អន្តរជាតិ
Man Utd ទទួលបានដៃគូឧបត្តម្ភថ្មី​ តម្លៃ៧៥លានដុល្លារក្នុងមួយឆ្នាំ
13, Sep 2023 , 5:39 pm        
រូបភាព
ក្លិប Manchester United និងក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក Qualcomm យល់ព្រមលើកិច្ចព្រមព្រៀងឧបត្តម្ភ ដោយបង្ហាញស្លាកយីហោ Snapdragon ជំនួសស្លាកសញ្ញា TeamViewer នៅលើអាវ ចាប់ពីរដូវកាលក្រោយ។ បិសាចក្រហម នឹងទទួលបានថ្លៃឈ្នួល៧៥លានដុល្លារក្នុងមួយឆ្នាំ​ លើការផ្សព្វផ្សាយនេះពី Qualcomm។



ក្រុមហ៊ុន Qualcomm និងក្លិប Man Utd បានយល់ព្រមលើកិច្ចសន្យារយៈពេលយ៉ាងតិច ៣ឆ្នាំ លើលក្ខខណ្ឌផ្សាយស្លាកយីហោ Snapdragon នៅលើអាវរបស់ក្រុមបិសាចក្រហម។
កាលពីឆ្នាំ២០២១ ក្លិបមានមូលដ្ឋានក្នុងក្រុង Manchester មួយនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាល្លឺម៉ង់ TeamViewer ដោយជំនួស Chevrolet។
  


ប៉ុន្តែយ៉ាងណា Man Utd លើកឡើងថា កិច្ចព្រមព្រៀងដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ជាមួយ TeamViewer ផ្តល់ឱ្យក្លិបនូវជម្រើសនៃការទិញសិទ្ធិត្រឡប់មកវិញចំពោះការឧបត្ថម្ភផ្នែកខាងមុខអាវរបស់ខ្លួន។ តាមរយៈកិច្ចសន្យានេះ ក្លិបដែលមានអ្នកជំនួញអាម៉េរិកជាគ្រួសារ Glazers ព្រមព្រៀងគ្នាដកសិទ្ធផ្សាយពី TeamViewer ទៅឱ្យក្រុមហ៊ុន Qualcomm វិញ។
 
ចាប់ពីរដូវកាលក្រោយ ២០២៤-២៥ ស្លាកយីហោ Snapdragon ក្រុមហ៊ុន Qualcomm នឹងត្រូវបានឃើញនៅផ្នែកខាងមុខអាវរបស់ក្រុម Man Utd ក្នុងឈុតក្នុងដី ក្រៅដី ឈុតទី៣ ទាំងក្រុមបុរស នារី។
 
លើសពីនេះទៅទៀត ក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យ បានយល់ព្រមបន្តកិច្ចសន្យាឧបត្ថម្ភធំ ជាមួយក្រុមហ៊ុនសម្ភារកីឡាដ៏ល្បីរបស់អាល្លឺម៉ង់ Adidas រយៈពេល១០ឆ្នាំទៅមុខទៀត ដោយទទួលបានតម្លៃ ១,១២១ពាន់លានដុល្លារ។
 
Man Utd ស្ថិតនៅចំណាត់ថ្នាក់ទី១១ ក្នុងតារាងពិន្ទុ Premier League រដូវកាលនេះ ក្រោយប្រកួត៤លើក ឈ្នះ២ ចាញ់២ មាន៦ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង និងជាក្រុមការពារជើងឯក Man City ចំនួន៦ពិន្ទុ៕
 

Tag:
 Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com