អន្តរជាតិ
ឥណ្ឌា​ ផ្អាក​សេវា​ទិដ្ឋាការ​សម្រាប់​ជនជាតិ​កាណាដា
22, Sep 2023 , 10:00 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌានាថ្ងៃទី២១ ខែកញ្ញា បានប្រកាសថា ឥណ្ឌាសម្រេចផ្អាកសេវា កម្មទិដ្ឋាការសម្រាប់ពលរដ្ឋកាណាដាដោយលើកឡើងពីការគំរាមកំហែងផ្នែកសន្តិសុខដល់បុគ្គលិក​របស់ខ្លួននៅក្នុងស្ថានកុងស៊ុលនៅកាណាដា។

 
ទំនាក់ទំនងកាណាដា និងឥណ្ឌា បន្តធ្លាក់ចុះខ្លាំងក្រោយកាណាដាប្រកាសពីការពាក់ព័ន្ធរបស់ឥណ្ឌាលើករណីឃាតកម្មមេដឹកនាំជនជាតិ Sikh ម្នាក់។ ជាមួយការឆ្លើយឆ្លងពាក្យសម្ដីបន្តបន្ទាប់ កាណាដាក៏ប្រកាសកែសម្រួលបុគ្គលិកស្ថានទូតនៅឥណ្ឌាក្រោមហេតុផលសន្តិសុខ។ ឥណ្ឌា ក៏ចាត់វិធានការតបវិញ។ 
 
«ស្ថានភាពសន្តិសុខដោយសារតែភាពអសកម្មរបស់រដ្ឋាភិបាលកាណាដាបានបណ្តាលឱ្យមានការរំខាន ហើយយើងបានផ្អាកការស្នើសុំទិដ្ឋាការ»។ អ្នកនាំពាក្យក្រសួងការបរទេស លោក Arindam Bagchi បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវដែលីបែបនេះដោយបន្ថែមថា គ្រប់ប្រភេទនៃទិដ្ឋាការទាំងអស់ នឹងត្រូវផ្អាករួមទាំងទិដ្ឋាការអេឡិចត្រូនិកផងដែរ។
 
ភាពតានតឹងបានផ្ទុះឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ លើកឡើងពីការចោទប្រកាន់ដែលអាច ជឿទុកចិត្តបានពាក់ព័ន្ធភ្នាក់ងាររដ្ឋាភិបាល​ឥណ្ឌា​ក្នុង​ការ​ធ្វើឃា​តលោក Hardeep Singh Nijjar នៅខេត្ត British Columbia។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី ក៏បានបដិសេធយ៉ាងដាច់អហង្ការលើករណីនេះរួចដែរ៕
 

Tag:
 (ឥណ្ឌា
  កាណាដា)
© រក្សាសិទ្ធិដោយ thmeythmey.com