សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារកណ្តាលអាម៉េរិកសម្រេចរក្សាអត្រាការប្រាក់ដល់ចុងឆ្នាំ២០២៣
21, Sep 2023 , 6:59 pm        
រូបភាព
នៅថ្ងៃទី២០ ខែកញ្ញា ធនាគារកណ្តាលអាមេរិក (Fed) បានប្រកាសថា ខ្លួននឹងរក្សាអត្រាការប្រាក់យោងបច្ចុប្បន្នស្ថិតនៅចន្លោះ៥,២៥ភាគរយទៅ ៥,៥ភាគរយ។ ប៉ុន្តែគាំទ្រការដំឡើងអត្រាការប្រាក់នៅចុងឆ្នាំ២០២៣ និងបន្តរក្សាគោលនយោបាយរូបិយវត្ថុតឹងរឹងរហូតដល់ឆ្នាំ២០២៤ ។

 
ក្រោយកិច្ចប្រជុំគោលនយោបាយរយៈពេល២ថ្ងៃ ធនាគារកណ្ដាលអាម៉េរិក បានប្រកាសថាខ្លួននឹងមិនដំឡើងអត្រាការប្រាក់ទៀតទេ ក្រោយរង់ចាំមើលទិន្នន័យបន្ថែមទៀតដើម្បីវាយតម្លៃពីផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់ពីមុនមកលើសេដ្ឋកិច្ចអាម៉េរិក។
 
ចាប់តាំងពីខែមីនាឆ្នាំ២០២២ ធនាគារកណ្តាលអាម៉េរិកបានដំឡើងអត្រាការប្រាក់ចំនួន ១១ដងរួចមកហើយ ដើម្បីបន្ថយកម្រិតអតិផរណាឱ្យដល់គោលដៅ។  បច្ចុប្បន្ននេះ អត្រាការប្រាក់យោងនៅអាម៉េរិកមានប្រហែល៥,២៥ភាគរយទៅ ៥,៥ភាគរយដែលខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០១ ។
 
ធនាគារកណ្តាលមួយនេះក៏បានប្រកាសពីការព្យាករជាបន្តបន្ទាប់ថា ខ្លួន ចង់ដំឡើងអត្រាការប្រាក់ដល់ ៥,៦៣ភាគរយទៅ៥,៨៧ភាគរយនៅឆ្នាំនេះ។ នេះមានន័យថា ការដំឡើងអត្រាការប្រាក់ម្តងទៀតអាចធ្វើនៅចុងឆ្នាំ។ ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​នៅ​ឆ្នាំ​នេះ​ក៏​ត្រូវ​បាន​កែ​សម្រួល​​មក​នៅ​ត្រឹម ២,១ភាគរយ ខណៈអត្រាគ្មានការងារធ្វើត្រូវបានគេរំពឹងថានឹងថយចុះបន្តិច។
 
យ៉ាងណាមិញ មន្ត្រីរបស់ Fed ជឿថានៅឆ្នាំក្រោយចំនួននៃការកាត់អត្រាការប្រាក់នឹងថយចុះបើធៀបនឹងការព្យាករពីមុន។ នេះ​ក៏​ជា​អ្វី​ដែល​អ្នក​វិនិយោគ​ព្រួយ​បារម្ភ​ដែរ​ថា អត្រា​ការ​ប្រាក់​នឹង​នៅ​តែ​ខ្ពស់​ក្នុង​រយៈ​ពេល​យូរ​ជាង​នេះ។
 
នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីសម័យប្រជុំ ប្រធាន Fed លោក Jerome Powll បានលើកឡើងថា ភាពបត់បែនអាចធ្វើទៅបានចំពោះលទ្ធភាពបន្ថយអត្រាការប្រាក់នាពេលខាងមុខ ។ យ៉ាងណាការធ្វើបែបនេះអាចត្រូវបានគំរាមកំហែងពីកត្តាខាងក្រៅដែលមិនមែនជាការគ្រប់គ្រងរបស់ Fed ។
 
ការកើនឡើងតម្លៃថាមពលនៅតែអាចជំរុញឱ្យអតិផរណាកើនឡើង។ កូដកម្ម​របស់​កម្មករ​រថយន្ត​នៅ​អាម៉េរិក​ក៏​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់ Fed ផង​ដែរ​ព្រោះ​វា​ប៉ះពាល់​ដល់​ទីផ្សារ​ការងារ។
 
លោក Powell បាននិយាយថា ៖« លទ្ធភាពនៃការបន្ថយអត្រាការប្រាក់ គឺជាគោលដៅជាមូលដ្ឋានដែលយើងតែងតែធ្វើការដើម្បីសម្រេចបាននូវចំណុចនេះ។ យ៉ាងណាមិញ ប្រសិនបើស្ថិរភាពតម្លៃមិនត្រូវបានស្តារឡើងវិញ អតិផរណានៅតែអាចត្រលប់មកវិញ»៕
 

Tag:
 ធនាគារកណ្តាល
  Fed
 ​ អត្រាការប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com