ជាតិ
ឥណ្ឌា នឹងបង្កើនការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា លើផ្នែកបច្ចេកទេស បដិសណ្ឋារកិច្ច និងអាហារ
24, Sep 2023 , 8:30 am        
រូបភាព
លោក ហេង សួរ រដ្ឋមន្ត្រីការងារ ជូនវត្ថុអនុស្សាវរីយ៍ ដល់លោកស្រី ទេវ្យានី ឧត្តម ខូប្រាគតិ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជារូបភាពពី៖ ក្រសួងការងារ
លោក ហេង សួរ រដ្ឋមន្ត្រីការងារ ជូនវត្ថុអនុស្សាវរីយ៍ ដល់លោកស្រី ទេវ្យានី ឧត្តម ខូប្រាគតិ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជារូបភាពពី៖ ក្រសួងការងារ
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖  ឥណ្ឌា សម្រេចបង្កើនកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមទាំងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដល់ពលរដ្ឋកម្ពុជា​ ដើម្បីបង្កើនកម្លាំងពលកម្មជំនាញ នៅក្នុងវិស័យទេសចរណ៍។ ការសម្រេចបែបនេះ ត្រូវបានប្រកាសឡើងក្នុងជំនួបការងាររវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោកស្រី ទេវ្យានី ឧត្តម ខូប្រាគតិ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា​ នាថ្ងៃទី២២កញ្ញា។

 
បច្ចុប្បន្ន​ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា កំពុងដើរតួនាទីសំខាន់ក្នុងការជ្រោងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការអនុវត្តចក្ខុវិស័យកម្មវិធីជាតិ លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិត១ដល់យុវជនមកពីគ្រួសារក្រ១ ក្រ២(គ្រួសារដែលអាជ្ញាធរចេញបណ្ណក្រីក្រ)និងគ្រួសារងាយរងហានិភ័យតាមកម្មវិធីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។ នេះជាការលើកឡើងរបស់លោក ហេង សួរ ដែលទទួលបានគាំទ្រ ពីលោកស្រី ទេវ្យានី ឧត្តម ខូប្រាគតិ ដើម្បីជួយពង្រឹងសមត្ថភាពដល់ពលរដ្ឋកម្ពុជា លើវិស័យបច្ចេកទេសឱ្យកាន់តែប្រសើរបន្ថែម។ 
 
លើសពីនេះ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានឯកភាពជាមួយលោក ហេង សួរ ក្នុងការជួយបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច និងម្ហូបអាហារ តាមតម្រូវការរបស់ភ្ញៀវទេសចរឥណ្ឌា ផងដែរ។ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច និងម្ហូបអាហារនេះ គឺជាគន្លឹះមិនអាចខ្វះបាន ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌា ខណៈអាហារដ្ឋាននៅកម្ពុជាមានតិចតួចនៅឡើយ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ។
 
ក្រសួងបានបញ្ជាក់ថា៖ « ការគាំទ្ររបស់ឥណ្ឌានេះ គឺដើម្បីអាចឱ្យពលរដ្ឋកម្ពុជាមានជំនាញដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរ ពីប្រទេសឥណ្ឌាមកកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ដែលលើសពីទំនាក់ទំនងវប្បធម៌ និងសាសនារវាងប្រទេសទាំងពីរ»។
 
ការបញ្ជាក់ពីការឯកភាពលើកិច្ចសហប្រតិបត្តិការរបស់ឥណ្ឌាជាមួយកម្ពុជានេះ  គឺបានធ្វើឡើងស្របពេលដែលប្រទេសទាំងពីរ នឹងមានការហោះហើរត្រង់ជាលើកដំបូង​ នាពេលឆាប់ៗនេះ។
 
យោងតាមសេចក្តីប្រកាសព័ត៌មាន​របស់​​ក្រសួង​ទេសចរណ៍ កាលពីថ្ងៃទី២២កញ្ញា ​ កម្ពុជា-ឥណ្ឌា ​បានផ្លាស់ប្តូរ​យោបល់គ្នា​ក្នុងការជំរុញ​វិនិយោគ របស់​ឥណ្ឌា​លើឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា។  ជាពិសេស​ការផ្តួចផ្តើម​គំនិត​ឱ្យបង្កើត​កញ្ចប់ទេសចរណ៍​បែបជំនឿ និងសាសនា, ការឯកភាពគ្នា​ក្នុងការជំរុញ​ឱ្យ​មានជើងហោះហើរត្រង់​រវាងទីក្រុង​ភ្នំពេញ និងទីក្រុង​ញូដែល តាមរយៈ​ក្រុមហ៊ុន Cambodia Angkor Air ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​រវាងប្រទេស​ទាំងពីរឱ្យកាន់តែ​ច្រើន។
 
ឆ្នាំ២០២៣នេះ ជាខួបលើក​ទី៧១ នៃការបង្កើត​ទំនាក់ទំនងការទូត រវាង​កម្ពុជា និងឥណ្ឌា ហើយថ្នាក់នាំ​ទាំង២​បានប្ដេជ្ញា​ចិត្តរួមគ្នា​ក្នុងការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​បន្ថែមទៀត តាមរយៈការលើកកម្ពស់​ទំនាក់ទំនង សង្គម-វប្បធម៌-សេដ្ឋកិច្ច ទំនាក់ទំនងរវាង​ប្រជាជន និងប្រជាជន៕

Tag:
 (ជាតិ
  ទេសចរណ៍)៖
© រក្សាសិទ្ធិដោយ thmeythmey.com