កីឡាជាតិ
ជាតិ
វិសាខា-ភ្នំពេញក្រោន ឈ្នះ ចាញ់ ស្មើគ្នា ក្នុងជំនួប១០លើកចុងក្រោយ ក្នុងលីគកំពូលកម្ពុជា
16, Sep 2023 , 9:09 am        
រូបភាព
ភ្នំពេញក្រោន ប្រកួតជាមួយ វិសាខា ក្នុង Super Cup រូបពី Cambodian Premier League
ភ្នំពេញក្រោន ប្រកួតជាមួយ វិសាខា ក្នុង Super Cup រូបពី Cambodian Premier League
វិសាខា ត្រូវស្វាគមន៍ ភ្នំពេញក្រោន ក្នុងការប្រកួតលីគកំពូលកម្ពុជា (Cambodian Premier League) សប្ដាហ៍ទី៥ នៅថ្ងៃទី១៧ ខែកញ្ញា វេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋានព្រីនស៍។ ក្រុមទាំង ២នេះ ធ្លាប់ជួបគ្នា ១០លើករួចមកហើយក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ដោយគិតចាប់ពីឆ្នាំ២០១៨មក ក្នុងនោះ ឈ្នះចាញ់២លើកដូចគ្នា និង ស្មើ ៦ ប្រកួត។



ផ្អែកទៅលើប្រវត្តិ នៃការប្រកួត ១០ លើកក្នុងលីគកំពូល ក្រុមទាំង ២ មានកម្រិតប្រហាក់ប្រហែលគ្នា ព្រោះស្មើគ្នា ៦លើក និងឈ្នះ ២លើកដូចគ្នា។ ដោយឡែក ២ប្រកួតចុងក្រោយ ភ្នំពេញក្រោន បានឈ្នះវិសាខា ទាំងលទ្ធផលប្រកៀកប្រកិតគ្នា គឺនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ឈ្នះក្នុងលទ្ធផល ៤-៣ នៅកីឡដ្ឋាន Smart RSN និង​នៅថ្ងៃទី២៦ ខែ១១ ឆ្នាំ២០២២​ ឈ្នះ ៣-២ នៅកីឡដ្ឋានព្រីនស៍។
 
តើជំនួបលើកទី១១ ក្នុងលីគកំពូលកម្ពុជា វិសាខា អាចយកឈ្នះ លើក្រុមការពារដំណែងជើងឯក ឆ្នាំ២០២២ បានដែរទេ?
 
សម្រាប់ការប្រកួតក្នុងសប្ដាហ៍ទី ៥ នេះ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមបាល់ទាត់ព្រៃវែង ត្រូវទទួល កងយោធពលខេមរភូមិន្ទ នាម៉ោង ៣:៤៥ រសៀល នៅកីឡដ្ឋានខេត្តព្រៃវែង។ 
 
នៅក្នុងថ្ងៃដដែរនេះ នាម៉ោង ៦:០០ យប់ ព្រះខ័នរាជ ស្វាយរៀង ហ្វូតបល ក្លិប ឯ.ក ត្រូវជួបជាមួយ អង្គរថាយហ្គឺរ។ គិតត្រឹមសប្ដាហ៍ទី៤ ព្រះខ័នរាជ ស្វាយរៀង មិនទាន់ចាញ់នៅឡើយទេ ចំណែក ក្រុមមកពីខេត្តសៀមរាបនេះ ឈ្នះ ១ប្រកួតប៉ុណ្ណោះ។ តើអង្គរថាយហ្គឺរ អាចឲ្យព្រះខ័នរាជ ស្វាយរៀង ស្គាល់បរាជ័យជាលើកដំបូង ក្នុងលីគរដូវ ថ្មីនេះទេ?
 
ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ៣គូ ប្រកួតក្នុងពេលតែមួយ នៅវេលាម៉ោង ៦:០០ យប់។ អាយ អេស អាយ ដង្កោសែនជ័យ ត្រូវស្វាគមន៍ ណាហ្គាវើលដ៏ នៅកីឡដ្ឋាន AIA KMH Park ខណៈ បឹងកេត ប្រកួតជាមួយ គិរីវង់សុខសែនជ័យ នៅពហុកីឡដ្ឋានអូឡាំពិក។ ចំណែក វិសាខា ត្រូវប្រកួតជាមួយ ភ្នំពេញក្រោន នៅកីឡដ្ឋានព្រីនស៍។
 
គួរបញ្ជាក់ផងដែរ ព្រះខ័នរាជ ស្វាយរៀង ឈ្នះ ៤សប្ដាហ៍ជាប់គ្នា មាន ១២ពិន្ទុ ឈរចំណាត់ថ្នាក់លេខ១ (បណ្ដោះអាសន្ន) តាមពីក្រោយដោយ វិសាខា មាន ៩ពិន្ទុ ស្មើគ្នាជាមួយ ភ្នំពេញក្រោន ឈរចំណាត់ថ្នាក់លេខ៣។ រីឯលេខ៤ ខេត្តព្រៃវែង ឈរលេង៤ ស្មើជាមួយ បឹងកេត ឈរលេខ៥ មាន ៧ពិន្ទុ។ ចំណែក កងយោធពលខេមរភូមិន្ទ ឈរលេខ៦ មាន ៤ពិន្ទុ។ ណាហ្គាវើលដ៍ លេខ៧, អង្គរថាយហ្គឺរ លេខ៨ និង អាយ អេស អាយ ដង្កោសែនជ័យ លេខ៩ មាន ៣ ពិន្ទុស្មើគ្នា។ រីឯ គិរីវង់សុខសែនជ័យ បន្ដនៅបាតតារាង ឈរលេង ១០ មាន ១ពិន្ទុ។
 
ក្រៅពីប្រកួតលីគក្នុងស្រុក ក្រុមភ្នំពេញក្រោន ត្រូវបន្តភារកិច្ចក្នុងការត្រៀមប្រកួតពានរង្វាន់ AFC Cup ២០២៣-២៤ វគ្គសន្សំពិន្ទុពូល F នាថ្ងៃទី២១ ខែកញ្ញា ទល់ក្រុមហ្វីលីពីន DH Cebu៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com