កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រចិនទារលុយថ្លៃសំបុត្រវិញ ក្រោយក្រុមប្រកួតចាញ់ស៊ីរី នៅក្នុងដី
14, Sep 2023 , 9:59 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន ត្រូវបានក្រុមអ្នកគាំទ្រខ្លួនស្រែកចម្អក និងស្រែកទាមទារប្តូរលុយថ្លៃសំបុត្រចូលទស្សនាវិញ បន្ទាប់ពីក្រុមចិន ប្រកួតចាញ់ស៊ីរី ១-០ ក្នុងការប្រកួតមិត្តភាពក្នុងដី។


ការប្រកួតនានារយៈ ២ឆ្នាំ កន្លងមកនេះ ជម្រើសជាតិចិនរកបានជ័យជម្នះត្រឹមតែ ៤ប្រកួតប៉ុណ្ណោះ ដោយក្រុមដែលពួកគេឈ្នះមានកម្រិតក្រោមចំណាត់ថ្នាក់ទី ៩០របស់ពិភពលោក។ ការបរាជ័យចុងក្រោយរបស់ពួកគេ គឺក្រុមមានចំណាត់ថ្នាក់ទី ៩៤ លើពិភពលោកស៊ីរី តែម្តង។
 
ក្រោយចាញ់ការប្រកួតលោក Aleksandar Jankovic ដែលជាគ្រូបង្វឹកក្រុមចិន មានអារម្មណ៍មិនសប្បាយចិត្តចំពោះលទ្ធផលនេះឡើយ ដោយចាត់ទុកថា ជាលទ្ធផលដ៏អាម៉ាស់មួយសម្រាប់ក្រុមរបស់លោក។ លោក Aleksandar Jankovic បាននិយាយដូច្នេះ ៖ «វាគឺជាលទ្ធផលដ៏អាក្រក់ និងខកចិត្តមួយសម្រាប់យើង។»។



ក្រុមជម្រើសជាតិចិន​ ដែលមានចំណាត់ថ្នាក់ពិភពលោកត្រឹមលេខ៨០ ធ្លាប់បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup កាលពីឆ្នាំ ២០០២ និងជាលើកទី១ប៉ុណ្ណោះ បើទោះជាមាននាមជាប្រទេសមានចំនួនប្រជាជនច្រើនលំដាប់ទីពីរលើពិភពលោកក្តី។
 
ការប្រកួតជាមួយស៊ីរី មានអ្នកទស្សនាចូលរួមប្រមាណត្រឹមតែ ១២,៣៦៧នាក់ ក្នុងកីឡដ្ឋានស្ថិតនៅទីក្រុង Chengdu ខណៈកីឡដ្ឋាននោះអាចផ្ទុកអ្នកទស្សនាបានដល់ទៅ ៦ម៉ឺននាក់។
 
បើតាមរបាយការណ៍របស់គេហទំព័រសារព័ត៌មានរដ្ឋចិន The Paper អ្នកគាំទ្របានស្រែកចម្អកដល់ក្រុមកីឡាករជម្រើសជាតិ ព្រមទាំងស្រែកទាមទារប្តូរយកប្រាក់ថ្លៃសំបុត្រចូលទស្សនាការប្រកួតវិញ ក្រោយចាញ់ក្រុមមានចំណាត់ថ្នាក់ទាបជាងខ្លួន។ ​វីដេអូអំឡុងពេលនៅក្នុងកីឡដ្ឋានប្រកួត ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមក្នុងប្រទេសចិន ដោយអ្នកគាំទ្របែរជាទះដៃអបអរដល់ក្រុមស៊ីរី ក្រោយពេលដែលស្រែកចម្អកដាក់ក្រុមម្ចាស់ផ្ទះយ៉ាងអាម៉ាស់។
 
គណនីផ្លូវការនៃបណ្តាញសង្គម Weibo របស់ក្រុមជម្រើសជាតិចិន ត្រូវបានអ្នកគាំទ្ររាប់ពាន់នាក់បង្ហាញរូបភាពខឹងសម្បាយ៉ាងខ្លាំង ហើយដោយភ្ជាប់ការរិះគន់ខ្លាំងៗថា គ្មានកិត្តិយសសម្រាប់ជាតិ និងស្មារតីប្រយុទ្ធដើម្បីមុខមាត់ប្រទេសជាដើម។
 
ការរិះគន់នេះ កើតឡើងក្រោយក្រុមចិន​ បានចំណាយប្រាក់យ៉ាងច្រើនសន្ធឺកសន្ធាប់លើកីឡាករបរទេសនៅក្នុងអំឡុងឆ្នាំ ២០១៥ ដល់ ២០១៨ ហើយតាំងពីពេលនោះមកប្រជាប្រិយភាពនៃបាល់ទាត់ក្នុងប្រទេសនេះបានធ្លាក់ចុះយ៉ាងខ្លាំង។ ភាពយ៉ាប់យឺននៃបាល់ទាត់ចិនកាន់តែធ្លាក់ចុះខ្លាំងឡើងអំឡុងវិបត្តិកូវីដ-១៩ និងបន្តរហូតមកដល់ពេលបច្ចុប្បន្ន៕
 

Tag:
 ចិន
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com