឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ សេវាបដិសណ្ឋារកិច្ច, មេកានិក យានយន្ត (សេវាជួសជុលរថយន្តជប៉ុន), ការតុបតែង និងកែសម្ផស្ស, សេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ជាដើម។ 
 
ក្នុងឱកាសនោះ សម្ដេច ហ៊ុន ម៉ាណែត បង្ហាញការគាំទ្រ និងជំរុញឱ្យសមាគមធុរកិច្ចជប៉ុន សហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចឱ្យបាននូវការវិនិយោគទាំងនេះ។ ម្យ៉ាងទៀត វិស័យមួយចំនួន ដែលលោក តាកាហាស៊ី ហ្វូមីអាគី បានលើកឡើងក៏កំពុងមានតម្រូវការផងដែរ។
 
សម្ដេច បានបញ្ជាក់បន្ថែមដូច្នេះថា៖« រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំផ្ទាល់របស់ខ្ញុំ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្របសម្រួល សហការ និងគាំទ្រធុរកិច្ចជប៉ុន តាមរយៈគោល នយោបាយ និងកញ្ចប់លើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់»៕ 
 
 
 

Tag:
 កសិកម្ម
  SMEs
  ហ៊ុន ម៉ាណែត
  តាកាហាស៊ី ហ្វូមីអាគី
© រក្សាសិទ្ធិដោយ thmeythmey.com