ជាតិ
បុគ្គលដែលមានប្រជាប្រិយភាពមួយចំនួនក្លាយជាអ្នកអូសទាញពលរដ្ឋឱ្យលេងល្បែងអនឡាញខុសច្បាប់
19, Sep 2023 , 3:32 pm        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ទទួលបន្ទុកជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ទទួលបន្ទុកជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា
ដោយ: រួបរួម
សាធារណជន ជាពិសេសបុគ្គលដែលមានប្រជាប្រិយភាពលើបណ្តាញសង្គម (Influencers) មួយចំនួន កំពុងក្លាយជាអ្នកអូសទាញពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។ តាមរយៈសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី១៥ ខែកញ្ញា គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានព្រមានអ្នកទាំងនោះឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់។



ការផលិតវីដេអូខ្លីៗ និងការបង្កើតមាតិកាអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ កំពុងមានសកម្មភាពផុសផុល។ បើតាមគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ទង្វើទាំងនេះ បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។

«ប្រតិបត្តិករល្បែងពាណិជ្ជកម្មទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ និងគ្រប់មធ្យោបាយ»។ នេះជាការព្រមានរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដោយសំដៅផងដែរទៅកាន់អ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្តតាមបណ្តាញសង្គម និងបុគ្គលពាក់ព័ន្ធផ្សេងទៀត។

គណៈកម្មការដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយនេះ បានបញ្ជាក់យ៉ាងច្បាស់ថា រាល់សកម្មភាពពាក់ព័ន្ធនឹងការចូលរួមផ្សព្វផ្សាយ ឬចែកចាយវីដេអូដែលមានខ្លឹមសារផ្សព្វផ្សាយអំពីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់រូបភាព ជាសកម្មភាពខុសច្បាប់៕

អត្ថបទទាក់ទង



© រក្សាសិទ្ធិដោយ thmeythmey.com