អន្តរជាតិ
លោកសេដ្ឋា៖ មន្រ្តីរាជការថៃ នឹងបើកប្រាក់បៀវត្សពីរដងក្នុងមួយខែចាប់ពីឆ្នាំ២០២៤
13, Sep 2023 , 4:59 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាពX_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាពX_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នៅថ្ងៃទី១៣ ខែកញ្ញា ប្រកាសថា មន្រ្តីរាជការថៃ នឹងបើកប្រាក់បៀវត្សពីរដងក្នុងមួយខែ។ ការសម្រេចរបស់ប្រមុខរដ្ឋាភិបាលថៃថ្មីបែបនេះ គឺដើម្បីកាត់បន្ថយមន្រ្តីខ្ចីប្រាក់ពីគេ។ បន្ថែមពីនេះ រដ្ឋាភិបាលថៃ បានសម្រេចកាត់បន្ថយតម្លៃថាមពល រួមទាំងលើកលែងទិដ្ឋាការចំពោះអ្នកដំណើរចិន និងកាហ្សាក់ស្ថានផង។


នៅថ្ងៃទី១៣​ ខែកញ្ញា រដ្ឋាភិបាលថៃ បានបើកកិច្ចប្រជុំលើកដំបូង។ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនេះ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់ថា មន្រ្តីរាជការថៃ នឹងបើកប្រាក់បៀវត្សពីរដងក្នុងមួយខែ ដោយចាប់ផ្តើមនៅឆ្នាំ២០២៤។ 
 
«ការបើកប្រាប់បែបនេះ នឹងជួយមន្រ្តីរដ្ឋាភិបាលពីការខ្ចីបំណុល ដោយសារពួកគេនឹងមិនត្រូវរង់ចាំយូរក្នុងការបើកប្រាក់ខែ»។ នាយករដ្ឋមន្រ្តីថៃ បានសង្កត់ធ្ងន់បែបនេះ។ យ៉ាងណាមិញ ប្រមុខរដ្ឋាភិបាលថៃ បានបន្ថែមថា​ វាមានបទបញ្ញត្តិជាច្រើន ដែលត្រូវកែប្រែដើម្បីគាំទ្រការផ្លាស់ប្តូរការបើកប្រាក់ខែ។ ហេតុនេះហើយ មន្រ្តីរាជការថៃត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៤ ទើបអាចបើកប្រាក់បៀវត្សពីរដង ក្នុងមួយខែ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
បន្ថែមពីនេះ គណៈរដ្ឋមន្រ្តីថៃ បានសម្រេចបញ្ចុះតម្លៃអគ្គិសនីពី០,១២ដុល្លារ (៤,៤៥បាត) ក្នុងមួយគីឡូវ៉ាត់ម៉ោង មក០,១១ដុល្លារ (៤,១០បាត) ក្នុងមួយគីឡូវ៉ាត់ម៉ោង ដោយចាប់ផ្តើមពីខែកញ្ញានេះ។ 
 
ចំណែកតម្លៃប្រេងស្តង់ដា នឹងស្ថិតនៅក្រោម ០,៨៤ដុល្លារ (៣០បាត) ក្នុងមួយលីត្រ ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែកញ្ញា។ នៅថ្ងៃទី១៣ ខែកញ្ញា ប្រេងប្រភេទ B7 មានតម្លៃ ០,៩០ដុល្លារ (៣១,៩៧បាត) ក្នុងមួយលីត្រ។ 
 
ដើម្បីជួយសេដ្ឋកិច្ចខ្លួន លោកសេដ្ឋា ក៏បានបញ្ជាក់ផងដែរថា ថៃ នឹងលើកលែងការផ្តល់ទិដ្ឋាការរយៈពេល៥ខែ ដល់អ្នកដំណើរមកពីចិន និងកាហ្សាក់ស្ថាន។ ការលើកលែងនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ បើតាមនាយករដ្ឋមន្រ្តីថៃ អនុវត្តនេះ មានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ដើម្បីអាចឱ្យរដ្ឋាភិបាលថៃវាយតម្លៃពីផលប៉ះពាល់។ ចំណែកការផ្តល់ទិដ្ឋាការដល់អ្នកដំណើរកាហ្សាក់ស្ថាន គឺដោយសារតែកាហ្សាក់ស្ថាននៅរដូវរងា ដែលត្រជាក់ខ្លាំង ហើយការមកដល់ពីកាហ្សាក់ស្ថាន ក៏មានការកើនឡើងផងដែរ។ 
 
ចំណែកការពន្យារពេលសងបំណុលរយៈពេល៣ឆ្នាំ នឹងត្រូវអនុវត្តចំពោះកសិករ និងធុរកិច្ចធុនតូចប៉ុណ្ណោះ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com