អន្តរជាតិ
ប៉ូលិស​ឥណ្ឌូណេស៊ី ​ចាប់ខ្លួនមនុស្ស៣៩នាក់ដែលពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀនក្នុងតំបន់​
13, Sep 2023 , 6:09 pm        
រូបភាព
មន្ត្រីប៉ូលិសជាន់ខ្ពស់ឥណ្ឌូណេស៊ីប្រកាសពីការចាប់ខ្លួនជនសង្ស័យ៣៩នាក់ដែលពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀនដ៏ធំមួយតាមរយៈប្រតិបត្តិការរួមគ្នាជាមួយអាជ្ញាធរថៃ និងម៉ាឡេស៊ី។

 
ជនសង្ស័យទាំង៣៩នាក់ ត្រូវបានប៉ូលិសឥណ្ឌូណេស៊ីចាប់ខ្លូននៅប្រទេសចំនួនបីដែលមានជាប់ពាក់ព័ន្ធនឹងក្រុមដែលធ្វើចរាចរណ៍មេតំហ្វេតាមីននៅតំបន់ត្រីកោណមាសដែលជាចំណុចប្រសព្វមីយ៉ាន់ម៉ា ថៃ និងឡាវ។ 
 
«ក្រុមជួញដូរគ្រឿងញៀននេះត្រូវបានគ្រប់គ្រងដោយបុរសជនជាតិឥណ្ឌូណេស៊ីឈ្មោះ Fredy Pratama ដែលចាប់ធ្វើសកម្មភាពតាំងពីឆ្នាំ២០២០មកម្ល៉េះ ហើយមានទ្រព្យសកម្មច្រើនជាង១០.៥ ពាន់ពាន់លានរូពៀ រួមបញ្ចូលទាំងអចលនទ្រព្យផងដែរ» ។ លោក Wahyu Widada ប្រធាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ប៉ូលិសជាតិឥណ្ឌូណេស៊ីនិយាយបែបនេះនៅថ្ងៃទី១២ ខែកញ្ញា។
 
បើតាមមន្រ្តីដដែល បន្ទាប់ពីចំណាយពេលស៊ើបអង្កេតអស់រយៈពេលយ៉ាងយូរ ប៉ូលិសបានរកឃើញថាក្រុមរបស់ Fredy Pratama គឺធំណាស់ ដោយប៉ូលិសបានរឹបអូសថ្នាំញៀនសរុបប្រហែល១០តោន។
 
បើទោះបីជាមិនអាចកំណត់ថាក្រុមនេះ​នៅ​តែ​ដំណើរការបន្ត​ ឬក៏អត់ក្ដី ប៉ូលិសឥណ្ឌូណេស៊ីបានសង្កត់ធ្ងន់ថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនអាចប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតពីបទរំលោភលើច្បាប់ប្រឆាំងគ្រឿងញៀន៕ 
 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com