ជាតិ
សិល្បះ
លក្ខណៈវិនិច្ឆ័យនៃតម្លៃលេចធ្លោជាសកលរបស់រមណីយដ្ឋានប្រាសាទកោះកេរ
20, Sep 2023 , 9:20 am        
រូបភាព
ទិដ្ឋភាពថ្ងៃរះនៅប្រាសាទធំ នៃរមណីយដ្ឋាន​ប្រាសាទកោះកេរ។ រូបថត អាជ្ញាធរជាតិព្រះវិហារ
ទិដ្ឋភាពថ្ងៃរះនៅប្រាសាទធំ នៃរមណីយដ្ឋាន​ប្រាសាទកោះកេរ។ រូបថត អាជ្ញាធរជាតិព្រះវិហារ
រមណីយដ្ឋានបុរាណប្រាសាទកោះកេរ (អតីតរាជធានីលិង្គបុរ ឬឆោកគគីរ) ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំលើកទី៤៥ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា នៅក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ យូណេស្កូ ទទួលស្គាល់ពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មពិសេសនៃរមណីយដ្ឋានបុរាណវិទ្យានេះ និងតម្លៃជាសាកលដ៏លេចធ្លោរបស់ខ្លួន ដែលជាកិត្តិយសដល់កេរដំណែលដ៏យូរអង្វែងនៃអរិយធម៌ខ្មែរ និងការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពាររតនសម្បត្តិរបស់ខ្លួនសម្រាប់មនុស្សជាតិជំនាន់ក្រោយ។

អត្ថបទទាក់ទង





ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់អំពីលក្ខណៈវិនិច្ឆ័យចំនួនពីរ ដែលមានចែងក្នុងគោលការណ៍ណែនាំប្រតិបត្តិនៃអនុសញ្ញាឆ្នាំ១៩៧២ ហើយកត្តាដែលនាំឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចជាឯកច្ឆន្ទចុះ «រមណីយដ្ឋានបុរាណវិទ្យា» មួយនេះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។

ស្ថិតក្នុងលក្ខណៈវិនិច្ឆ័យទី ២ (Criteria ii) នៃអនុសញ្ញាឆ្នាំ១៩៧២  រមណីយដ្ឋានបុរាណវិទ្យាកោះកេរ បង្ហាញក្នុងលក្ខណៈ ដ៏វិសេសវិសាលមួយ នូវចំណុចគួបប្រសព្វរវាងតម្លៃមនុស្សដែលបង្កើតបានជារចនាបថកោះកេរ ដែលក្នុងនោះក្បាច់ចម្លាក់បដិមាបង្ហាញពីភាពក្លាហាន រូបភាពបង្កប់នូវការស្រមៃ និងវិញ្ញាណរស់ រវើកអំពីចលនារបស់ក្បាច់ចម្លាក់ដែលកើតចេញពីការបញ្ចូលគ្នានៃនិមិត្តរូបសាសនា និងសិល្បៈ របស់ឥណ្ឌា ជាមួយគោលគំនិតរចនាក្នុងស្រុក និងសិល្បៈហត្ថកម្ម។

ទោះបីត្រូវបានបង្កើតឡើង ក្នុងរយៈពេលដ៏ខ្លីត្រឹមតែ២៣ឆ្នាំក្នុងសតវត្សទី១០ក៏ដោយ ក៏រចនាបថកោះកេរបានជះឥទ្ធិពល យូរអង្វែងទៅលើការបញ្ចេញទឹកដៃសិល្បៈ នៅក្នុងសម័យកាលក្រោយៗមកទៀតនៃអាណាចក ខ្មែរ និងនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។

ផ្អែកលើលក្ខណៈវិនិច្ឆ័យទី ៤ (Criteria iv)  រមណីយដ្ឋានបុរាណវិទ្យាកោះកេរ គឺជាគំរូដើមស្ដីពី ដែនទេសភាពទីក្រុងថ្មីដែលមានសំណង់អគារធំៗ ដោយសារការប្រើប្រាស់ផ្ទាំងថ្មដុំធំៗដ៏ច្រើន សន្ធឹកសន្ធាប់នៅក្នុងការសាងសង់ និងការឆ្លាក់ក្បាច់និងបដិមា គំរូដើមនេះបានសម្ពោធឡើង នូវសម័យកាលនៃការសាងសង់ប្រាសាទថ្មអស់ជាច្រើនសតវត្សនៅទូទាំងអាណាចក្រខ្មែរ ហើយ បានក្លាយជាប្រភពនៃការបំផុសគំនិតសម្រាប់ការសាងសង់ប្រាសាទដ៏អស្ចារ្យនានានៅអង្គរ និង នៅក្នុងអាស៊ីអាគ្នេយ៍ ក្នុងសតវត្សក្រោយៗមកទៀត។

ការទទួលស្គាល់ជាផ្លូវការ “រមណីយដ្ឋានប្រាសាទកោះកេរ” ជាបេតិកភណ្ឌពិភពលោកនា ពេលនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតបន្ទាប់ពី តំបន់រមណីយដ្ឋានអង្គរ តំបន់ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់៕


© រក្សាសិទ្ធិដោយ thmeythmey.com