សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន​អចលន​ទ្រព្យ​ចិន​ធំមួយទៀត ​ដាក់​ពាក្យ​ការពារ​ការ​ក្ស័យធននៅអាម៉េរិក
20, Sep 2023 , 8:19 pm        
រូបភាព
គម្រោង Sunac Resort កំពុងសាងសង់នៅ Haiyan ខេត្ត Zhejiang ។ រូបភាព  Bloomberg ។
គម្រោង Sunac Resort កំពុងសាងសង់នៅ Haiyan ខេត្ត Zhejiang ។ រូបភាព Bloomberg ។
នៅថ្ងៃទី១៩ ខែកញ្ញា ក្រុមហ៊ុនអចលនទ្រព្យធំមួយរបស់ចិន Sunac China Holdings ទើបតែដាក់ពាក្យសុំការការពារក្ស័យធននៅអាម៉េរិកបន្ទាប់ពីបានទទួលការយល់ព្រមពីម្ចាស់បំណុលរបស់ខ្លួនក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលដែលមានតម្លៃជិត១០ ពាន់លានដុល្លារ។

 
ក្រុមហ៊ុន​ Sunac China Holdings បានដាក់ពាក្យក្រោមជំពូកទី១៥ នៃច្បាប់ការពារការក្ស័យធនរបស់អាម៉េរិក។ ជំពូកនេះ នឹងអនុញ្ញាតឱ្យតុលាការអាម៉េរិកឈានជើងចូលនៅពេលដែលមានករណីក្ស័យធនពាក់ព័ន្ធនឹងប្រទេសមួយផ្សេងទៀត ហើយច្បាប់នេះទៀតសោតនឹងជួយការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនក្នុងអំឡុងពេលរៀបចំរចនាសម្ព័ន្ធឡើងវិញ។
 
នៅថ្ងៃទី១៨ ខែកញ្ញា ម្ចាស់បំណុលរបស់ក្រុមហ៊ុន Sunac China Holdings បានអនុម័តផែនការរបស់ក្រុមហ៊ុនក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលបរទេសចំនួនជិត ១០ពាន់លានដុល្លារ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុមហ៊ុន​អចលន​ទ្រព្យ​ចិន​ធំ​មួយ​បាន​អនុម័ត​ផែនការ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ក្នុង​ទំហំធំ​បែប​នេះ។ Sunac China Holdings បានប្រកាសពីផែនការរៀបចំរចនាសម្ព័ន្ធបំណុលបរទេសឡើងវិញកាលពីខែមីនា។
 
បច្ចុប្បន្ននេះ Sunac គឺជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេទី១៦ នៅចិន ដោយផ្អែកលើចំនួនការលក់ផ្ទះក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ។ ក្រុមហ៊ុននេះក៏ស្ថិតក្នុងចំណោមក្រុមក្រុមហ៊ុនអចលនទ្រព្យរបស់ចិន ដែលបានសងបំណុលបរទេសចាប់តាំងពីវិស័យអចលនទ្រព្យរបស់ប្រទេសនេះបានធ្លាក់ចូលទៅក្នុងវិបត្តិសាច់ប្រាក់ក្នុងឆ្នាំ ២០២១។ មូលហេតុត្រូវបានគេនិយាយថាជាគោលនយោបាយបន្ទាត់ក្រហមបីរបស់ទីក្រុងប៉េកាំងដែលបានចាប់ផ្តើមដើម្បីកាត់បន្ថយហានិភ័យជាប្រព័ន្ធដោយកំណត់លទ្ធភាពរបស់ក្រុមហ៊ុនអចលនទ្រព្យក្នុងការខ្ចីប្រាក់ថ្មី។
 
កាលពីខែមុន China Evergrande Group ដែលជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេទីពីររបស់ចិនក៏បានដាក់ពាក្យសុំការការពារការក្ស័យធននៅអាម៉េរិកផងដែរ។ Evergrande បានរងការខូចខាតច្រើនបំផុតនៅក្នុងវិស័យនេះ  ដោយបំណុលសរុបរបស់ក្រុមហ៊ុនបច្ចុប្បន្នមានប្រហែល ២៤៣៧ពាន់លានយ័ន (៣៤០ពាន់លានដុល្លារ)។ ចំនួននេះគឺស្មើនឹង ២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ចិន៕

Tag:
 ចិន
  អចលនទ្រព្យ
  Sunac China Holdings
© រក្សាសិទ្ធិដោយ thmeythmey.com