អន្តរជាតិ
តៃវ៉ាន់​ព្រួយ​បារម្ភ​សមយុទ្ធរបស់ចិនទៅហួសមិនអាចគ្រប់គ្រងបាន
23, Sep 2023 , 5:20 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិរបស់តៃវ៉ាន់ថ្លែងនៅថ្ងៃទី២៣ ខែកញ្ញាថា ការកើនឡើងសកម្មភាពយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់នាពេលថ្មីៗនេះ បានបង្កើនហានិភ័យនៃព្រឹត្តិការណ៍ដែលមិនអាចគ្រប់គ្រងបាន ហើយអាចបង្កឱ្យមានការប៉ះទង្គិចគ្នាដោយចៃដន្យរវាងភាគីទាំងពីរ។

 
ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក យន្តហោះទម្លាក់គ្រាប់បែក រួមទាំងនាវាចម្បាំង និងនាវាផ្ទុកយន្តហោះ Shandong របស់ចិន បានធ្វើប្រតិបត្តិការនៅក្បែរកោះតៃវ៉ាន់។ សកម្មភាពនេះធ្វើឱ្យរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ Chiu Kuo-cheng បង្ហាញព្រួយបារម្ភយ៉ាងខ្លាំងពីហានិភ័យនៃឧប្បត្តិហេតុចៃដន្យដែលអាចបង្កឱ្យមានជម្លោះកាន់តែធំទៀត។ 
 
«នាវាចម្បាំងមកពីទីបញ្ជាការភាគខាងត្បូង និងភាគខាងកើតចិនកំពុងប្រតិបត្តិការនៅឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់ ហើយហានិភ័យនៃសកម្មភាពដែលពាក់ព័ន្ធនឹងយន្តហោះ នាវា និងសព្វាវុធក៏អាចនឹងកើនឡើង។ ដូច្នេះភាគីទាំងពីរត្រូវតែយកចិត្តទុកដាក់»។ លោក Chiu ថ្លែងបែបនេះ។ 
 
លោក Chiu បានបន្ថែមទៀតថា នាវាផ្ទុកយន្តហោះ Shandong ដែលតៃវ៉ាន់បានរាយការណ៏ពីវត្តមានកាលពីថ្ងៃទី១១ ខែកញ្ញា បានធ្វើប្រតិបត្តិការជាកម្លាំងសត្រូវ ហើយនាវាចម្បាំងរបស់ទីបញ្ជាការភាគខាងកើត ជាកម្លាំងវាយប្រហារក្នុងសមយុទ្ធដែលមានទម្រង់ជាសមរភូមិ។ 
 
ប្រឈមមុខសកម្មភាពយោធាចិន តៃវ៉ាន់នៅតែបានប្រើប្រាស់ផែនការយោធាបែបការពារសម្រាប់ជម្លោះ ដោយោផ្ដោតកម្លាំងនៅឆ្នេរភាគខាងកើតដែលសម្បូរភ្នំ ជាពិសេសមូលដ្ឋានទ័ពអាកាសសំខាន់ពីរនៅទីនោះ ដើម្បីធ្វើជាកន្លែងប្រមូលផ្តុំ និងការពារកងកម្លាំងរបស់ខ្លួន។ 
 
តាមការបញ្ជាក់ពីក្រសួងការពារជាតិតៃវ៉ាន់ ជាធម្មតាចិនធ្វើសមយុទ្ធទ្រង់ទ្រាយធំចាប់ពីខែកក្កដាដល់ខែកញ្ញា៕

Tag:
 (តៃវ៉ាន់)
© រក្សាសិទ្ធិដោយ thmeythmey.com