កីឡាជាតិ
ជាតិ
ខាន់ ចេសា ត្រូវការពារមេដាយមាសកីឡាអាស៊ីនៅចិន ៦ថ្ងៃបន្ទាប់ប្រកួតនៅសង្វៀន ONE
16, Sep 2023 , 3:39 pm        
រូបភាព
ខាន់ ចេសា អំឡុងឈ្នះមេដាយមាសកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា
ខាន់ ចេសា អំឡុងឈ្នះមេដាយមាសកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា
ខាន់ ចេសា ត្រូវការពារតំណែងជើងឯកមេដាយមាសកីឡាអាស៊ី Asian Games របស់ខ្លួន នៅចិន ៦ថ្ងៃបន្ទាប់ពីបង្ហាញ​ខ្លួន​ជា​លើក​ដំបូង​លើសង្វៀន ONE Championship ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ពិភពលោក​ ទល់កីឡាការិនីវាយក្នុងទ្រុង Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 ​នៅ​ថ្ងៃ​ទី៣០ ខែ​កញ្ញា ឆ្នាំ២០២៣។


បើគ្មានអ្វីប្រែប្រួលទេនោះ ជំនួបរវាងម្ចាស់មេដាយមាសស៊ីហ្គេម និង Asian Games កីឡាជឺជិតស៊ូ ចេសា និង Kelly នឹង​ប្រកួតគ្នាលើប្រភេទកីឡាវាយក្នុងទ្រុង ​ដើម្បីដណ្តើម​ខ្សែក្រវាត់ពិភពលោក​ទម្ងន់​ស្រាល ONE Atomweight នៅ​​សិង្ហបុរី។ 
 
ជាការបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE កីឡាការិនីខ្មែរ-អាម៉េរិក បានបង្ហាញការទង្វឹងរង់ចាំ ដោយចាត់ទុកជំនួបដំបូងនេះជាការប្រកួតសំខាន់ និងពិសេសដែលមិនធ្លាប់មានពីមុនមក។
   
ចេសា ធ្លាប់ឈ្នះ Kelly ក្នុងប្រភេទកីឡាជឺជិតស៊ូ កាលពីខែកុម្ភៈ ឆ្នាំ២០២១ នៅទឹកដីអាម៉េរិក ដើម្បីក្រសោបយកតំណែងជើងឯកពិភពលោក។ យ៉ាងណាកីឡាការរិនីអាម៉េរិក Kelly​ មិនដែលចាញ់ឡើយលើសង្វៀន UFC ក្នុងការប្រកួតទាំងបីលើក។ ឆ្នាំ២០២៣នេះ កីឡាការនីខ្សែក្រវាត់ខ្មៅជឺជិតស៊ូទាំងពីរ ត្រូវជួបគ្នាក្នុងប្រភេទកីឡាវាយក្នុងទ្រុងវិញម្តង និងជាប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកផងដែរ។
 
៦ថ្ងៃបន្ទាប់ពីការប្រកួតកីឡាក្នុងទ្រុង កីឡាការិនីជម្រើសជាតិកម្ពុជា ចេសា នឹងត្រូវចាកចេញពីសិង្ហបុរី បន្តទៅកាន់ប្រទេសចិន ដើម្បីការពារតំណែងជើងឯកមេដាយមាសកីឡាអាស៊ីរបស់ខ្លួន។ បើតាមកាលវិភាគប្រកួត កីឡាការិនីតំណាងកម្ពុជាវ័យ២១ឆ្នាំរូបនេះ នឹងត្រូវប្រកួតកីឡាជឺជិតស៊ូ លើប្រភេទទម្ងន់ ៥២គីឡូក្រាម នៅថ្ងៃទី៦ ខែតុលា ដោយប្រកួត១ថ្ងៃនេះប៉ុណ្ណោះដើម្បីដណ្តើមមេដាយតែងម្តង។
 
កាលពីកីឡាអាស៊ីលើកទី១៨ នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០១៨ មានកីឡាករ កីឡាការិនីកម្ពុជា២រូបប៉ុណ្ណោះ ដែលដណ្តើមបានមេដាយចំនួន៣ឱ្យកម្ពុជា។ ក្នុងនោះ ខាន់ ចេសា ដណ្តើមបានមេដាយមាស១ និងកីឡាករម៉ូតូទឹក សាលី អ៊ូមើត ដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធ១។ អ្វីដែលគួរសោកស្តាយ កីឡាអាស៊ីលើកទី១៩ ម្ចាស់ផ្ទះចិន មិនបានដាក់ប្រភេទកីឡាម៉ូតូទឹកឡើយ ដែលធ្វើឱ្យ អ៊ូមើត មិនអាចបន្តទៅការពារមេដាយមាសរបស់ខ្លួន។
 
បើតាមការចុះផ្សាយរបស់គណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) អត្តពលិកកីឡាកម្ពុជា ដែលត្រូវចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីនៅចិន មាន១៧ប្រភេទកីឡា ក្នុងនោះរួមមាន កីឡាបាល់ទះ, បាល់បោះ, អត្តពលកម្ម, ហែលទឹក, គ្រីឃីត, យូដូ, ចំបាប់, វាយសី, ជឺជីតស៊ូ, ការ៉ាតេ, ទូក ក្ដោង, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ។
 
កីឡាអាស៊ីលើកទី១៩ ដែលនឹងចាប់ផ្តើមប្រកួតផ្លូវការពីថ្ងៃទី២៣ ខែកញ្ញា និងបិទបញ្ចប់វិញនៅថ្ងៃ៨ ខែតុលា មាន៤០ប្រភេទកីឡា ក្នុងនោះមាន៤៨១វិញ្ញាសា ដើម្បីប្រកួតប្រជែងគ្នាក្នុងទីក្រុង Hangzhou ប្រទេសចិន៕
 


Tag:
 ខាន់ ចេសា
  ជឺជិតស៊ូ
  ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com