កីឡាអន្តរជាតិ
អន្តរជាតិ
Ueki កីឡាការិនីជប៉ុនទីពីរទៅប្រកបអាជីពនៅលីគបាល់ទាត់កំពូលអង់គ្លេស
13, Sep 2023 , 3:19 pm        
រូបភាព
កីឡាការិនី Riko Ueki សមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីជប៉ុន បង្ហាញអារម្មណ៍រីករាយក្រោយបានផ្លាស់ទៅកាន់ West Ham United នៃក្របខណ្ឌលីគបាល់ទាត់កំពូលអង់គ្លេស។ Ueki ជាកីឡាការិនីជប៉ុនទីពីរបន្ទាប់ពី Yui Hasegawa ដែលកំពុងប្រកបអាជីបនៅក្នុងក្រុម Manchester City។



Ueki ដើរតួរជាខ្សែប្រយុទ្ធ មានវ័យ ២៤ឆ្នាំ បានផ្ទេរមកពីក្រុមស្ថិតក្នុងប្រទេសជប៉ុន Tokyo Verdy Beleza ហើយនាងក៏បានរំពឹងថានឹងអាចអភិវឌ្ឍខ្លួនបានយ៉ាងល្អក្នុងនាមជាកីឡាការិនីនៅក្នុងលីគបាល់ទាត់ស្ត្រី Women’S Super League លំដាប់កំពូលក្នុងប្រទេសអង់គ្លេស និងទ្វីបអឺរ៉ុប។
 
«West ham United គឺជាក្លិបមួយដ៏រឹងមាំនៅក្នុងប្រវត្តិសាស្ត្រ ហើយខ្ញុំពិតជារីករាយណាស់ដែលបានចុះហត្ថលេខាសម្រាប់ក្លិបដ៏អស្ចារ្យបែបនេះ។ នៅពេលដែលខ្ញុំបានសម្រេចចិត្តចូលរួមក្លិបនេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ធ្វើតេស្តសាកល្បងខ្លួនឯងនៅអឺរ៉ុប ហើយខ្ញុំគិតថាវានឹងជួយពង្រឹងសមត្ថភាពខ្ញុំក្នុងនាមកីឡាការិនីនៅនេះ ខ្ញុំនឹងធ្វើឱ្យបានល្អសម្រាប់ក្រុមដូចគ្នា។»។ កីឡាការិនី Ueki បាននិយាយប្រាប់ទៅកាន់គេហទំព័រក្លិបបែបនេះ។
  


នាពេលកន្លងមកកីឡាការិនី Ueki បានបង្ហាញខ្លួនឱ្យក្រុមនារីជប៉ុនចំនួន ២៥លើក ហើយរូបនាងតែងស្ថិតក្នុងជម្រើស ១១នាក់ដំបូងផងដែរពេលបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup 2023 ដែលទើបតែបញ្ចប់ទៅ។ នាងក៏រកបានគ្រាប់បាល់ ២គ្រាប់ក្នុងព្រឹត្តិការណ៍ថែមទៀត។
 
សម្រាប់វត្តមានរបស់កីឡាការិនីវ័យ ២៤ឆ្នាំ អ្នកចាត់ការក្រុមអ្នកស្រី Rehanne Skinner ថាខ្លួនរីករាយដែលបាននាំយកកីឡាការិនីខ្លាំងបន្ថែមមកចូលរួមក្រុម។ អ្នកស្រី Skinner បាននិយាយដូច្នេះថា ៖« Ueki គឺជាពិតជាខ្សែប្រយុទ្ធសញ្ជាតិជប៉ុនមានទេពកោសល្យខ្ពស់។ សមត្ថភាពខ្លាំងបំផុតរបស់នាងគឺពេលវេលានៃចលនា និងយល់ដឹងអំពីការប្រកួតរបស់នាង ដើម្បីនាងអាចព្យាយាមក្នុងការស្វែងរកគ្រាប់បាល់ និងការបង្កើតឱកាសការស៊ុត។»។
 
Ueki ជាកីឡាការិនីជប៉ុនទីពីរបន្ទាប់ពី Hasegawa សមាជិកក្រុម Man City ប្រកបអាជីពក្នុងលីគកំពូលអង់គ្លេស។ កីឡាការិនី Hasegawa មុនពេលផ្លាស់ទៅកាន់ក្រុមនារី Man City រូបនាងក៏ធ្លាប់លេងឱ្យក្រុមនារី West Ham United ផងដែរ។ 
 
កីឡាការិនី Ueki ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនលើកដំបូងឱ្យ West Ham United ទល់នឹងក្រុម Manchester City នៅក្នុងជំនួបបើកឆាកក្របខណ្ឌ WSL នៅក្នុងខែតុលាខាងមុខនេះ៕
 

Tag:
 Riko Ueki
  ជប៉ុន
  West Ham United
© រក្សាសិទ្ធិដោយ thmeythmey.com