សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារកណ្តាលអឺរ៉ុបបន្តដំឡើងអត្រាការប្រាក់ជាលើកទី១០
15, Sep 2023 , 10:23 am        
រូបភាព
ទីស្នាក់ការធនាគារកណ្តាលអឺរ៉ុបនៅអាល្លឺម៉ង់ ។  រូបភាព AFP ។
ទីស្នាក់ការធនាគារកណ្តាលអឺរ៉ុបនៅអាល្លឺម៉ង់ ។ រូបភាព AFP ។
ធនាគារកណ្តាលអឺរ៉ុប (ECB) បានបង្កើនអត្រាការប្រាក់សំខាន់ៗចំនួនបីរួមទាំងអត្រាការប្រាក់សម្រាប់ការផ្តល់ហិរញ្ញប្បទានឡើងវិញដល់ ៤,២៥ភាគរយ អត្រាការប្រាក់បញ្ញើកើនដល់ ៤ភាគរយ និងអត្រាការប្រាក់ផ្តល់ប្រាក់កម្ចីដល់ ៤,៥ភាគរយដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីប្រាក់អឺរ៉ូបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩។

 
នៅថ្ងៃទី១៤ ខែកញ្ញា ធនាគារកណ្តាលអ៊ឺរ៉ុបបានសម្រេចចិត្តដំឡើងអត្រាការប្រាក់ដ៏សំខាន់របស់ខ្លួនជាលើកទី ១០ ដែលជាកម្រិតខ្ពស់បំផុតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា។
 
ECB បានបង្កើនអត្រាការប្រាក់សំខាន់ៗចំនួនបីរួមទាំងការផ្តល់អត្រាការប្រាក់ឡើងវិញដល់ ៤,២៥ភាគរយ អត្រាការប្រាក់បញ្ញើកើនដល់ ៤ភាគរយ និងអត្រាការប្រាក់ផ្តល់ប្រាក់កម្ចីដល់ ៤,៥ភាគរយដែលកម្រិតខ្ពស់ចាប់តាំងពីការចាប់ផ្តើមនៃប្រាក់អឺរ៉ូក្នុងឆ្នាំ ១៩៩៩។
 
ទោះបីជាមានការកើនឡើងអត្រាការប្រាក់ចំនួន៩ ជាប់ៗគ្នាក៏ដោយ អតិផរណានៅតែមានច្រើនជាងទ្វេដងនៃគោលដៅ ២ភាគរយដែលកំណត់ដោយ ECB ហើយមិនត្រូវបានរំពឹងថានឹងធ្លាក់ចុះដល់កម្រិតនេះក្នុងរយៈពេល ២ឆ្នាំខាងមុខឡើយ។
 
ECB ជឿជាក់ថាអតិផរណានឹងនៅតែខ្ពស់នាពេលអនាគតដ៏ខ្លីក្នុងកម្រិត ៥,៦ភាគរយឆ្នាំ២០២៣ និង ៣,២ភាគរយនៅឆ្នាំ ២០២៤ មុនពេលត្រជាក់មកវិញបន្តិចដល់ ២,១ភាគរយនៅឆ្នាំ ២០២៥។
 
លើសពីនេះទៀត ECB ក៏បានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូនៅរយៈពេល ៣ឆ្នាំខាងមុខ ក្នុងបរិបទនៃលក្ខខណ្ឌហិរញ្ញវត្ថុដ៏លំបាកដែលជះឥទ្ធិពលអវិជ្ជមានដល់តម្រូវការ និងការធ្លាក់ចុះនៃពាណិជ្ជកម្មអន្តរជាតិ។
 
បើតាមការព្យាកររបស់ ECB កំណើនសេដ្ឋកិច្ចក្នុងតំបន់នេះនឹងមាន ០,៧ភាគរយនៅឆ្នាំនេះ ១ភាគរយឆ្នាំក្រោយ និង១,៥ភាគរយនៅឆ្នាំ ២០២៥។ 
 
អ្នកវិភាគនិយាយថា ការដំឡើងអត្រាការប្រាក់នឹងទប់ស្កាត់អតិផរណាព្រោះវាអាចបង្អាក់ដល់ការខ្ចីប្រាក់ និងការចំណាយ ប៉ុន្តែក៏មានហានិភ័យចំពោះសកម្មភាពសេដ្ឋកិច្ចផងដែរ។
 
អ្នកបង្កើតគោលនយោបាយមើលឃើញថាការព្យាករឆ្នាំ ២០២៤មានសារៈសំខាន់ក្នុងការកំណត់ថាតើអតិផរណាដែលនៅតែលើសពី ៥ភាគរយដែលអាចត្រឡប់ទៅគោលដៅ ឬហានិភ័យនៃការជាប់គាំងនៅកម្រិតខ្ពស់ពេក។
 
កាលពី ១៤ខែមុន អត្រាការប្រាក់នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូមានកម្រិតទាបបំផុតគឺ -០,៥ភាគរយដែលមានន័យថាធនាគារត្រូវបង់ថ្លៃសេវាដើម្បីដាក់ប្រាក់នៅធនាគារកណ្តាល៕
 

Tag:
 ECB
  អត្រាការប្រាក់
  ធនាគារកណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com