អន្តរជាតិ
ប្រធានបរិស្ថាន UN ព្រមានថា ការកែច្នៃប្លាស្ទិកមិនគ្រប់គ្រាន់ដើម្បីជួយបរិស្ថានឡើយ
23, Sep 2023 , 10:40 pm        
រូបភាព
ប្រធានបរិស្ថានអង្គការសហប្រជាជាតិ(UN) លោកស្រី Inger Andersen បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ខណៈការផលិតប្លាស្ទិកកើនឡើងនៅទូទាំងពិភពលោកហើយបំពុលបរិស្ថានកាន់តែច្រើនឡើង ការកែច្នៃប្លាស្ទិកនឹងមិនគ្រប់គ្រាន់ដើម្បីជួយបរិស្ថានឡើយ។

 
លោកស្រី Inger Andersen នាយកកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ(UN) បានជំរុញឱ្យពិភពលោកគិតគូរឡើងវិញពីការប្រើប្រាស់ប្លាស្ទិក។ លោកស្រីនិយាយែបនេះបន្ទាប់ពីការចេញផ្សាយសេចក្តីព្រាងដំបូងនៃសន្ធិសញ្ញាអន្តរជាតិស្តីពីការបំពុលដោយប្លាស្ទិក ដែលរំពឹងថា នឹងបញ្ចប់នៅចុងឆ្នាំ ២០២៤។
 
សេចក្តីព្រាងដំបូងនៃសន្ធិសញ្ញានេះ បានឆ្លុះបញ្ចាំងពីមហិច្ឆតារបស់ប្រទេសចំនួន១៧៥ជុំវិញពិភពលោកក្នុងការដោះស្រាយបញ្ហាប្លាស្ទិក។ ប្រទេសមួយចំនួនចង់ឱ្យកាត់បន្ថយការផលិតប្លាស្ទិក ​ខណៈប្រទេសមួយចំនួនទៀតទទូចឱ្យកែច្នៃប្លាស្ទិកឡើងវិញជាជាងផលិតបន្ថែម។
 
«យើងក៏ត្រូវកាត់បន្ថយការផ្គត់ផ្គង់វត្ថុធាតុដើមផលិតប្លាស្ទិក polymer ឆៅផងដែរ»។ លោកស្រី Andersen បានលើកឡើងបែបនេះ ដោយបញ្ជាក់ថា ជំហាននេះក៏បានដាក់បញ្ចូលក្នុងសន្ធិសញ្ញាដែរ ហើយគោលដៅដំបូង គឺផ្អាកការប្រើប្រាស់នឹងផលិតប្លាស្ទិកប្រើតែមួយដងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
 
នាយកកម្មវិធីបរិស្ថានរបស់ UN ក៏បានបន្ថែមថា ពិតណាស់ប្រទេសនីមួយៗគួរតែព្យាយាមកែច្នៃប្លាស្ទិកឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ប៉ុន្តែប្រទេសទាំងនេះ ក៏ត្រូវគិតគូរពីកំណើននៃការប្រើប្រាស់ប្លាស្ទិកដែរ។ 
 
គួរបញ្ជាក់ថា ការផលិតប្លាស្ទិកប្រចាំឆ្នាំបានកើនឡើងទ្វេដងក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ដែលឈានដល់៤៦០លានតោន ហើយអាចនឹងកើនឡើង៣ដងនៅឆ្នាំ២០៦០ ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរ។ 
 
អ្វីដែលរឹតតែបារម្ភ ប្លាស្ទិកប្រមាណ៩ភាគរយប៉ុណ្ណោះ ត្រូវបានគេយកទៅកែច្នៃឡើងវិញ​។ កាកសំណល់ប្លាស្ទិកគ្រប់ទំហំ ត្រូវបានរកឃើញនៅបាតមហាសមុទ្រ និងកន្លែងធម្មជាតិជាច្រើនទៀត ខណៈដែលមីក្រូប្លាស្ទិកត្រូវបានរកឃើញនៅក្នុងឈាម ទឹកដោះម្តាយជាដើម៕

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com