អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋមន្រ្តីការពារជាតិចិនដែលបាត់មុខច្រើនថ្ងៃ មានវាសនាដូចរដ្ឋមន្រ្តីការបរទេស?​
15, Sep 2023 , 3:49 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ។ រូបភាព AFP ។
រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ។ រូបភាព AFP ។
លោក លី សាងហ្វូ ជារដ្ឋមន្រ្តីការពារជាតិចិនមិនបានបង្ហាញមុខជាសាធារណៈអស់រយៈពេលជាង៣សប្តាហ៍ ស្របពេលនឹងដំណើរការរុះរើក្បាលម៉ាស៊ីនក្នុងជួរកងទ័ពចិន។ ទីក្រុងវ៉ាស៊ីនតោនឯណោះសង្ស័យថា លោក លី កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយទីក្រុងប៉េកាំងដែលឈានទៅដល់ការដកហូតដំណែង ដូចអ្វីដែលកើតឡើងលើរដ្ឋមន្រ្តីការបរទេស ឈីន កាង ដែរ។

 
អ្វីដែលកើតឡើងចំពោះលោក ឈីន កាង អតីតរដ្ឋមន្រ្តីការបរទេសចិន ហាក់កំពុងមានលើលោក លី សាងហ្វូ រដ្ឋមន្រ្តីការពារជាតិបច្ចុប្បន្នដែរ។ បាត់មុខពីកម្មវិធីនានាជាច្រើនសប្ដាហ៍ ទីបំផុតលោក ឈីន ក៏ត្រូវបានដកតំណែង ហើយជំនួសលោក វ៉ាង យី នៅខែកក្កដា។ លោក លី វិញ បាត់មុខ៣សប្ដាហ៍ដែរហើយ។
 
ការបាត់មុខរបស់លោក លី ក៏កើតចំពេលដែលរដ្ឋាភិបាលចិនចាត់វិធានការក្ដៅក្នុងផ្នែកយោធា។ មេបញ្ជាការកងកម្លាំងរ៉ុក្កែតដែលគ្រប់គ្រងនុយក្លេអ៊ែរទាំងអស់របស់ចិន និងស្នងការនយោបាយ ត្រូវបានផ្លាស់ប្ដូរ ហើយទំនងជាស្ថិតក្រោមការស៊ើបអង្កេតផង។ មន្រ្តីយោធាមួយចំនួនទៀត ក៏ត្រូវបានដាក់ក្រោមការស៊ើបអង្កេតដូចគ្នាដែរ។
 
អាម៉េរិក ដែលប៉ុនប៉ងបង្កើតជំនួបរដ្ឋមន្រ្តីការពារជាតិឡើងវិញនោះ ក៏លូកមាត់ចូលរឿងនេះដែរ។​ រដ្ឋាភិបាលអាម៉េរិកជឿជាក់ថា ការបាត់ខ្លួនរបស់រដ្ឋមន្ត្រីការពារជាតិចិន ពាក់ព័ន្ធការស៊ើបអង្កេតដោយទីក្រុងប៉េកាំង ហើយត្រូវបង្ខំឲ្យលាលែងពីតំណែង។ នេះបើតាមរបាយការណ៍កាសែតអាម៉េរិក Financial Times ចេញនៅថ្ងៃទី១៤ ខែកញ្ញា ។ 
 
ជុំវិញការបាត់ខ្លួនប្រមុខកាពារជាតិចិនរូបនេះ អ្នកការទូតអាម៉េរិកនៅជប៉ុនវិញ ក៏ចោទសួរពីវត្តមានលោក លី ដែរ។ លោក Rahm Emanuel ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសជប៉ុន សរសេរលើបណ្ដាញសង្គមថា លោក លី បាត់ដំណឹងអស់រយៈពេល ៣សប្តាហ៍មកហើយ ដែលទំនងត្រូវបានឃុំក្នុងផ្ទះ។
 
លោក លី បានធ្វើដំណើរទៅកាន់រុស្ស៊ីដើម្បីចូលរួមសន្និសីទសន្តិសុខមួយនៅជិតទីក្រុងមូស្គូកាលពីថ្ងៃទី ១៥ ខែសីហា។ ពីរថ្ងៃក្រោយលោក លី បានដំណើរទៅបេឡារុស្សដោយបានឃើញការចេញផ្សាយរូបថតចួបជាមួយប្រធានាធិបតីបេឡារុស្ស Alexander Lukashenko ។ 
 
លោក លី បង្ហាញមុខជាសារធារណៈចុងក្រោយនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៩ ខែសីហាអំឡុងថ្លែងសុន្ទរកថានៅក្នុងវេទិកាសន្តិសុខជាមួយបណ្តាប្រទេសអាហ្វ្រិក។
 
លើសពីនោះ លោក លី បែរជាអវត្តមានពីកិច្ចប្រជុំជាមួយសមភាគីវៀតណាមដែលគ្រោងធ្វើកាលពីសប្ដាហ៍មុនថែមទៀត។ បើតាមមន្រ្តីទីក្រុងហាណូយ ទីក្រុងប៉េកាំងជូនដំណឹងថា លោក លី មានបញ្ហាសុខភាព៕
 

Tag:
 ចិន
  រដ្ឋមន្រ្តីការពារជាតិចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com