កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ​Real Madrid ទទួល Union Berlin ដែលទើបបង្ហាញខ្លួនដំបូង ខណៈ ​Arsenal វិលត្រលប់ក្រោយខកខាន ៦ឆ្នាំ
20, Sep 2023 , 6:59 pm        
រូបភាព
ការប្រកួតពានរង្វាន់ក្លិបកំពូលប្រចាំតំបន់អឺរ៉ុប UEFA Champions League បន្តការប្រជែងបន្តទៀតនាថ្ងៃទី២០ ខែកញ្ញា ដោយក្រុមម្ចាស់ជើងឯក ១៤សម័យកាល Real Madrid នឹងត្រូវស្វាគមន៍ភ្ញៀវដែលទើបលេចមុខថ្មី Union Berlin។ ចំណែកឯ Arsenal ដែលជាក្រុមត្រូវបានគេរំពឹងចង់ឃើញសមត្ថភាពក្រោយខកខានជាង ៦ឆ្នាំ នឹងត្រូវទទួល PSV Eindhoven។



ម្ចាស់ជើងឯក ១៤សម័យ ច្រើនជាងក្លិបណាទាំងអស់ប្រចាំប្រវត្តិសាស្ត្រ Real Madrid នឹងបើកទ្វារកីឡដ្ឋានដែលទើបកែកុនថ្មីជិតរួចរាល់ ១០០ភាគរយរបស់ខ្លួនទទួលក្រុមភ្ញៀវ Union Berlin ដែលទើបមកប្រជែងក្នុង Champions League វគ្គចែកពូល C ។ កីឡដ្ឋាន Santiago Bernabue ជាកន្លែងដំបូងសម្រាប់ការដកស្រង់យកបទពិសោធន៍ និងបច្ចេកទេសនៃការប្រកួតប្រជែងសម្រាប់ក្រុម ​Union Berlin លំដាប់កំពូលៗនៅអឺរ៉ុប។
 
បច្ចុប្បន្ន Real Madrid កំពុងតែបន្តការលេងដ៏ល្អរបស់ពួកគេនៅក្នុង La Liga ដោយឆ្លងកាត់ ៥ប្រកួតកន្លងមកមិនដែលចាញ់ការប្រកួតណាឡើយ ស្របពេលដែលក្រុមយក្សមួយនេះក៏មានកីឡាករវ័យក្មេងកំពុងពេញសមត្ថភាពខ្លាំងថែមទៀត។ Jude Bellingham ត្រូវបានសម្លឹងឃើញថាជាតារាថ្មីមួយប្រចាំក្រុម ដែលកំពុងធ្វើព្យុះភ្លៀងដល់ក្រុមដទៃដែលប្រជែងប៉ះ Real Madrid ជួបការលំបាក។
  


ទោះរដូវកាលមុនធ្វើបានល្អខ្លាំងជាបន្តបន្ទាប់ទាំងនៅក្នុងលីគ Bundesliga និងនៅក្របខណ្ឌអឺរ៉ុបដទៃផ្សេងទៀត Union Berlin រដូវកាលថ្មីនេះហាក់ធ្វើមិនបានល្អស្រដៀងទៅនឹងរដូវកាលមុនឡើយ ដែលពួកគេអាចមានសមត្ថភាពបំបាក់ក្រុមខ្លាំងៗក្នុងលីគបាន។ ៤ប្រកួតកន្លងមកនៅលីគកំពូលអាល្លឺម៉ង់ពួកគេ ឈ្នះ២ និងចាញ់២។ 
 
ទាំង Real Madrid និង Union Berlin ជាការប៉ះគ្នាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រនៅក្នុង UCL រដូវកាល ២០២៣​-២៤។
 
ដោយឡែកក្រុមកាំភ្លើងធំ ​Arsenal ដែលបង្កភាពភ្ញាក់ផ្អើលខ្លាំងពីការប្រជែងពាន Premier League រដូវកាលមុន នឹងត្រូវបង្ហាញមុខសារជាថ្មីក្រោយខកខានលេងជាង ៦ឆ្នាំ នៅក្របខណ្ឌ UCL។ កីឡដ្ឋាន Emirate នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ PSV Eindhoven សម្រាប់ជំនួបពូលបើកឆាកពូល B នាវេលាម៉ោង ២យប់រំលងអាធ្រាត្រ(ម៉ោងនៅកម្ពុជា)។
 
ការបង្ហាញខ្លួនលើកចុងក្រោយរបស់ពួកគេក្នុង ​UCL គឺនៅរដូវកាល ២០១៦-១៧ ពេលដែលពួកគេស្ថិតក្នុងពូលជាមួយនឹងក្រុមខ្លាំង Bayern Munich ។ កាំភ្លើងធំរងបរាជ័យយ៉ាងអាម៉ាស់ដោយការប្រកួត ២លើក ចាញ់ក្នុងលទ្ធផលសរុប ១០​-២។ 
  


មកដល់បច្ចុប្បន្នមានការផ្លាស់ប្តូរយ៉ាងខ្លាំង ទាំងទម្រង់លេង ដោយ Arsenal ដែលមានតម្លៃខ្លួនកីឡាករសរុបថ្លៃបំផុតទីពីរមួយនេះ បញ្ចប់ចំណាត់ថ្នាក់លេខ ២ នៅ Premier League ហើយត្រូវបានចាប់ពូលចូលក្នុងពូលដែលមានក្រុមសមល្មមប្រជែងឡើងវគ្គ ១៦ក្រុម ដូចជា PSV Eindhoven, RC Lens និង Sevilla ក្រុមជើងឯក Europa League ៧សម័យកាល។
រវាង Arsenal នឹង PSV Eindhoven អ្នកទាំងពីរនេះធ្លាប់បានជួបគ្នានៅ Champions League លើកចុងក្រោយបង្អស់នៅរដូវកាល ២០០៦-០៧ ដែលកាលនោះជាការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ហើយកាំភ្លើងធំរងបរាជ័យលទ្ធផលទាំងពីរជើងសរុប ២-១។ កាលពីរដូវកាលមុននៅក្នុង Europa League ក្រុមមកពីហូឡង់នេះហើយដែលជាក្រុមបំបាក់ Arsenal ដោយលទ្ធផល ២-០៕
 
ខាងក្រោមនេះជាការប្រកួតគូដទៃទៀតនៃពានរង្វាន់ UCL រាត្រីថ្ងៃទី២០ ខែកញ្ញា៖
 
ពូល A 
ក្រុម Galatasaray ទទួល FC Copenhagen វេលាម៉ោង ១១:៤៥យប់
ក្រុម Bayern Munich ទទួល Manchester United វេលាម៉ោង ២យប់
 
ពូល B 
ក្រុម Sevilla ទទួល RC Lens វេលាម៉ោង ២យប់
 
ពូល C 
ក្រុម SC Braga ទទួល SSC Napoli វេលាម៉ោង ២យប់
 
ពូល D
ក្រុម SL Benfica ទទួល FC Salzburg
ក្រុម Real Sociedad ទទួល Inter Milan៕
 

Tag:
 UEFA Champions League
  Real Madrid
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com