ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ស្នើចិនវិនិយោគលើគម្រោងសំខាន់ៗមួយចំនួន និងជួយជំរុញវិស័យទេសចរណ៍
16, Sep 2023 , 5:59 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត (ឆ្វេង) លោក លី ឈាង នាយករដ្ឋមន្រ្តីចិន (ស្ដាំ) ក្នុងជំនួបនៅមហាវិមានប្រជាជន នាថ្ងៃទី១៥ កញ្ញា។
សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត (ឆ្វេង) លោក លី ឈាង នាយករដ្ឋមន្រ្តីចិន (ស្ដាំ) ក្នុងជំនួបនៅមហាវិមានប្រជាជន នាថ្ងៃទី១៥ កញ្ញា។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្នើឱ្យភាគីចិន ពិនិត្យពិចារណាលើគម្រោងសំខាន់ៗ ចំនួន៤ និងស្នើឱ្យជួយជំរុញវិស័យទេសចរណ៍។



ក្នុងជំនួបទល់មុខ នៅមហាវិមានប្រជាជន ក្រុងប៉េកាំង នាថ្ងៃទី១៥ ខែកញ្ញា  សម្ដេច ហ៊ុន ម៉ាណែត បានស្នើដល់លោក លី ឈាង នាយករដ្ឋមន្រ្តីចិន ពិចារណាលើគម្រោងពាក់ព័ន្ធនឹងសន្តិសុខថាមពល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។  ជាពិសេសការជំរុញផ្នែកវិនិយោគ លើគម្រោងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការស្តារ និងជំរុញវិស័យទេសចរណ៍។ 
 
នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ៖« កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបន្តអនុវត្តនូវគម្រោងដែលបានព្រមព្រៀងគ្នា និងខិតខំស្វែងរកនូវគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីអនុវត្តសម្រាប់ជាផលប្រយោជន៍ជូនប្រជាជនទាំងពីរ ឱ្យបានកាន់តែប្រសើរ»។ 
 
ក្នុងជំនួបដដែលនេះ សម្ដេច ហ៊ុន ម៉ាណែត និង លោក លី ឈាង  ក៏បានធ្វើជាសាក្សីលើការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១៥ រួមមាន ឯកសារស្តីពីផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងឆ្នាំ២០២៤-២០២៨។
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានប្រកាសពីការរក្សាជំហរក្នុងការគាំទ្រចិន នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ព្រមទាំងបន្តគាំទ្រនូវគំនិតផ្តួចផ្តើមនានារបស់ចិន។ 
 
គួរជម្រាបថា  ដំណើរទស្សនកិច្ចទ្វេភាគីរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៦ កញ្ញា  តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង។  តាមរយៈដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានមានជំនួបដោយឡែកជាមួយលោក ស៊ី ជិនភីង ប្រធានាធិបតីចិន និងលោក ចាវ ឡឺជឺ ប្រធានសភាតំណាងប្រជាជន៕

Tag:
 សម្ដេច ហ៊ុន ម៉ាណែត
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com