សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បានបង្ហាញពីការវាយតម្លៃរបស់ខ្លួនថា ការកាន់តំណែងរបស់អ្នកចាត់ការទូទៅក្រុមស្ថិតក្នុងលីគកំពូលៗនៅតំបន់អឺរ៉ុបកាលពីរដូវកាលមុនមានរយៈពេលជាមធ្យមមិនលើសពី ១ឆ្នាំ ៤ខែ។
រដូវកាល ២០២២-២៣ បានក្លាយជាកំណត់ត្រាមួយដ៏ខ្ពស់បំផុតមួយ ដែលមានការបណ្តេញអ្នកចាត់ការក្រុមចំនួន ៧៣៥លើក នៃក្របខណ្ឌលីគកំពូលទូទាំងតំបន់អឺរ៉ុប។ ក្របខណ្ឌ Premier League តែមួយ ជាកំណត់ត្រាមានការផ្លាស់ប្តូរអ្នកចាត់ការអចិន្ត្រៃយ៍ចំនួន ១៥ដងជាងរៀងរាល់រដូវកាល។ បើតាមរបាយការណ៍របស់ UEFA ការងារអ្នកចាត់ការទូទៅក្រុមចំនួន ១,២០៩ នៅទូទាំងតំបន់ទ្វីបអឺរ៉ុប មានអ្នកចាត់ការមធ្យមត្រឹមតែ ៥ភាគរយប៉ុណ្ណោះ ដែលបានកាន់កាប់ការងារច្រើនជាងរយៈពេល ៥ឆ្នាំ ឬច្រើនជាងនេះ។
ស្ថិតក្នុងឯកសារដែលបានស្រាវជ្រាវដ៏ស៊ីជម្រៅរបស់ UEFA ដែលមានឈ្មោះថា «European Club Talent and Competition Landscape» បានឱ្យដឹងថា រយៈពេលគ្រប់គ្រងជាមធ្យមទូទៅនៅទូទាំង លីគកំពូលអឺរ៉ុបចំនួន ៤៨ ក្នុងឆ្នាំ ២០២៣-២៣ គឺមានរយៈពេល ១៥ខែ ដែលនេះជាកម្រិតទាបបំផុតមួយ ដូចទៅនឹងឆ្នាំ ២០១៨ ដែលមានជាមធ្យមរយៈពេល ១៥ខែ។ នៅប្រទេសចំនួន ៦ ដោយក្នុងនោះរួមមានប្រទេសចំនួន ៣ស្ថិតក្នុងចក្រភពអង់គ្លេស វែលស៍, អៀរឡង់ខាងជើង និងសាធារណៈរដ្ឋអៀរឡង់ ដែលអ្នកចាត់ការមានការដឹកនាំដល់រយៈពេលជាង ២ឆ្នាំឡើងទៅ។
កាលឆ្នាំ ២០១៦ រយៈពេលនៃការដឹកនាំរបស់អ្នកចាត់ការទូទៅមានរយៈពេលខ្លីបំផុតត្រឹមជិត ១៥ខែ តែប៉ុណ្ណោះ ដោយខុសពីឆ្នាំ ២០១៣ ដែលរយៈពេលនៃការដឹកនាំជាមធ្យមរយៈពេលជាង ១៦ខែ។ រយៈពេលជាមធ្យមនៃការដឹកនាំក្រុមនេះ បានគូសបញ្ជាក់អំពីភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងនៃការគ្រប់គ្រងបាល់ទាត់។
រដូវកាលដែលមានការផ្លាស់ប្តូរគ្រូបង្វឹកច្រើនបំផុតគឺនៅក្នុងរដូវកាល ២០២០-២១ ដែលមានអ្នកចាត់ការចំនួន ៧៦៣នាក់ ត្រូវបានបណ្តេញចេញពីការងារ។ ការផ្លាស់ប្តូរនេះ UEFA អះអាងថាដោយសារតែក្លិបត្រូវការពង្រឹងទម្រង់លេងថ្មី បន្ទាប់ពីពន្យាពេលនៃការផ្លាស់ប្តូរអំឡុងជំងឺរាតត្បាតកូវីដ-១៩។
សម្រាប់ក្របខណ្ឌ Premier League រដូវកាលមុនមានអ្នកចាត់ការចំនួន ៤១នាក់ត្រូវបានផ្លាស់ប្តូរ ដោយមានក្លិបចំនួន ៦ បានផ្លាស់ប្តូរអ្នកចាត់ការចំនួន ៣ដង ក្នុងមួយរដូវកាល ហើយ Chelsea និង Leeds ជាក្រុមដែលបានផ្លាស់ប្តូរចំនួន ៤លើក។ Premier League ជាលីគដែលមានការប្តូរច្រើនជាងលីគកំពូលចំនួន ៤ផ្សេងទៀត ដោយមានស្ថិតិ ៥៥ភាគរយ, បារាំង និងអេស្ប៉ាញ ៥០ភាគរយ, អាល្លឺម៉ង់ ៤៤ភាគរយ និងអ៊ីតាលី ៣៥ភាគរយ។
ចំណែកអ្នកចាត់ការចូលកាន់តំណែងត្រឹមបណ្តោះអាសន្ន និងរយៈពេលខ្លី មានចំនួន ២២ដង សម្រាប់ក្របខណ្ឌ Premier League រដូវកាលមុន ហើយចំនួននេះស្មើនឹងកំណត់ត្រាជាលីគមានអ្នកចាត់ការបណ្តោះអាសន្នច្រើនជាងគេដូចទៅនឹងលីគកំពូលបារាំង។
នៅដើមរដូវកាល ២០២៣-២៤ មានការផ្លាស់ប្តូរអ្នកចាត់ការរួចទៅហើយសម្រាប់ក្របខណ្ឌ Premier League ដោយលោក Julen Lopetegui បានចាកចេញពីក្រុម Wolves មួយសប្តាហ៍មុនពេលបើករដូវកាលនៅក្នុងខែកក្កដា ហើយជំនួសដោយលោក Gary O’Neil៕