កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងជើងត្រៀមបញ្ជូនអត្តពលិក ១៩១រូបទៅប្រជែងកីឡា Asian Games នៅចិន
14, Sep 2023 , 5:59 pm        
រូបភាព
រូបភាពពីទីភ្នាក់ងារសារព័ត៌មានកូរ៉េ Yonhap
រូបភាពពីទីភ្នាក់ងារសារព័ត៌មានកូរ៉េ Yonhap
ប្រទេសកូរ៉េខាងជើងបានចុះឈ្មោះអត្តពលិក ១៩១រូប សម្រាប់ការប្រកួតប្រជែងព្រឹត្តិការណ៍កីឡា Asian Games នៅប្រទេសចិន ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ នេះបើតាមការប្រកាសរបស់អ្នករៀបកម្មវិធីប្រកួត។ កូរ៉េខាងជើងនឹងបញ្ចប់ភាពឯកកោរបស់ខ្លួនរយៈពេលជាង ៣ឆ្នាំ ពីការប្រកួតកីឡាលំដាប់អន្តរជាតិនានា។



នៅលើគេហទំព័រនៃព្រឹត្តិការណ៍កីឡា Asian Games ទីក្រុងហាងចូវ អត្តពលិកកូរ៉េខាងជើងនឹងប្រកួតប្រជែងក្នុងប្រភេទវិញ្ញាសាកីឡាដូចជា អត្តពលកម្ម, កាយសម្ព័ន្ធ, បាល់បោះ, ប្រដាល់ និងលើកទម្ងន់ជាដើម។
 
កាលពីខែមិថុនាកន្លងទៅ កូរ៉េខាងជើងបានចុះឈ្មោះទៅប្រកួតកីឡាលើកទម្ងន់នៅប្រទេសគុយបា តែពួកគេមិនបានបង្ហាញខ្លួនឡើយ។
 
កាលពីឆ្នាំ ២០២២ កូរ៉េខាងជើងត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ហាមឃាត់ពីការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារក្នុងប្រទេសចិន ដោយសារតែប្រទេសនេះ មិនបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅក្នុងទីក្រុងតូក្យូកាលពីឆ្នាំ ២០២០ ព្រោះតែបញ្ហាបិទច្រកព្រំដែន និងការធ្វើដំណើរដោយសារជំងឺកូវីដ-១៩។
 
ចាប់តាំងពីរងគ្រោះដោយសារបញ្ហាជំងឺរាតត្បាតកូវីដ-១៩ កូរ៉េខាងជើងមិនដែលបញ្ជូនអត្តពលិកខ្លួនទៅចូលរួមការប្រកួតកីឡាអន្តរជាតិនានា ណាមួយឡើយ។
 
ការប្រកួតកីឡា Asian Games ទីក្រុងហាងចូវ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៩ ខែកញ្ញា នឹងក្លាយជាការបង្ហាញវត្តមានជាថ្មីពីសំណាក់ប្រទេសកូរ៉េខាងជើង។ ក្រុមបាល់ទាត់កូរ៉េខាងជើងនឹងត្រូវជួបតទល់ជាក្រុមនឹងក្រុមបាល់ទាត់បុរសតៃវ៉ាន់នៅ ៤ថ្ងៃមុនកម្មវិធីបើកការប្រកួតជាផ្លូវការ។
 
កូរ៉េខាងជើងត្រូវបានគេដឹងថាជាប្រទេសមួយដែលមានអត្តពលិកខ្លាំងពូកែលើផ្នែកវិញ្ញាសាកីឡាលើកទម្ងន់ ដោយការប្រកួតបង្ហាញចុងក្រោយនៅក្នុងព្រឹត្តិការណ៍ Asian Games នៅក្នុងទីក្រុងហ្សាការតាឆ្នាំ ២០១៨ ពួកគេឈ្នះមេដាយ ចំនួន ៨ ពីវិញ្ញាសានេះ។
 
គួរបញ្ជាក់ថាព្រឹត្តិការណ៍ Asian Games ទីក្រុងហាងចូវនឹងបង្ហាញវត្តមានអត្តពលិកសរុបចំនួន ១២,២០០នាក់ ដើម្បីការប្រកួតប្រជែងគ្នាដណ្តើមមេដាយ ហើយការប្រកួតដែលចាប់ពីថ្ងៃទី១៩ ខែកញ្ញានេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែតុលា៕
 
 

Tag:
 កូរ៉េខាងជើង
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com