សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ម៉ារ៉ុក នឹងចំណាយជិត១២ពាន់លានដុល្លារដើម្បីស្ដារប្រទេសឡើងវិញក្រោយការរញ្ជួយដី ៦,៨រ៉ិចទ័រ
21, Sep 2023 , 5:59 pm        
រូបភាព
គ្រោះរញ្ជួយដីនៅម៉ារ៉ុក ។ រូបភាព AFP ។
គ្រោះរញ្ជួយដីនៅម៉ារ៉ុក ។ រូបភាព AFP ។
ការរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ ដែលបានកើតឡើងកាលពីថ្ងៃទី៨ ខែកញ្ញា នៅម៉ារ៉ុកបានសម្លាប់មនុស្សជាង២៩០០នាក់។ ក្រោយព្រឹត្តិការណ៍នេះ រដ្ឋាភិបាលម៉ារ៉ុកបានអនុម័តថវិកា ១២ពាន់លានដុល្លារសម្រាប់សាងសង់ឡើងវិញនូវតំបន់ដែលរងគ្រោះ។

 
នៅថ្ងៃទី២០ ខែកញ្ញា រដ្ឋាភិបាលម៉ារ៉ុកបាននិយាយថា ខ្លួនគ្រោងនឹងចំណាយយ៉ាងហោចណាស់១២០ពាន់លាន dirhams (១១,៧ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ឆ្នាំ ដើម្បីសាងសង់ឡើងវិញនូវតំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីដ៏ខ្លាំងនាពេលថ្មីៗនេះ ។
 
ការរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័របានកើតឡើងកាលពីថ្ងៃទី ៨ខែកញ្ញា បានសម្លាប់មនុស្សជាង ២៩០០នាក់ ភាគច្រើននៅតាមភូមិដែលពិបាកចូលសង្គ្រោះក្នុងតំបន់ភ្នំ High Atlas ។
 
យោងតាមរដ្ឋាភិបាលម៉ារ៉ុក ផែនការខាងលើនឹងកំណត់គោលដៅប្រជាជន ៤,២លាននាក់នៅក្នុងខេត្តដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការរញ្ជួយដីនេះ Al Haouz, Chichaoua, Taroudant, Marrakech, Ouarzazate និង Azizlal រួមទាំងការតាំងទីលំនៅថ្មី និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
 
ថវិកាសម្រាប់ផែនការនេះ បានមកប្រាក់របស់រដ្ឋាភិបាល ជំនួយអន្តរជាតិ និងមូលនិធិដែលបង្កើតឡើងដើម្បីឆ្លើយតបនឹងគ្រោះរញ្ជួយដី។
 
កាលពីសប្តាហ៍មុន រដ្ឋាភិបាលម៉ារ៉ុកបាននិយាយថា គ្រួសារដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនឹងទទួលបានការគាំទ្រកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងចំនួនទឹកប្រាក់ ៣០ ០០០dirhams (៣០០០ដុល្លារ)។ រដ្ឋាភិបាលក៏បានសន្យាជួយឧបត្ថម្ភសម្រាប់ផ្ទះដែលរងការខូចខាត ឬដួលរលំដោយសារការរញ្ជួយដី៕
 

Tag:
 ម៉ារ៉ុក
  រញ្ជួយដី
© រក្សាសិទ្ធិដោយ thmeythmey.com