អន្តរជាតិ
អ្នកជំនាញ UN ជំរុញឱ្យអាម៉េរិកកុំផ្ដល់គ្រាប់បែកចង្កោមដល់អ៊ុយក្រែន
21, Sep 2023 , 3:09 pm        
រូបភាព
អ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) លោកស្រី Alice Jill Edwards ក្នុងលិខិតមួយដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា បានជំរុញឱ្យអាម៉េរិកពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន ព្រោះអាចបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលបាន។



នៅក្នុងលិខិតមួយផ្ញើទៅកាន់រដ្ឋាភិបាលអាម៉េរិក លោកស្រី Alice Jill Edwards អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(UN) បានលើកឡើងថា គ្រាប់បែកចង្កោមអាចឱ្យជនស៊ីវិលរងរបួសយ៉ាងធ្ងន់ធ្ងរ ទាំងពេលប្រើប្រាស់អំឡុងជម្លោះ និងក្រោយជម្លោះ។  លោកស្រី Alice Jill Edwards ក៏បានសង្កត់ធ្ងន់ថា អាវុធប្រភេទនេះ មិនគួរត្រូវបានប្រើប្រាស់តែម្ដង។
 
«ខ្ញុំសូមអំពាវនាវដោយគោរពដល់រដ្ឋាភិបាលអាម៉េរិកឱ្យពិចារណាឡើងវិញការសម្រេចចិត្តផ្គត់ផ្គង់គ្រាប់បែកចង្កោម និងបញ្ឈប់ផែនការណាមួយចំពោះការអនុវត្តការសម្រេចចិត្តបែបនេះ»។ លិខិតលោកស្រី Edwards អ្នករាយការណ៍ពិសេសស្តីពីការធ្វើទារុណកម្ម ការដាក់ទណ្ឌកម្មដ៏ឃោរឃៅ និងអមនុស្សធម៌ របស់ UN បានសរសេរបែបនេះ។ 
 
លោកស្រីបានបន្តថា ស្ត្រី កុមារ និងមនុស្សចាស់ ជាជនរងគ្រោះក្នុងការវាយប្រហារដោយគ្រាប់បែកចង្កោមកន្លងមក។ លើសពីនោះ គ្រាប់បែកចង្កោមជាការគំរាមកំហែងដ៏យូរអង្វែងមួយ ដោយសារគ្រាប់បែកចង្កោមអាចបង្កគ្រោះថ្នាក់ជាច្រើនទសវត្សរ៍ទៅមុខទៀត។
 
គួរបញ្ជាក់ថា គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ដោយប្រទេសជាង១០០លើពិភពលោក។ យ៉ាងណាមិញ រុស្ស៊ី អ៊ុយក្រែន និងអាម៉េរិក មិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីការហាមឃាត់ការផលិត ការស្តុកទុក ការប្រើប្រាស់ និងការផ្ទេរគ្រាប់បែកចង្កោមឡើយ។ 
 
គ្រាប់បែកចង្កោម គឺជាទម្រង់នៃអាវុធជាតិផ្ទុះមួយ ដែលអាចទម្លាក់ពីលើអាកាស ឬបាញ់ចេញពីអាវុធលើដី ដែលបញ្ចេញគ្រាប់តូចៗ។ ជាទូទៅ គ្រាប់បែកចង្កោមបញ្ចេញគ្រាប់បែកបំផ្ទុះ ដែលត្រូវបានរចនាឡើងដើម្បីសម្លាប់មនុស្ស និងបំផ្លាញយានយន្តផ្សេងៗ៕
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com