ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ៖ ការធ្វើពាណិជ្ជកម្ម ពុំគួរប្រើជាអាវុធ ដែលបំផ្លាញសន្តិសុខសេដ្ឋកិច្ចពិភពលោក
17, Sep 2023 , 1:59 pm        
រូបភាព
ភ្នំពេញ៖ ពាណិជ្ជកម្ម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក។ នេះជាការថ្លែងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ាន ដែលសម្ដេចបានអះអាងថា ការធ្វើពាណិជ្ជមិនគួរត្រូវប្រើប្រាស់ជាអាវុធ ដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ ។



ថ្លែងក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ាន នៅថ្ងៃទី១៦ ខែកញ្ញា សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា  ទោះបីកាលពីពេលកន្លង សកលលោក បានជួបនឹងវិបត្តជំងឺកូវីដ-១៩ ក៏ដោយ តែលំហូរនៃការធ្វើពាណិជ្ជកម្ម នៅតែបន្តដំណើរការ។  ជាក់ស្ដែង ទំហំពាណិជ្ជកម្មអាស៊ាន-ចិន បានកើនឡើងដល់ ៧២២ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ 
 
សម្ដេច ហ៊ុន ម៉ាណែត  បានបញ្ជាក់ថា៖ «នៅពេលដែលវិបត្តិជំងឺរាតត្បាតបានថមថយទៅ យើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈម ផ្សេងទៀត ដូចជា ការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ សន្តិសុខស្បៀង និង ផលប៉ះពាល់ពីការ ប្រែប្រួលអាកាសធាតុ ជាដើម ។ ខ្ញុំចង់គូសរំលេចពីតួនាទីដ៏សំខាន់របស់ពាណិជ្ជកម្ម ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយនេះ ដើម្បីធានាថាការពឹងផ្អែកទៅវិញទៅមក និង សកលភាវូបនីយកម្ម គឺជាការផ្តការល់ផលប្រយោជន៍ទៅវិញទៅមក» ។ 
  


បើតាមសម្ដេចនាយករដ្ឋមន្រ្តី អាស៊ាន និង ចិន បានពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីយ៉ាងល្អ។ លើសពីនេះ ក្នុងទិសដៅខាងមុខ អាស៊ាន និង ចិន នឹងត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និង ពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្តបើកច្រកទីផ្សារការពង្រឹងការតភ្ជាប់ ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់។ ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់ ការពង្រឹងកិច្ច សម្រួលពាណិជ្ជកម្ម និង រួមគ្នាជំរុញសកម្មភាពវិនិយោគទៅវិញទៅមក ។
 
 « យើងក៏ត្រូវ ពង្រឹងការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងអនុលោមភាពនៃលក្ខខណ្ឌទីផ្សារ និង តម្រូវការទីផ្សារ ដែលការគាំទ្រទាំងនេះអាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍអាចទាញផល ប្រយោជន៍បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែលកើតចេញពីយន្តការពាណិជ្ជកម្មពហុ- ភាគី» ។ នេះជាការលើកឡើងរបស់ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
 
ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ ក៏បានប្ដេជ្ញាចិត្ត ក្នុងការសហការជាមួយរដ្ឋាភិបាលនៃប្រទេស នានាក្នុងតំបន់ និង វិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែលអាចចូល រួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និង ពិភពលោក ៕



© រក្សាសិទ្ធិដោយ thmeythmey.com