កីឡាអន្តរជាតិ
អន្តរជាតិ
អតីតគ្រូព័រទុយហ្កាល់ Santos ចែកផ្លូវពីប៉ូឡូញ ក្រោយដឹកនាំបាន ៨ខែ
14, Sep 2023 , 11:59 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ូឡូញបានចែកផ្លូវជាមួយនឹងលោក Fernando Santos អតីតគ្រូព័រទុយហ្កាល់ ក្រោយដឹកក្រុមរងបរាជ័យក្រោមថ្វីជើងអាល់បានី​ ២-០ ព្រមពេលក្រុមជួបបញ្ហាក្នុងការប្រកួតជម្រុះព្រឹត្តិការណ៍ Euro 2024។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ប៉ូឡូញ (PZPN) នាថ្ងៃទី១៣ ខែកញ្ញា។



លោក Santos ដែលធ្លាប់ជួយព័រទុយហ្កាល់ឈ្នះពាន Euro កាលពីឆ្នាំ ២០១៦ បានចូលកាន់តំណែងគ្រូបង្វឹកប៉ូឡូញកាលពីខែមករា ដើមឆ្នាំ ២០២៣ ជំនួសលោក Czeslaw Michniewicz ដែលត្រូវបានបណ្តេញចេញក្រោយក្រុមធ្លាក់ចេញពីការប្រកួត World Cup 2022 ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។ ក្រោយដឹកនាំបាន៨ខែ និង៦ប្រកួត គ្រូសញ្ជាតិព័រទុយហ្កាល់ ត្រូវប៉ូឡូញបញ្ចប់តំណែងវិញ។
 
សម្រាប់ការប្រកួតជម្រុះ Euro 2024 ប៉ូឡូញកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ នៃពូល E ដោយមានត្រឹមតែ ៦ពិន្ទុ ពីការប្រកួតចំនួន ៥លើក។ ប៉ូឡូញមានគម្លាតពិន្ទុចំនួន ៤ពិន្ទុ ពីក្រុមកំពូលតារាងអាល់បានី នឹងក្រោម ២ពិន្ទុ ពីក្រុមសាធារណៈរដ្ឋឆែក និងម៉ុលដាវី។ 
 
ក្រោយរងបរាជ័យនៅក្នុងទីក្រុង Tirana កាលពីថ្ងៃទី១០ ខែកញ្ញា រួចមក លោក Santos ក៏បាននិយាយថាលោកនឹងមិនចុះចេញពីតំណែងឡើយ។ តែទោះជាយ៉ាងណាក្រោយការប្រកួតបានបញ្ចប់រយៈពេល ៣ថ្ងៃ សហព័ន្ធ PZPN បានសម្រេចចិត្តបញ្ចប់លោក Santos ដើម្បីស្តារស្ថានភាពក្រុមឡើងវិញ។
 
«ការជ្រើសរើសអ្នកចាត់ការថ្មីឥឡូវនេះ គឺជាអទិភាពមួយសម្រាប់ក្រុមប្រឹក្សាភិបាលនៃសមាគមបាល់ទាត់ប៉ូឡូញ (PZPN) ដូច្នេះយើងនឹងប្រកាសអ្នកថ្មីពេលដ៏ឆាប់ខាងមុខនេះ ថាតើគ្រូបង្វឹកថ្មីនឹងត្រូវបង្ហាញវត្តមាននៅពេលណា និងនៅទីកន្លែងណា។»។ នេះបើតាមសម្តីលោក Cezary Kulesza ប្រធាន PZPN។
 
ការប្រកួតដំបូងដែលលោក Santos ដឹកនាំរងបរាជ័យលទ្ធផល ៣-១ ក្រោមថ្វីជើងសាធារណៈរដ្ឋឆែកក្នុងការប្រកួតជម្រុះ Euro 2024 មុនពេលការប្រកួតទីពីរយកឈ្នះអាល់បានីលទ្ធផល ១-០ វិញ។
 
ប៉ូឡូញក៏បានបំបាក់អាល្លឺម៉ង់ក្នុងជំនួបមិត្តភាពកាលពីខែមិថុនា លទ្ធផល ២-០ មុនពេលវិលមកចាញ់ក្រុមម៉ុលដាវីនៅការប្រកួតពានរង្វាន់អឺរ៉ុបលទ្ធផល ៣-២ វិញ។
 
ការប្រកួតបន្ទាប់របស់ប៉ូឡូញនឹងត្រូវធ្វើដំណើរទៅប្រកួតទល់ក្រុមកោះ Faroe នៅក្នុងខែតុលា មុនពេលវិលត្រលប់មកបើកទ្វារផ្ទះស្វាគមន៍ក្រុមម៉ុលដាវីឡើងវិញសម្រាប់ជំនួបជើងទីពីរ៕ 
 

Tag:
 Euro 2024
  ប៉ូឡូញ
© រក្សាសិទ្ធិដោយ thmeythmey.com