អន្តរជាតិ
ឥណ្ឌូណេស៊ី​ ទិញ​កប៉ាល់សង្គ្រោះ​នាវាមុជទឹក​ពី​​អង់គ្លេស​តម្លៃ​១០០​លានដុល្លារ​
14, Sep 2023 , 7:39 pm        
រូបភាព
ក្រសួងការពារជាតិឥណ្ឌូណេស៊ីនាថ្ងៃទី១៣ ខែកញ្ញាប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ទិញ​នាវាសង្គ្រោះនាវាមុជទឹកក្នុងតម្លៃ១០០លានដុល្លារពីក្រុមហ៊ុនអង់គ្លេស ដើម្បីធ្វើទំនើបកម្មគ្រឿងបរិក្ខារយោធារបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

 
កិច្ចព្រមព្រៀងទិញលក់ ត្រូវបានចុះហត្ថលេខានៅពីថ្ងៃទី១៣ ខែកញ្ញាក្នុងព្រឹត្តិការណ៍ពិព័រណ៍ការពារ​ជាតិនៅទីក្រុងឡុងដ៍។ ការទិញកប៉ាល់នេះ ជាការទិញចុងក្រោយរបស់ឥណ្ឌូណេស៊ី បន្ថែមពីលើការទិញកន្លងមកមានយន្តហោះចម្បាំង Dassault Rafale ចំនួន៤២គ្រឿងក្នុងតម្លៃ៨,១ពាន់លានដុល្លារ, យន្តហោះគ្មានមនុស្សបើកថ្មី១២គ្រឿងពីក្រុមហ៊ុនអាកាសចរណ៍តួកគីតម្លៃ៣០០លានដុល្លារ និង យន្តហោះចម្បាំង Mirage 2000-5 ដែលប្រើប្រាស់រួច១២គ្រឿងដែលមានតម្លៃ៨០០លានដុល្លារ។
 
យោងតាមក្រសួង​ការពារជាតិ​ឥណ្ឌូណេស៊ី នាវាផលិតដោយចក្រភពអង់គ្លេសនេះត្រូវបានរចនាឡើង សម្រាប់ប្រតិបត្តិការជួយសង្គ្រោះរហ័សអាចផ្ទុកមនុស្សបាន៥០នាក់ ហើយអាចដឹកជញ្ជូន​តាម​យន្តហោះផងដែរ។ 
 
ឥណ្ឌូណេស៊ីមិនមាននាវាជួយសង្គ្រោះនោះឡើយនៅពេលដែលនាវាមុជទឹកមួយរបស់ខ្លួនបានលិច​ក្នុង​អំឡុងពេលសមយុទ្ធមួយនៅសមុទ្របាលីក្នុងឆ្នាំ២០២១ ដោយបានសម្លាប់សមាជិកនាវិកទាំង៥៣​នាក់។ 
 
យ៉ាងណាមិញ ការទិញយុទ្ធោបករណ៍ច្រើនសន្ធឹកសន្ធាប់នេះ ក៏បង្កក្ដីបារម្ភដែរ។ ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូកូ វីដូដូ កាលពីខែកក្កដាបានព្រមានគណៈរដ្ឋមន្ត្រីឱ្យ​គ្រប់គ្រងថវិកាឱ្យមានតុល្យភាព ហើយលោកចុចចំឈ្មោះស្ថាប័នខ្លះរាប់ទាំងក្រសួងការពារជាតិចំពោះការចំណាយលើសខ្ទង់ថវិកាជាតិ។ ឥណ្ឌូណេស៊ីបានកំណត់ថវិកាចំនួន៨,៧៤ពាន់លានដុល្លារក្នុងឆ្នាំនេះសម្រាប់វិស័យការពារជាតិ ដែលជាចំណែកដ៏ធំមួយ៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com