កីឡាអន្តរជាតិ
អន្តរជាតិ
​Verratti ចេញពី PSG ចូលរួមក្លិបនៅកាតា Al Arabi
14, Sep 2023 , 5:29 pm        
រូបភាព
ខ្សែបម្រើសញ្ជាតិអ៊ីតាលី Marco Verratti បានចាកចេញពីក្រុម Paris Saint Germain ដោយផ្លាស់ទៅចូលរួមក្លិប Al Arabi របស់ប្រទេសកាតា នៃក្របខណ្ឌ Qatar’s Star League។ នេះបើតាមក្លិបស្ថិតក្នុងក្របខណ្ឌ Ligue 1 បារាំងប្រកាស់នាថ្ងៃទី១៣ ខែកញ្ញា។



បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីតាលី ក្លិប Al Arabi នៃក្របខណ្ឌ Qatar’s Star League បានចំណាយប្រាក់​ប្រមាណ ៤៥លានអឺរ៉ូ (៤៨,៣១លានដុល្លារ) សម្រាប់ខ្សែបម្រើវ័យ ៣០ឆ្នាំ ហើយដោយផ្តល់កិច្ចសន្យារយៈពេល ៣ឆ្នាំ នៅទឹកដីប្រទេសកាតា។
 
ក្រោយពេលចាកចេញ Verratti បាននិយាយប្រាប់ទៅកាន់គេហទំព័រក្លិប PSG ដោយបានអរគុណសម្រាប់ការស្នាក់នៅរយៈពេលជិត ១១ឆ្នាំជាមួយក្លិបយក្សបារាំងមួយនេះ។
 
«ខ្ញុំពិតជាមានមោទកភាពខ្លាំងដែលបានពាក់អាវរបស់ក្រុម Paris Saint Germain ច្រើនជាង ១សតវត្សរ៍​ ហើយដែលបានប្រគៀកស្មាជាមួយកីឡាករដ៏អស្ចារ្យជាច្រើន ព្រមទាំងឈ្នះពានរង្វាន់ចំនួន ៣០។ PSG គឺជាក្លិបដែលមានអ្នកគាំទ្រ ដែលតែងតែផ្តល់តម្លៃដល់រូបខ្ញុំ ហើយស្ថិតនៅក្នុងដួងចិត្តរបស់ខ្ញុំ ខ្ញុំនឹងនៅតែជាសមាជិកនៃក្រុមនេះជារៀងរហូត។»។ Verratti បាននិយាយបែបនេះ។
 
​​Verratti ដែលមិនដែលប្រជែងក្នុងពានរង្វាន់ក្នុងស្រុក Serie A បានចូលរួមជាមួយក្រុម PSG ក្នុងឆ្នាំ ២០១២ ដោយផ្លាស់ចេញពីក្លិបស្ថិតក្នុងស្រុកកំណើតរបស់គេ គឺក្លិប Pescara ក្នុងតម្លៃ ១២លានអឺរ៉ូ (១២,៩លានដុល្លារ) អំឡុងរូបគេមានអាយុ ១៩ឆ្នាំ។
 
ចំណាយពេល ១១ រដូវកាលក្នុងក្លិប PSG ខ្សែបម្រើសញ្ជាតិអ៊ីតាលីបង្ហាញខ្លួនឱ្យក្រុមចំនួន ៤១៦ប្រកួត ដោយបានធ្វើឱ្យគេគឺជាកីឡាករទីពីរប្រចាំក្រុមដែលបានបង្ហាញខ្លួនលេងច្រើនជាងគេបំផុត ឈរពីក្រោមអតីតកីឡាករ Jean-Marc Pilorget ដែលបង្ហាញខ្លួនបាន ៤៣៥ប្រកួត។
 
កីឡាករវ័យ ៣០ឆ្នាំ បានជួយ PSG ឈ្នះពានរង្វាន់លីគកំពូលបារាំងចំនួន ៩លើក ដែលជាកំណត់ត្រាច្រើនបំផុតនៅក្នុង Ligue 1 ជាមួយនឹងពាន French Cups ចំនួន ៦លើក។ ក្រោយ PSG ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Luis Enrique កីឡាករសញ្ជាតិអ៊ីតាលីមិនស្ថិតក្រោមគម្រោងរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញឡើយ។ 
 
កីឡាករល្អៗដែលបានចាកចេញពី PSG ក្រោមការដឹកនាំរបស់លោក Enrique រួមមាន Lionel Messi, Neymar Jr, Mauro Icardi និង Sergio Ramos ជាដើម។
 
ក្រៅពីបង្ហាញខ្លួនច្រើនឱ្យក្លិប ​PSG កីឡាករ Verratti ក៏បានបង្ហាញខ្លួន ៥៥លើកឱ្យក្រុមជម្រើសជាតិអ៊ីតាលី ហើយរកបាន ៣គ្រាប់ ហើយរូបគេក៏បានជួយអ៊ីតាលីឈ្នះពានរង្វាន់ Euro ឆ្នាំ ២០២០។ 
 
ក្លិប Al Arabi ដែលបុរសអ៊ីតាលីទៅចូលរួម គឺជាក្រុមលេខ ២ រដូវកាលមុន ដោយបញ្ចប់ចំណាត់ថ្នាក់ពីក្រោមក្រុម Al-Duhail នៃក្របខណ្ឌ Qatar Star League ហើយការចាប់ផ្តើមរដូវកាលថ្មីនេះក្លិប Al Arabi ឆ្លងកាត់ ៣ប្រកួតស្មើទាំង ៣ប្រកួត។ ទីផ្សារដោះដូរកីឡាកររបស់លីគកាតា នឹងត្រូវបិទនៅថ្ងៃទី១៨ ខែកញ្ញា៕
 

Tag:
 Marco Verratti
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com