អន្តរជាតិ
អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនបារម្ភពីកិច្ចសហប្រតិបត្តិការយោធារុស្ស៊ី-កូរ៉េខាងជើង
23, Sep 2023 , 9:00 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសរបស់ អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង រួមទាំងពាណិជ្ជកម្មអាវុធដែលអាចកើតមានរវាងភាគីទាំងពីរ។

 
 
នៅក្នុងសេចក្ដីថ្លែងការណ៏របស់កូរ៉េខាងត្បូងដែលចេញនៅថ្ងៃទី២៣ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ផាក ជីន និងរដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី យ៉ូកូ កាមីកាវ៉ា បានឯកភាពគ្នាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពណាមួយដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ដោយរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
 
នៅក្នុងកិច្ចប្រជុំខ្លីមួយកាលពីថ្ងៃទី២២ ខែកញ្ញា មន្ត្រីប្រទេសទាំង៣ ជឿថា ជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើង និងរុស្ស៉ីនេះអាចអនុញ្ញាតឱ្យរុស្ស៊ីទទួលបានគ្រាប់រំសេវពីកូរ៉េខាងជើងដើម្បីបំពេញបន្ថែមចន្លោះសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ 
 
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចរយៈពេលមួយសប្តាហ៍ទៅកាន់រុស្ស៊ីកាលពីសប្តាហ៍មុន ហើយបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។
 
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ព្រមានកាលពីថ្ងៃទី២០ ខែកញ្ញាថា ប្រសិនបើរុស្ស៊ីជួយកូរ៉េខាងជើងបង្កើនកម្មវិធីអាវុធរបស់ខ្លួនជាថ្នូរនឹងជំនួយសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន សកម្មភាពនេះ នឹងជាការបង្កហេតុដោយផ្ទាល់មួយរបស់ភាគីទាំងពីរ ហើយទីក្រុងសេអ៊ូល និងសម្ព័ន្ធមិត្តនឹងមិនឈរនៅស្ងៀមឡើយ៕ 

Tag:
 (អាម៉េរិក
  ជប៉ុន
  កូរ៉េខាងត្បូង
  កូរ៉េខាងជើង
  រុស្ស៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com