សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រធានគណៈកម្មការអឺរ៉ុបស្នើឱ្យបង្កើតក្រុមប្រឹក្សាអ្នកជំនាញសកលដើម្បីគ្រប់គ្រង AI
14, Sep 2023 , 8:59 pm        
រូបភាព
លោកស្រី Ursula von der Leyen ។ រូបភាព AFP ។
លោកស្រី Ursula von der Leyen ។ រូបភាព AFP ។
ប្រធានគណៈកម្មការអឺរ៉ុបបានបានអំពាវនាវឱ្យផ្តល់អាទិភាពដល់ការដោះស្រាយហានិភ័យជុំវិញការបង្កឡើងដោយបញ្ញាសិប្បនិម្មិត (AI) ក្រោយពីអ្នកអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យា អ្នកសិក្សា និងអ្នកជំនាញកំពូលៗរាប់រយនាក់នាពេលថ្មីៗនេះបានព្រមានអំពីហានិភ័យនៃ AI ។

 
នៅថ្ងៃទី ១៣ ខែកញ្ញា ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានអំពាវនាវឱ្យមានការបង្កើតក្រុមប្រឹក្សាអ្នកជំនាញ និងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាទូទាំងពិភពលោក ដើម្បីដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយបច្ចេកវិទ្យា AI ។
 
រដ្ឋាភិបាលជុំវិញពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាលំបាកនៃរបៀបគ្រប់គ្រងហានិភ័យដែលបង្កដោយ AI ចំពោះសង្គមដោយមិនអាចទប់ស្កាត់បានការផ្លាស់ប្តូរថ្មី និងការច្នៃប្រឌិត។ EU ក៏មានការព្រួយបារម្ភអំពីផលប៉ះពាល់នៃបច្ចេកវិទ្យានេះចំពោះការបោះឆ្នោតសភាអឺរ៉ុបនៅឆ្នាំក្រោយផងដែរ ។
 
ប្រមុខគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានសង្កត់ធ្ងន់ថា ៖« អ្នកអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យា អ្នកសិក្សា និងអ្នកជំនាញកំពូលៗរាប់រយនាក់នាពេលថ្មីៗនេះបានព្រមានអំពីហានិភ័យពី AI បន្ថែមពីលើហានិភ័យផ្សេងទៀតដូចជាជំងឺកូវីដ-១៩ និងសង្គ្រាមនុយក្លេអ៊ែរដែលអំពាវនាវឱ្យផ្តល់អាទិភាពដោះស្រាយហានិភ័យពី AI ដែលមានលក្ខណៈជាសកល»។
 
លោកស្រីស្នើឱ្យការបង្កើតក្រុមប្រឹក្សាអ្នកជំនាញ AI សកលជាមួយនឹងយន្តការប្រតិបត្តិការនេះ ស្រដៀងនិងក្រុមប្រឹក្សាអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) ដោយចេញរបាយការណ៍ដោយផ្អែកលើការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីវាយតម្លៃហានិភ័យ និងអត្ថប្រយោជន៍នៃ AI សម្រាប់មនុស្សជាតិ។
 
បើតាមលោកស្រី Ursula von der Leyen ការបង្កើតក្រុមប្រឹក្សាអ្នកជំនាញជាសាកលស្តីពី AI នឹងជួយផ្តល់ការឆ្លើយតបរហ័ស និងសម្របសម្រួលលើមាត្រដ្ឋានសកល ។ 
 
សហភាពអឺរ៉ុបស្ថិតនៅជួរមុខនៃកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រង AI ហើយត្រូវបានគេរំពឹងថានឹងអនុម័តសេចក្តីព្រាងច្បាប់ដំបូងរបស់ពិភពលោកដើម្បីគ្រប់គ្រងបច្ចេកវិទ្យានៅចុងឆ្នាំនេះ៕
 

Tag:
 សហភាពអឺរ៉ុប
  AI
© រក្សាសិទ្ធិដោយ thmeythmey.com