ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យជាង៣០០នាក់ដែលទាក់ទងមិនបាន ភាគច្រើននៅក្រសួងការពារជាតិ
22, Sep 2023 , 4:16 pm        
រូបភាព
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ រូបថត ACU
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ រូបថត ACU
ដោយ: រួបរួម
អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នាថ្ងៃទី២២ ខែកញ្ញា បានចេញសេចក្តីជូនដំណឹងដល់អ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យ និងបំណុលប្រញាប់បញ្ជូនឯកសារ។ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា អ.ប.ព. និង ប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយប្រចាំក្រសួងស្ថាប័ន មិនអាចទាក់ទងបានអ្នកជាប់កាតព្វកិច្ចចំនួន៣១៥នាក់ ដោយភាគច្រើនជាមន្ត្រីក្រសួងការពារជាតិ។



ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន ស្ថាប័នជាតិដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានក្រើនរំលឹកដល់រាល់បុគ្គលដែលត្រូវតែងតាំងដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬមានឋានៈ និងតួនាទីចាប់ពីប្រធាននាយកដ្ឋាន, កងកម្លាំងប្រដាប់អាវុធ ចាប់ពីវីរសេនីយ៍ឯក និងមន្ត្រីសាធារណៈដែលមានអាណត្តិជ្រើសតាំងដោយការបោះឆ្នោត ឱ្យប្រញាប់បញ្ជូនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនទៅ អ.ប.ព. ។

ដោយយោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អ.ប.ព. បានលើកឡើងពីលក្ខខណ្ឌសំខាន់ៗ ទាក់ទងនឹងកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំពោះអ្នកដែលត្រូវទទួលបានតំណែងថ្មី, អ្នកលាលែងពីមុខតំណែង ឬបញ្ឈប់ពីមុខតំណែង, អ្នកចូលនិវត្តន៍ ឬចប់អាណត្តិ។

អ្នកត្រូវទទួលបានតំណែងថ្មី ត្រូវប្រកាសលើកទីមួយ៣០ថ្ងៃយ៉ាងយូរ ក្រោយពេលចូលកាន់មុខតំណែង។ ដូចគ្នាផងដែរសម្រាប់អ្នកលាលែងពីមុខតំណែង និងបញ្ឈប់ពីមុខតំណែង រីឯអ្នកចូលនិវត្តន៍ ឬចប់អាណត្តិ ត្រូវប្រកាស៣០ថ្ងៃយ៉ាងយូរ មុនពេលចូលនិវត្តន៍ ឬចប់អាណត្តិ។

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង។ បុគ្គដែលមានមុខតំណែងទាំងនេះ នឹងធ្វើការប្រកាសបន្តបន្ទាប់នៅរៀងរាល់ខែមករា នៃឆ្នាំទី៣ គិតចាប់ពីថ្ងៃប្រកាសលើកទី១។ បុគ្គលដែលចប់អាណត្តិ ដោយគោរពតាមបែបបទបោះឆ្នោត ហើយជាប់ឆ្នោតអាណត្តិថ្មី មិនតម្រូវឱ្យប្រកាសពេលចប់អាណត្តិ និងពេលចូលកាន់តំណែងថ្មីនោះទេ។

តាមការបូកសរុបមិនទាន់ចប់សព្វគ្រប់ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា មានអ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន៣១៥នាក់ ដែលមានមិនអាចទាក់ទងបាន ក្នុងនោះ២៧០នាក់នៅក្រសួងការពារជាតិ ២៣នាក់នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា, ៩នាក់នៅក្រសួងធម្មការ និងសាសនា, ៣នាក់នៅក្រសួងរ៉ែ និងថាមពល, ៣នាក់នៅក្រសួងកិច្ចការនារី, ២នាក់នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ២នាក់នៅក្រសួងបរិស្ថាន, ២នាក់នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង១នាក់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មាត្រា៣៨នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចែងថា ជនណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសមិនត្រឹមត្រូវនោះ នឹងរងការផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀលទៅ២លានរៀន ហើយត្រូវបង្ខំឱ្យធ្វើការប្រកាសជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណីរឹងរូសមិនព្រម ត្រូវផ្តន្ទាទោសទ្វេដង៕



© រក្សាសិទ្ធិដោយ thmeythmey.com