ជាតិ
វីដេអូ
ការផ្ដល់ទឹកស្អាត ធ្វើឱ្យអ្នកស្រី លឿយ ណូច កាត់បន្ថយចំណាយ និងកូនបានទៅរៀនទៀងទាត់
22, Sep 2023 , 6:59 pm        
រូបភាព
កំពត៖ អ្នកស្រី លឿយ ណូច និងពលរដ្ឋជាច្រើនទៀត ដែលរស់នៅក្នុងភូមិស្លាបតាអោន ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ទើបតែទទួលបានទឹកស្អាតប្រើប្រាស់រយៈពេលជាង២ខែនេះប៉ុណ្ណោះ។ ក្រោយទទួលបានទឹកស្អាត ក្រោមគម្រោងនៃស័ម្ពន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម ជាពិសេសការវិនិយោគរួមគ្នានេះ អ្នកស្រី លឿយ ណូច សប្បាយចិត្តដែលអាចប្រើទឹកស្អាតមានគុណភាព និងកាត់បន្ថយចំណាយទៀតផង។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 
 

កាលពីមុន អ្នកស្រី លឿយ ណូច ត្រូវចំណាយថវិកាជាច្រើនម៉ឺន​ដើម្បីបូ​មទឹកស្រះពីទីឆ្ងាយយកមកប្រើប្រាស់ ហើយពេលខ្លះក្រុមគ្រួសារអ្នកស្រី ត្រូវរែកទឹកពីទីឆ្ងាយក៏មាន ដោយសារគ្មានលទ្ធភាពចំណាយលើថ្លៃបូមទឹក។ លើសពីនេះ កូនរបស់អ្នកស្រី ក៏មិនបានទៅរៀនទៀងទាត់ ព្រោះតែមានជំងឺ ដែលបណ្ដាលពីការប្រើប្រាស់ទឹកមិនស្អាត។
 
ដើម្បីជួយដោះស្រាយលើបញ្ហាទាំងនេះ ថ្មីៗនេះ សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម បានចូលរួមវិនិយោគជាមួយម្ចាស់ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់ ដើម្បីតទុយោទឹកទៅកាន់ទីជនបទនិងឆ្ងាយៗ ពីទីរួមស្រុក ក្នុងគោលបំណងកាត់បន្ថយចំណាយ បង្កើនសុខមាលភាពក្នុងភូមិក៏ដូចជាបង្កើនជីវភាពប្រជាពលរដ្ឋនៅតំបន់ឆ្នេរសមុទ្រផងដែរ។
 
 ជាពិសេសជួយឱ្យគ្រួសារដែលមានជីវភាពក្រីក្រ មានលទ្ធភាពតភ្ជាប់បណ្ដាញទឹក ដែលពួកគាត់ត្រូវចំណាយថវិកាត្រឹមតែ៦ម៉ឺនរៀលប៉ុណ្ណោះ ដើម្បីបានតទឹកស្អាតទាំងនេះប្រើប្រាស់។ 
 
សម្រាប់អ្នកស្រី លឿយ ណូច ទឹកស្អាត បានផ្ដល់ឱកាសឱ្យកូនចៅរបស់ពួកគាត់ មានលទ្ធភាពទៅរៀនទៀងទាត់ មានសុខមាលភាពល្អ និងកាត់បន្ថយចំណាយលើការប្រើប្រាស់ទឹករបស់គាត់ពីជាង២០ម៉ឺនរៀល មកត្រឹមក្រោម២ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយខែ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com