សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អតិផរណានៅអាហ្សង់ទីនកើនដល់១២៤ភាគរយ
15, Sep 2023 , 9:29 am        
រូបភាព
ប្រាក់ប៉េសូអាហ្សង់ទីនកំពុងធ្លាក់ថ្លៃយ៉ាងលឿន ។ រូបភាពពី Reuters ។
ប្រាក់ប៉េសូអាហ្សង់ទីនកំពុងធ្លាក់ថ្លៃយ៉ាងលឿន ។ រូបភាពពី Reuters ។
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) អាហ្សង់ទីននៅខែសីហាបានកើនដល់ ១២៤,៤ភាគរយធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន ហើយកើនឡើង ១២,៤ភាគរយបើធៀបទៅនឹងខែមុនដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ១៩៩១។ នេះបើតាមរបាយការណ៍ពីវិទ្យាស្ថានជាតិស្ថិតិនិងការស៊ើបអង្កេតរបស់អាហ្សង់ទីន (INDEC) នៅថ្ងៃទី១៣ ខែកញ្ញា។

 
អាហ្សង់ទីនកំពុងប្រឈមមុខនឹងការកើនឡើង​តម្លៃក្នុងរយៈពេលជាច្រើនទសវត្សរ៍ នាំឲ្យប្រទេសនេះស្ថិតក្នុងលំដាប់កំពូលទាំងប្រាំដែលមានកម្រិត​អតិផរណាខ្ពស់ជាងគេនៅលើពិភពលោក។
 
បើតាមរបាយការណ៍ INDEC ការកើនឡើងយ៉ាងខ្លាំងនៃសន្ទស្សន៍ CPI ក្នុងខែសីហានេះ គឺទាក់ទងដោយផ្ទាល់ទៅនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី Alberto Fernández ដែលត្រូវបានបង្ខំឱ្យទម្លាក់តម្លៃប្រាក់ប៉េសូក្នុងស្រុកជិត ២២ភាគរយកាលពីថ្ងៃទី ១៤ ខែសីហា តាមសំណើរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ( IMF) ជាលក្ខខណ្ឌមួយដើម្បីបញ្ចេញប្រាក់បន្ថែមចំនួន ៧,៥ពាន់លានដុល្លារដល់អាហ្សង់ទីនក្នុងកិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធបំណុលរវាងភាគីទាំងពីរ។ 
 
ព័ត៌មានខាងលើនេះ បានបណ្តាលឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវទំនិញ និងសេវាកម្មនាំចូលរបស់អាហ្សង់ទីនដែលបានទិញជាប្រាក់ដុល្លារ។ សន្ទស្សន៍ CPI ជារង្វាស់មួយដ៏សំខាន់សម្រាប់វាស់វែងផលប៉ះពាល់នៃអតិផរណាទៅលើសុខុមាភាពរបស់អ្នកប្រើប្រាស់។
 
ក្រុមហ៊ុនវិភាគហិរញ្ញវត្ថុជឿជាក់ថា អតិផរណានៅអាហ្សង់ទីននឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានខែខាងមុខនេះ ដោយសារទីផ្សារកាន់តែស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានមុនការបោះឆ្នោតប្រធានាធិបតីជាផ្លូវការនៅខែតុលា។
 
សេដ្ឋវិទូ Victor Beker នាយកមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Belgrano បាននិយាយថា ផែនការទប់ស្កាត់អតិផរណាគឺចាំបាច់បំផុតសម្រាប់អាហ្សង់ទីននៅពេលនេះ ប៉ុន្តែសេណារីយ៉ូនេះទំនងជាមិនកើតឡើងមុនថ្ងៃទី១០ ខែធ្នូ ដែលជាពេលវេលាដែលរដ្ឋាភិបាលថ្មីកាន់អំណាចជាផ្លូវការឡើយ។
 
ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុបានប៉ាន់ប្រមាណថា អតិផរណាឆ្នាំ២០២៣នេះ នឹងស្ថិតនៅចន្លោះពី ១៥៥ភាគរយទៅ ១៧០ភាគរយដែលខ្ពស់ជាងការកើនឡើង ៩៤,៨ភាគរយដែលបានកត់ត្រាកាលពីឆ្នាំមុន៕
 

Tag:
 អាហ្សង់ទីន
  អតិផរណា​
© រក្សាសិទ្ធិដោយ thmeythmey.com