អន្តរជាតិ
ប្រេសិតអាកាសធាតុ​ចិន​ថា ការ​បញ្ឈប់ការប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ ជារឿងមិនអាចទៅរួច
23, Sep 2023 , 7:00 pm        
រូបភាព
ប្រសិតអាកាសធាតុរបស់ចិនលោក Xie Zhenhua បានលើកឡើងថា​ ការបញ្ឈប់ទាំងស្រុងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ជារឿងមិនពិត និងមិនអាចទៅរួច។ លោកបានអះអាងថា ​ឥន្ធនៈ​ហ្វូស៊ីល​បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខថាមពលពិភពលោក។


ចិន ជាប្រទេសដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីលដ៏ធំបំផុតមួយរបស់ពិភពលោក។ ធ្យូងថ្ម និងប្រេងឥន្ធនៈជាច្រើន ត្រូវបានចិនប្រើប្រាស់ជារៀងរាល់ឆ្នាំ ដ្បិតចិនកំពុងព្យាយាមអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។ 
 
ប្រេសិតពិសេសផ្នែកអាកាសធាតុចិនលោក Xie Zhenhua នៅថ្ងៃទី​២១ ខែកញ្ញា លើកឡើងថា ការ​បញ្ឈប់ការប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ ជារឿងមិនអាចទៅរួច។ 
 
ប្រទេសនានាបានស្ថិតក្រោមសម្ពាធ ដើម្បីសម្រេចមហិច្ឆតាដោះស្រាយការឡើងកំដៅផែនដីជាសកលដោយការកាត់បន្ថយការប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល ក៏ជាកត្តាមួយដែលអាចជួយឱ្យរក្សាកំណើនសីតុណ្ហភាពពិភពលោកមិនឱ្យឡើងដល់កម្រិត១,៥អង្សា។ 
 
ទោះជាយ៉ាងណាក៏ដោយ លោក Xie បានសង្កត់ធ្ងន់ថា ការប្រើប្រាស់ថាមពលកកើតឡើងវិញដែលនៅមានកម្រិត និងភាពមិនទាន់រឹងមាំនៃបច្ចេកវិទ្យាសំខាន់ៗសម្រាប់ផ្ទុកថាមពល មិនទាន់អាចបំពេញតម្រូវការថាមពលពិភពលោកឡើយ។ លោកបន្តថា ពិភពលោកនៅតែត្រូវតែបន្តពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលដើម្បីការពារកំណើនសេដ្ឋកិច្ច។
 
«វាជារឿងដែលមិនអាចទៅរួចក្នុងការ​បញ្ឈប់ការប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ទាំងស្រុង»។ ប្រេសិតពិសេសផ្នែកអាកាសធាតុដែលត្រូវតំណាងចិនក្នុងកិច្ចប្រជុំអាកាសធាតុ COP28 បានលើកឡើងបែបនេះ។ 
 
នៅឯកិច្ចពិភាក្សាអាកាសធាតុនៅទីក្រុង Glasgow ក្នុងឆ្នាំ ២០២១ កន្លងទៅ ចិនបានជំរុញឱ្យផ្លាស់ប្ដូរការប្រើប្រាស់ភាសានៃកិច្ចព្រមព្រៀងអាកាសធាតុពីការបញ្ឈប់ទៅជាការបន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលវិញ៕
 

Tag:
 (ចិន
  ការប្រែប្រួលអាកាសធាតុ)
© រក្សាសិទ្ធិដោយ thmeythmey.com