កីឡាអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្ត្រីថៃ ប្រាប់មេ FIFA ថា អាស៊ានត្រៀមរួចរាល់ធ្វើជាម្ចាស់ផ្ទះ World Cup ២០៣៤
× នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានអះអាងនៅចំពោះមុខប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino ថា ថៃ និងសមាជិកអាស៊ានផ្សេងទៀតបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាសហម្ចាស់ផ្ទះ FIFA World Cup ២០៣៤ ប្រសិនបើត្រូវបានជ្រើសរើស។
ប្រទេសសមាជិកអាស៊ានទាំង១០ បានដាក់គោលដៅដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣៤។ មេដឹកនាំខ្លះរបស់អាស៊ាន ក៏តែងបញ្ជាក់ពីបំណងរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះដែរ។
អំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន ក៏ឆ្លៀតជួបជាមួយប្រមុខ FIFA Gianni Infantino ។
«ខ្ញុំបានលើកកិច្ចការនេះជាមួយប្រធាន FIFA ហើយចាប់ពីពេលនេះតទៅ អាស៊ានត្រូវធ្វើការរួមគ្នាដើម្បីអភិវឌ្ឍកម្រិតបាល់ទាត់របស់យើង ក៏ដូចជាការត្រៀមខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ»។ លោកសេដ្ឋា និយាយបែបនេះក្រោយជួបលោក Infantino នៅថ្ងៃទី២០ ខែកញ្ញា។
ជំនួបនេះ ធ្វើឡើងមុនសមាជរបស់ FIFA នៅថៃ ដែលជាការជួបជុំដ៏ធំមួយ។
លើសពីនោះ លោក សេដ្ឋា បន្ថែមថា ក្តីសង្ឃឹមរបស់អាស៊ាន មិនត្រឹមតែក្រុមទៅលេង World Cup ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជំរុញមនុស្សជំនាន់ក្រោយឱ្យលេងបាល់ទាត់កាន់តែច្រើន ជំនួសឲ្យការប្រព្រឹត្តគ្រឿងញៀន ឬអំពើអាក្រក់ផ្សេងៗ។
ព្រឹត្តិការណ៍ World Cup ២០២៦ នឹងធ្វើនៅអាម៉េរិក ម៉ិកស៊ិក និងកាណាដា ឯឆ្នាំ២០៣០ មិនទាន់មានម្ចាស់ផ្ទះនៅឡើយ។
© រក្សាសិទ្ធិដោយ thmeythmey.com